សម្តេច ហ៊ុន សែន ប្រកាស​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ៤៨ ទៅ​ជាផ្លូវ​ហាយវេ

  • 2019-03-13 01:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​នាព្រឹកថ្ងៃទី១៣ ខែ​មីនា ឆ្នាំ​២០១៩​នេះថា ​ផ្លូវជាតិ​លេខ៤៨ (​ផ្លូវ​បំបែក​ស្រែអំបិល-ទីរួមខេត្ត​កោះកុង) នឹងត្រូវ​ពង្រីក​ទៅជា​ផ្លូវហាយវេ ដោយ​ប្រើ​ថវិកា​របស់​សាធារណរដ្ឋ​កូរ៉េ។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី​ជាង ១ម៉ឺន​៣ពាន់នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង ស្ថិត​ក្នុង​ភូមិ​នាងកុក ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សូមរំលឹក​ថា សម្តេច​ ហ៊ុន សែន ក៏បាន​ប្រកាស​ពីគម្រោង​ខាងលើ​នេះ​ផងដែរ កាលពី​ក្នុង​អំឡុង​ពិធីបុណ្យ​សមុទ្រ ខែ​ធ្នូ ឆ្នាំ​២០១៨កន្លង​ទៅ​ ដែល​ប្រារព្ធ​ធ្វើឡើង​នៅខេត្ត​កោះកុង។ សម្តេច​លើកឡើង​ថា ​ផ្លូវជាតិលេខ៤៨​នេះ នឹងត្រូវ​ពង្រីក​ទៅជា ៤គន្លង ខណៈ​បច្ចុប្បន្ន​មាន​ទំហំទទឹង​តែ​ ១០ម៉ែត្រ​ប៉ុណ្ណោះ។ រាជរដ្ឋាភិបាល​កំពុងតែ​ដំណើរ​ការ​នីតិ​វិធី​ជ្រើសរើស​ក្រុមហ៊ុន​គូរប្លង់ សម្រាប់​ការ​កសាងផ្លូវ​ដែល​ជា​របៀង​មាត់​សមុទ្រ​សម្រាប់​ការ​តភ្ជាប់​ពី​ប្រទេស​ថៃ ទៅកាន់​ប្រទេស​វៀតណាម​នេះ​ហើយ។

ជាមួយ​គ្នានេះ សម្តេច​ ហ៊ុន សែន ក៏​បាន​បង្ហាញ​មហិច្ឆតា​ក្នុងការ​សាងសង់​ផ្លូវភ្ជាប់​ពី​ខេត្ត​កោះកុង ទៅ​ថ្មដា ខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​ប៉ៃលិន​ផងដែរ ដើម្បី​ជួយ​សម្រួល និង​ចំណេញ​ពេលវេលា ដល់ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ។

​រាជ​រដ្ឋាភិបាល​កម្ពុជា នឹង​ចំណាយ​ថវិកា​ប្រមាណ ៧៥លាន​ដុល្លារ សម្រាប់​លើក​កម្ពស់​ផ្លូវជាតិ​លេខ៤៨ ទៅជា​ប្រភេទ​បេតុង​កៅស៊ូ (AC) ក្នុង​ពេល​ឆាប់ៗ​នេះ។ ក្នុងនោះ​ ៦៧លាន​ដុល្លារ​ជា​កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ និង​៨លាន​ដុល្លារ ជា​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ ក្រសួង​សាធារណការ ឱ្យដឹងថា គោល​បំណងនៃ​ការ​លើក​កម្ពស់​គុណភាព​ផ្លូវនេះ​ គឺ​ដើម្បី​រក្សា​បាន​ភាព​យូរ​អង្វែង អាច​ទ្រ​ទម្ងន់​បាន​ប្រសើរ​ជាងមុន និង​ចូលរួម​ចំណែក​ក្នុងការ​សម្រួល​ដល់ការ​ធ្វើ ដំណើរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការ​ដឹក​ជញ្ជូន​ ឱ្យ​កាន់តែ​ប្រសើរ​មួយ​កម្រិត​ទៀត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;