ផ្លូវជាតិ​លេខ៥ ពី​បាត់ដំបង-សិរីសោភ័ណ ដែលត្រូវ​ពង្រីក​ដល់ ៤គន្លង សម្រេច​បាន ៥២%​ហើយ

  • 2019-03-12 06:36:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់​​នៅថ្ងៃ១២ ខែមីនា ឆ្នាំ​២០១៩​នេះ​ថា គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់ផ្លូវ​ជាតិលេខ៥ ពី បាត់ដំបង-សិរីសោភ័ណ សម្រេច​បាន ៥២%ហើយ គិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០១៩។

សូម​ជម្រាប​ថា កំណាត់​ផ្លូវ​ជាតិ​លេខ៥​នេះ មាន​ប្រវែង​សរុប​ជិត ៨៥​គីឡូម៉ែត្រ គិតចាប់​ពី​គីឡូម៉ែត្រ​លេខ ២៨២+០០០ ទៅ​គីឡូម៉ែត្រ​លេខ ៣៦៧+៨០៤ ជា​ប្រភេទ​ផ្លូវ​ចាក់​បេតុង​កៅស៊ូ (AC)។

ផ្លូវនេះ មាន​កម្រាស់ ១៥ ​ស.ម ដែល​មាន​ទទឹង​ ២៣​ ម និង​មាន ៤​គន្លង ខណ្ឌ​ដោយ​សួន​ទ្រូង​ផ្លូវ​ទទឹង​ ៣ ម សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍។ គម្រោង​សាងសង់​នេះ​ប្រើ​រយៈ​ពេល ៣៦​ខែ ដោយ​ចាប់ផ្ដើម​សាងសង់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​គ្រោង​បញ្ចប់​នៅ​ខែ​មីនា ឆ្នាំ​២០២០ គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​សរុប​១៩៩៨៨ លាន​យេន​ជប៉ុន ស្មើ​នឹង ១៨៥ លាន​ដុល្លារ​អាមេរិក។

ការ​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ៥​នេះ ធ្វើឡើង​ក្រោម​គម្រោង​ឥណទាន​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន សាងសង់​ដោយ​ក្រុមហ៊ុន Tekken Taiyu Joint Venture និង​ក្រុមហ៊ុន Daiho Asanuma Joint Venture និង​ត្រូវ​បាន​ត្រួត​ពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន Katahira & Engineers International៕

រូបថត៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;