នគរបាល​កម្ពុជា​ ដាក់​ផែនការ​ការពារ​សុវត្ថិភាព​ប្រធានាធិបតី​កូរ៉េខាងត្បូង

  • 2019-03-13 03:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩​នេះ នៅ​នាយកដ្ឋាន​អង្គរក្ស លោក​នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស បាន​ដឹកនាំ​កិច្ចប្រជុំ​ផែនការ​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់​ធ្នាប់ ជូន​គណៈ​ប្រតិភូ​ជាន់ខ្ពស់​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយលោក មូន ចេអ៊ីន ប្រធានាធិបតី នៃ​សាធារណរដ្ឋកូរ៉េ និង​លោកស្រី​។ នេះ​បើ​យោងតាម​ការ​ចុះផ្សាយ​របស់​វេបសាយ​អគ្គស្នងការដ្ឋាននគរបាលជាតិ។

លោក​នាយ​ឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស ក្នុងនាម លោក​នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរ​បាល​ជាតិ បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ណែនាំ​ឲ្យ​កង​កម្លាំង​ទាំងអស់ យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ក្នុង​ការ​ការ​ពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់​ធ្នាប់ ជូន​លោក មូន ចេអ៊ីន និង​លោកស្រី​ ព្រមទាំង​ប្រតិភូ​អមដំណើរ​ផងដែរ​។

លោក​អគ្គស្នងការ​រង​នគរបាល​ជាតិ ក៏​បាន​ដាស់តឿន​ ក្នុង​ការ​សម្រួល​ចរាចរណ៍​តាម​ដងផ្លូវ​ដែល​ប្រតិភូ​ឆ្លងកាត់, យកចិត្ត​ទុកដាក់​គ្រប់គ្រង​កាមេរ៉ា​ដ្រូន, យក​ចិត្ត​ទុក​ដាក់​ខ្ពស់​តាម​គោលដៅ​សំខាន់ៗ និង​តាម​ចំណុច​ខ្ពស់, ដាក់​ពង្រាយ​កម្លាំង​អន្តរាគមន៍​ទាំងអស់​នៅ​ទីតាំង​ជាក់ស្តែង ដើម្បី​ងាយស្រួល​ឆ្លើយតប​ទាន់​សភាពការណ៍​ដែល​កើតឡើង​ភ្លាម និង​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​។

លោក​នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​ជំរុញ​ដល់​កម្លាំង​ទទួល​ផែន​ទាំងអស់ ត្រូវ​បែងចែក​ការ​ទទួល​ខុស​​ត្រូវ​ឲ្យ​បាន​ច្បាស់លាស់ ជា​ពិសេស​ប្រមូល​ផ្តុំ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សន្តិសុខ សណ្តាប់​ធ្នាប់ ដើម្បី​ចាត់​វិធាន​ការ​បង្ការ បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​បាន​ទាន់​ពេល​វេលា​។

លោក មូន ចេអ៊ីន និង​លោកស្រី នឹងអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​ ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ២០១៩៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;