មហាធៀ ​ប្រាប់​ទៅ​ហ្វីលីពីន៖ ប្រយ័ត្ន​ឲ្យ​មែនទែន​ជាមួយ​កម្ចី​របស់​ចិន

  • 2019-03-11 08:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី បាន​ព្រមាន​ចំពោះ​ប្រទេស​ហ្វីលីពីន ពី​បញ្ហា​កម្ចី​រដ្ឋាភិបាល​ចិន ដោយ​លោក​លើក​ឡើង​ពី​គម្រោង​ហេដ្ឋារចនាសម្ពន្ធ​ដែល​មិន​ស្មើ​ភាព​ដែល​ម៉ាឡេស៊ី ធ្លាប់​មាន​បទ​ពិសោធ​កន្លង​មក​។

ថ្លែង​ក្នុង​កិច្ច​សម្ភាស​មួយ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ក្រុង​ម៉ានីល ​កាលពី​ពេល​ថ្មីៗ​នេះ លោក មហាធៀ បាន​ផ្ដល់​ដំបូន្មាន​ឲ្យ​ហ្វីលីពីន មិន​ត្រូវ​ដើរ​តាម​គន្លង​របស់​ប្រទេស​មួយ​ចំនួន​ដែល​ដើរ​ខុស តាម​រយៈ​​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ពី​ចិន ដែល​បង្កើត​ជា​​បំណុល​ដែល​ប្រទេស​ទាំងនោះ​មិន​អាច​មាន​លទ្ធភាព​សង​។

លោក មហាធៀ ប្រាប់​ដូច្នេះ​ថា៖ «បើ​អ្នក​ខ្ចី​​ច្រើន​ពី​ចិន ហើយ​អ្នក​មិន​មាន​លទ្ធភាពសង​ទេ​នោះ អ្នក​ដឹង​ទេ​បើ​អ្នក​ជា​អ្នក​ខ្ចី អ្នក​នឹង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ម្ចាស់​បំណុល។ ដូច្នេះ​ពួកយើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​ពី​បញ្ហា​នេះ​»។

ជា​ការ​ឆ្លើយ​តប នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩​នេះ អ្នកនាំពាក្យ Salvador Panelo របស់​លោក​ប្រធានាធិបតី Rodrigo Duterte បាន​ថ្លែង​ថា ហ្វីលីពីន​នឹង​យក​ដំបូន្មាន​របស់​លោក មហាធៀ មក​ពិចារណា ហើយ​នឹង​ធ្វើការ​វាយ​តម្លៃ​ទៅ​លើ​គ្រប់​កម្ចី​ទាំង​អស់​​ពី​ចិន។

សូម​ជម្រាប​ថា ម៉ាឡេស៊ី បាន​លុបចោល​គម្រោង​ ៣​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ជាមួយ​ចិន ដើម្បី​តភ្ជាប់​បណ្ដាញ​បញ្ជូន​ប្រេង និង​ឧស្ម័ន ​ក្រោយ​ពី​លោក មហាធៀ ឡើង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨​៕

អត្ថបទទាក់ទង ម៉ាឡេស៊ី លុបចោល​គម្រោង​តម្លៃ​ជិត​៣​ពាន់​លាន​ដុល្លារ​ ដែល​ខ្លួន​បាន​ចុះ​ជាមួយ​ចិន

ប្រភព៖ rappler ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;