សម្តេច ហ៊ុន សែន ប្រាប់​​ប្រតិភូ​វិនិយោគ​​ជប៉ុន​ អំពី​ការ​ចាប់ផ្តើម​អនុវត្ត​អភិក្រមទី៥ «វះកាត់»

  • 2019-03-12 08:09:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់ថា សម្តេច​បាន​ចាប់​អនុ​វត្ត​អភិក្រម​ទី៥ គឺ​ការ​វះកាត់ ដែល​កំពុង​ផ្តល់​ផល​ប្រយោជន៍​ដល់​អ្នក​វិនិយោគ និង​ពាណិជ្ជករ ក្នុងការ​កាត់​បន្ថយ​នូវការ​ចំណាយ​ដែលរួមមាន​ទាំងចំណាយ​លើតុ និង​ចំណាយ​ក្រោមតុ​ជាដើម។ សម្តេច​ថ្លែង​ដូច្នេះ​ទៅកាន់​លោក Norio Yamaguchi អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ផ្លាស់ប្តូរ​មិត្តភាព​អន្តរជាតិ​ជប៉ុន នាព្រឹកថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩។

ចំពោះ​អភិក្រម​ទី៥​នេះ ត្រូវបាន​សម្តេច​ពន្យល់​ថា គឺកុំឱ្យ​មន្រ្តី​អាក្រក់​ទាំងនោះ​នៅជាមួយ ដោយ​បន្ត​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​តទៅ​ទៀត។ ប្រទេស​កម្ពុជា គឺ​មិនត្រូវ​បំពាន​ដោយ​មន្រ្តី​រដ្ឋាភិបាល​ពុករលួយ ដែល​បំពាន​ល្មើសច្បាប់​នោះទេ។

សម្តេច ហ៊ុន សែន បាន​បន្ត​ថា រាជរដ្ឋាភិបាល​បាន​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច រួមមាន​ដូចជា៖

១. ការ​បញ្ចុះ​តម្លៃ​អគ្គិសនី

២. ការដក​តួនាទី​កាំកុងត្រូ​ល​ចេញពី​ច្រកព្រំដែន

និង​៣.ការ​រំលាយ​ចោល​អង្គភាព​កាំសាប ដែលមាន​អាយុកាល​៤០ឆ្នាំមក​ហើយ។

សម្តេច​តេជោ ក៏​កំពុង​ពិនិត្យ​ទៅលើ​បញ្ហា​ស្កែន​ទំនិញ (SCAN) ព្រោះ​ថា​បាន​ស៊ីពេល​វេលា​យូរ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ពេល​វេលា នៃការ​នាំ​ទំនិញ​ចេញចូល។ សម្តេច​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​រួចហើយ ចំពោះ​ទំនិញ​ចូល​កម្ពុជា គឺ​មិន​ចាំបាច់​ត្រូវ​ឱ្យ​ស្កែន​ទេ ហើយ​ចំពោះ​ទំនិញ​ដែល​ចេញ​ទៅ​ក្រៅ​ប្រទេស គឺ​ស្កែន​ទៅលើ​តែ​ប្រទេស​ណា ដែល​តម្រូវ​ឱ្យ​ស្កែន បើមិន​តម្រូវការ​ទេ គឺ​មិន​ចាំបាច់​ឡើយ ព្រោះវា​បង្ក​ឱ្យ​មាន​ការ​លំបាក​យឺតយ៉ាវ និង​ខាតបង់​ពេលវេលា​លុយកាក់​របស់​ក្រុមហ៊ុន។

ចំពោះ​ស្ថានភាព EBA គឺ​សម្តេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​ភាគី​ជប៉ុន​ថា ទោះបី​កម្ពុជា​មាន ឬ​គ្មាន EBA គឺ​កម្ពុជា​ត្រូវតែ​ខិតខំ​ពង្រឹង​សេដ្ឋកិច្ច តាមរយៈ​បន្ត​បើកទីផ្សារ​ នៅក្រៅ​ប្រទេស ឱ្យកាន់​តែ​ច្រើន។ «ទោះបីយើង​នៅ​មាន EBA ពេលនេះ តែពេល​ក្រោយ​ក៏គង់តែ​នឹងបាត់ទៅ​វិញដែរ ដូច្នេះ​កម្ពុជា​ត្រូវតែ​ចេះ​រស់ដោយ​ដង្ហើម​ខ្លួនឯង​ ឱ្យ​ខាន​តែបាន»។

លោក Mario និង​គណៈ​ប្រតិភូ​ទាំងមូល បាន​ថ្លែង​អំណរគុណ និង​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និង​ស្នើសុំ​ឱ្យ​សម្ដេច​តេជោ មេត្តា​ជម្រាបជូន​អ្នក​វិនិយោគ​ទាំងអស់​នៅថ្ងៃទី២៩ ខែ​មីនា ឆ្នាំ​២០១៩ ខាងមុខ​នេះ នៅក្នុង​វេទិកា​សាធារណៈ​រាជរដ្ឋាភិបាល និង​ឯកជន។

លោក​ក៏​បាន​គោរព​សុំឲ្យ​សម្តេច​តេជោ ជម្រាប​ជូន​ដល់​ប្រតិភូ​វិនិយោគិន​ជប៉ុន នៅ​ពេល​ដែល សម្តេច​តេជោ អញ្ជើញ​ទៅ​ប្រទេស​ជប៉ុន នៅខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខ​នេះ ដើម្បី​អញ្ជើញ​ចូលរួម​វេទិកា​ធុរកិច្ច​នៅទីនោះ ដើម្បី​ឲ្យ​ពួកគេ​បាន​យល់​ពីអ្វី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ធ្វើ ក្នុងការ​លើក​ទឹកចិត្ត​ដល់​វិនិយោគិន​ជប៉ុន មកវិ​និយោគ​នៅ​កម្ពុជា៕

អត្ថបទ និង​រូបថត៖ ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;