ហេតុ​អ្វី​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង មកធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ប្រទេស​២ទៀត​នៅ​អាស៊ាន?

  • 2019-03-13 06:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រ​ធានាធិបតី​កូរ៉េខាងត្បូង លោក ម៉ូន ចេអ៊ីន បាន​នឹង​កំពុង​ធ្វើទស្សនកិច្ច​នៅ​តំបន់​អាស៊ាន ក្នុងនោះ​រួមមាន៖ ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី និង​ចុងក្រោយ​គឺ​កម្ពុជា។ នេះគឺជា​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​ជា​​លើកដំបូង​របស់​លោក នៅក្នុង​ឆ្នាំ​២០១៩​នេះ។

យោងតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Global Times បាន​លើកឡើង​នូវ​ហេតុ​ផល​មួយ​ចំនួន​ដែល​លោក ម៉ូន ចេអ៊ីន ធ្វើទស្សនកិច្ច​នៅ​តំបន់​អាស៊ាន​នាពេល​នេះ។

រូបថត៖ Reuters
ទី១. រដ្ឋបាល​ម៉ូន ចេអ៊ីន កំពុង​ជំរុញ​គោល​នយោបាយ​ដ៏​ធំ២​របស់​លោក គឺ​គោល​នយោបាយឆ្ពោះ​មកទិស​ខាងត្បូង (NSP) ពោល​គឺ​ជាតំបន់​អាស៊ាន​នេះ​តែម្តង និង​គោលនយោបាយ​ឆ្ពោះ​ទៅទិសខាងជើង ដែល​ជាតំបន់​ភាគឦសាន​ប្រទេសចិន និង​ប្រទេស​រុស្ស៊ី។ ក្នុង​នាម​ជាប្រទេស​ដែល​ពឹង​ផ្អែកទៅលើ​ការ​នាំចេញ ប្រទេស​កូរ៉េខាងត្បូង​ចាំបាច់ត្រូវ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ចម្រុះ។

ទី២. ជំនួប​កំពូល ដូណាល់ ត្រាំ-គីម ជុងអ៊ុន ទាំង២លើក សុទ្ធតែ​បាន​ធ្វើឡើង​នៅអាស៊ាន​គឺ​នៅសិង្ហបុរី និង​វៀតណាម ហើយ​មាន​ប្រទេស​អាស៊ាន​មួយ​ចំនួន​ នៅតែរក្សា​ទំនាក់​ទំនង​មិត្តភាព​ជាប្រពៃណី​​ជាមួយ​កូរ៉េខាងជើង។ ក្រុង​សេអ៊ូល ចង់​ទទួលបាន​ការ​គាំទ្រពី​ប្រទេស​សមាជិក​អាស៊ាន ដើម្បី​នាំយក​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ។

ទី៣. កូរ៉េខាងត្បូង ចង់​ប្រជែង​ឥទ្ធិពល​ជាមួយ​ចិន និង​ជប៉ុន ខណៈដែល​ចិន កំពុង​ប្រើយុទ្ធសាស្រ្ត​ គម្រោង​ផ្លូវ១ ខ្សែក្រវាត់​១ ឯជប៉ុន បាន​ព្យាយាម​ពង្រីក​ឥទ្ធិពល​ចូលមក​តំបន់​នេះ តាំងពី​យូរមក​ហើយ។

លោក ម៉ូន ចេអ៊ីន ចាប់ដៃជាមួយស្តេចប្រ៊ុយណេ (រូបថត៖ Yonhap News)

សារព័ត៌មាន​ដដែល​នេះ បន្ថែម​ថា តំបន់​អាស៊ាន គឺជា​តំបន់​យុទ្ធសាស្រ្ត និង​ភូមិសាស្រ្ត​នយោបាយ​ដ៏សំខាន់​សម្រាប់​កូរ៉េខាងត្បូង។ តំបន់​នេះ ជា​មជ្ឈមណ្ឌល​នៃ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ជា​តំបន់​ឆ្លងកាត់។

ទំហំ​ពាណិជ្ជកម្ម​រវាង កូរ៉េខាងត្បូង និង​អាស៊ាន ក្នុង​រយៈពេល ៩ខែ​ដំបូង​នៃឆ្នាំ​២០១៨ មាន​ចំនួន ១២០ពាន់​លាន​ដុល្លារ កើនឡើង​ ៦% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧។ ក្រុង​សេអ៊ូល ចង់​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នេះ ឱ្យបាន​ដល់ ២០០ពាន់លាន​ដុល្លារ នៅ​ត្រឹមឆ្នាំ​២០២០៕

អត្ថបទ​ទាក់ទង

ប្រភព៖ Global Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;