ទូតក្រិច៖ កម្ពុជា-ក្រិច នៅឆ្ងាយ​ពីគ្នាមែន​ពិត តែ​មាន​ចំណុច​រួមគ្នា​ច្រើន

  • 2019-03-13 06:44:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក នីកូឡូស កៃមែនណាគីស ( Nicolaos Kaimenakis) ឯកអគ្គរដ្ឋទូត​ប្រទេសក្រិច​ប្រចាំ​កម្ពុជា បាន​លើកឡើង​ថា ទោះបី​កម្ពុជា និង​ក្រិច មាន​ភូមិសាស្ត្រ​ឆ្ងាយពីគ្នា​ក្តី ប៉ុន្តែ​ចម្ងាយឆ្ងាយ​នៃភូមិសាស្ត្រ​នេះ មិនមែន​ជា​ឧបសគ្គ​នៃ​កិច្ចសហប្រតិបត្តិការ​នោះទេ គឺ​ប្រទេស​ទាំងពីរ​ មាន​ចំណុច​រួមគ្នា​ច្រើន​ដូចជា វប្បធម៌ និង​ប្រពៃណី គឺជា​សមាសភាព​សំខាន់ៗ ដែលជា​មូលដ្ឋាន​សម្រាប់​ជំរុញ និង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ។ លោក​ថ្លែង​ដូច្នេះ ក្នុង​ជំនួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​ព្រឹកថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង។

លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស បានថ្លែង​ប្រាប់​អ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សង្ឃឹម​ថា ដោយផ្អែក​លើ​បទ​ពិសោធន៍ ក៏ដូចជា​ភាពរួមគ្នា​ប្រពៃណី វប្បធម៌ នៃប្រទេស​ទាំងពីរ ឯកអគ្គរដ្ឋទូត​ក្រិច និង​ខិតខំ​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ​ឲ្យកាន់តែ​រីកចម្រើន។

ជាការ​ឆ្លើយតប​ឯកអគ្គរដ្ឋទូត​ក្រិច ក៏​បាន​បញ្ជាក់​ពីការ​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពីកម្លាំងកាយ​ចិត្ត ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​បន្តថា នៅក្នុង​ជំនួប​ពិភាក្សា​នេះ លោក ប្រាក់ សុខុន បាន​ស្នើឡើង​នូវ​ចំណុច​មួយ​ចំនួន​ ជូន​ឯកអគ្គរដ្ឋទូត​ក្រិច​សម្រាប់​ទិសដៅ នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ គឺ៖

ទី១. ស្នើសុំឲ្យ​មានការ​បង្កើត​នូវ​យន្តការ​ពិគ្រោះ​យោបល់​នយោបាយ​រវាង​ក្រសួង​ការបរទេស​ទាំងពីរ

និងទី២. ស្នើ​បង្កើត​កុងស៊ុល​កិត្តិយស​នៅក្នុង​ប្រទេស​ក្រិច ក៏​ដូចជា​នៅ​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច ក៏​ដូចជា​ចំណង​ទាក់ទង​ផ្នែក​វប្បធម៌ ក៏​ដូចជា ប្រជាជន​ និង​ប្រជាជន។

បន្ថែម​ពីនេះ ភាគី​កម្ពុជា ក៏បាន​ស្នើ​ជំរុញ​វិស័យ​ទេសចរណ៍ ដោយហេតុ​ថា ប្រទេសទាំងពីរ​មាន​វប្បធម៌ អរិយធម៌​ធំៗ​ក្នុង​លោក និងជា​គោលដៅ​ទេសចរណ៍​សម្រាប់​ពិភពលោក។ ប៉ុន្តែដោយ​កន្លងមក​នេះ ឃើញថា​មាន​ការ​ផ្លាស់ប្តូរ​ជាពិសេស​ទេសចរណ៍​ក្រិច និង​កម្ពុជា នៅ​តិចតួច​នៅឡើយ។

ឯកអគ្គរដ្ឋទូត​ក្រិច បាន​ឯកភាព​ទាំងស្រុង​នូវការ​បង្កើត​កិច្ចសន្ទនា​នយោបាយ​ថ្នាក់​ក្រសួង​ការបរទេស ដោយ​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ឈានទៅដល់​ការ​រៀបចំ​ការ​ចុះ MOU ដើម្បី​បង្កើត​នូវយន្តការ​នៃ​កិច្ចសន្ទនា​នយោបាយ​រវាង​ក្រសួង​ការបរទេស​ទាំងពីរ។

ពាក់ព័ន្ធ​នឹង​កុងស៊ុល​កិត្តិយស លោក នីកូឡូស កៃមែនណាគីស ក៏បាន​ឯកភាព​ដែរ ដោយសារតែ​វាមាន​សារៈសំខាន់ និងជា​គំនិតមួយ​ដ៏ល្អ។ ហើយ​ដោយហេតុ​ថា មាន​តំណាង​នៅទីនោះ វាជា​ចំណុចមួយ​ដែលអាច​យល់​បញ្ជាក់​បន្ថែម​អំពី​ស្ថានការណ៍ ក៏ដូចជា​វឌ្ឍនភាព​ផ្សេង ដែល​កំពុងតែ​កើតឡើង​នៅក្នុង​ប្រទេស​នីមួយៗ៕

រូបថត៖ ក្រសួងការបរទេស

អត្ថបទ៖ សោភា

អត្ថបទថ្មី
;