ស្ងាត់ៗ​យូរ​ហើយ! រ៉ូណាន់ ចេញ​មក​អះអាង​ពី​ភាពយន្ត​ថ្មី ដែល​ជិត​ចេញ​បញ្ចាំង

  • 2019-03-12 08:29:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ងាត់​​បាត់​មុខ​យូរ​អស់​មួយ​រយៈ​មក ទើប​ដឹង លោក ចាន់ណា រ៉ូណាន បាន​សម្ងំ​ផលិត​រឿង​ថ្មី​ឱ្យ​ផលិតកម្ម​អិលឌីគឺ​រឿង «ឯណា​ខ្មោច?»ត្រៀម​នឹង​ចាក់​បញ្ចាំង​ឆាប់​ៗ​នេះ។

ជាមួយ​ការ​ផ្ទុះ​ព័ត៌មាន​រឿង​ថ្មី​របស់​លោក​ត្រៀម​នឹង​ចេញ​បញ្ចាំង​នោះ ទន្ទឹម​នឹង​អ្នក​ធ្លាប់​គាំទ្រ​ស្នាដៃ​ផលិតករ​វ័យ​ក្មេង​រូប​នេះ បាន និង​កំពុង​ងឿង​ឆ្ងល់​ចំពោះ​ភាព​ស្ងប់ស្ងាត់​របស់​លោក អស់​រយៈ​កាល​ប្រមាណ​១​ឆ្នាំ​មក​ហើយ។ បែប​នេះ​ក្ដី លោក​ថា ពេល​នេះ លោក​វិល​មក​វិញ​ហើយ ជាមួយនឹង​រឿង រឿង «ឯណាខ្មោច?»។

ស្នាដៃ​ថ្មី​នោះ ត្រូវ​បាន​ផលិតករ និង​សិល្បករ​​រំពឹង​ខ្ពស់​ថា នឹង​ស្រូប​បាន​អ្នក​ចូល​ទស្សនា ច្រើន​កុះករ​នៅ​ពេល​ខាង​មុខ ព្រោះ​តែ​ភាពយន្ត​នេះ​ស្ថិត​នៅ ក្រោម​ការ​សម្រិតសម្រាំង​យ៉ាង​ពិសេស ពី​ផលិតករ​លោក ចាន់ណា រ៉ូណាន ដែល​ធ្លាប់​ធ្វើ​ឲ្យ​ផ្ទុះ​កក្រើក វិស័យ​ភាពយន្ត​លើ​រឿង​ជា​ច្រើន​ដូច​ជា​រឿង "កំណត់ហេតុនាងនាថ" និង​រឿង "សសរ​កន្លោង" ជាដើម ។

រឿង​នេះ​មាន​ចូល​រួម​សម្តែង​ដោយ​តារា ប្រុស​ស្រី​ល្បី​ឈ្មោះ​ជា​ច្រើន​មាន ដូច​ជា លោក ទ្រី តារាវុធ កញ្ញា សួង ស៊ីធឿន លោក ភី ម៉ៃ កញ្ញា យេយេ លោក សាតាន់ លោក ដូ រីកូ ជាដើម ។ រ៉ូណាន បាន​បញ្ជាក់​សាច់​រឿង​ថា ភាពយន្ត​នេះ​និយាយអំពីក្រុម និស្សិត​មួយ​ក្រុម ត្រូវ​មក​ចុះ​កម្ម​សិក្សា នៅ​មន្ទី​ពេទ្យ​បង្អែក ដែល​គេ​ល្បី​ថា​មាន​ខ្មោច លង​សាហាវ ចំ​យប់​ដែល​គេ​បញ្ជូន​សព តៃហោង កូន​ស្រី​សេដ្ឋី​ម្នាក់ ស្លាប់​ដោយសារ​ក្រឡាប់​ឡាន​ធ្លាក់​ជ្រោះ​រក្សា​ទុក​ក្នុង​មន្ទីពេទ្យ​នោះ។

នា​យប់​ស្ងាត់​ពួក​គេ​បាន​ជួប​ខ្មោច ដែល​អ្នក​ស្រុក​តែង​និយាយ​ថា ចេញ​មក​លង​បន្លាច​គ្រប់​គ្នា​ៗ ពួក​គេ​ព្យាយាម​រត់​គេច​ខ្មោច ទាំង​អស់​លង តែ​បែរ​ជា​ជួប​ខ្មោច​កូន​ស្រី​លោក​សេដ្ឋី បង្ហាញ​ខ្លួន ។ លោក បាន​បញ្ជាក់​ថា ខ្សែ​ភាពយន្ត​នេះ​ពោរពេញ​ដោយ​ឈុត​ឆាក​បន្លាច និង​កំប្លែង​សើច​ចុក​ពោះ ដែល​វា គឺ​ជា​វណ្ណកម្ម​ថ្មី​តម្រូវ​ចិត្ត អ្នក​គាំទ្រ​ស្នាដៃ​លោក​កន្លង​មក។

តាម​ការ​បញ្ជាក់​របស់ រ៉ូណាន ភាពយន្ត​នេះ​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៩​ខាង​មុខ​នេះ នៅ​គ្រប់​រោង​ភាពយន្ត​នៅ​រាជធានី៕

ប្រភព៖ Sabay News អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;