វៀតណាម​មិន​ឲ្យ​យន្តហោះ ​737 Max ១០០​គ្រឿង​ដែល​ទិញ​ពី​អាមេរិក​ ហោះហើរ​ទេ​

  • 2019-03-12 06:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល វៀតណាម បាន​ប្រកាស​ថា ខ្លួន​នឹង​មិន​ចេញ​អាជ្ញាបណ្ណ​ឲ្យ​ប្រើប្រាស់​យន្តហោះ Boeing 737 Max បាន​ឡើយ បន្ទាប់ពី​ហេតុការណ៍​សោកនាដកម្ម​កាលពី​ថ្មីៗ​នេះ កើត​ឡើង​ចំពោះ​យន្តហោះ 737 Max នៅ​ប្រទេស​អេត្យូពី​។

កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ លោក Dinh Viet Thang ប្រធាន​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម​ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​មិន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ណាមួយ​នៅ​វៀតណាម ដែល​ប្រើប្រាស់​យន្តហោះ​ 737 Max នោះ​ទេ។

តាមសេចក្ដី​រាយការណ៍​ ក្រុ​មហ៊ុន​អាកាសចរណ៍​មួយចំនួន នៅ​ប្រទេសអាស៊ានបានសម្រេចចិត្ត​ផ្អាកហោះហើរយន្តហោះ 737 Max ដោយក្នុងនោះ មានអាកាសចរណ៍នៅ​ប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ី។

កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ ក្រុមហ៊ុន​អាកាសចរណ៍​ VietJet របស់​វៀតណាម បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​​ ដែល​មាន​ទឹកប្រាក់​រាប់សិប​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​យន្តហោះ 737 Max នេះ​​ចំនួន ១០០​គ្រឿង​ពី​ក្រុមហ៊ុន​អាមេរិក​ Boeing ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន នៅ​ក្រុង​ហាណូយ​។

លោក Dinh Viet Thang បាន​ឲ្យដឹង​ថា អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម​ បាន​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ ដើម្បី​ពិភាក្សា​លើ​បញ្ហា​ខាងលើ និង​បាន​សម្រេច​ចិត្ត​ថា នឹង​មិន​ចេញ​អាជ្ញាបណ្ណ​ឲ្យ​ប្រើប្រាស់​យន្តហោះ 737 Max គ្រប់​ម៉ូដែល​ទេ ដរាបណា​គេ​​រក​ឃើញ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ជើង​ហោះហើរ ET302 របស់​អាកាសចរណ៍​អេត្យូពី ធ្លាក់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩​។

បច្ចុប្បន្ន យន្តហោះ ១៨០​គ្រឿង ត្រូវ​បាន​ចុះបញ្ជី​នៅ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម ក្នុង​នោះ ភាគច្រើន​ជា​ប្រភេទ Airbus A350-900, A320, A312 និង Boeing 787-9 ព្រមទាំង Boeing 747 ដែល​ដាក់​ឲ្យ​ដំណើរការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​នៅ​វៀតណាម​៕

អត្ថបទទាក់ទង


ប្រភព៖ Vietnam News ប្រែ​សម្រួល៖ លាភ.