ការ​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត សម្រេច​បាន​ ២៥%ហើយ

  • 2019-03-13 07:34:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ទេសចរណ៍ បាន​ឱ្យដឹងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ​២០១៩ថា កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត សម្រេច​ការសាងសង់​បាន ២៥%ហើយ ដោយ​គ្រោងនឹង​បញ្ចប់​នៅ​ដំណាច់​ឆ្នាំ​២០១៩​ខាងមុខនេះ ស្រប​ពេល​ដែល​ខេត្ត​កំពត​ នឹង​ធ្វើជាម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​សមុទ្រ​ជុំទី២។

កាលពីម្សិលមិញ​នេះ លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ប្រធាន​គណៈ​កម្មការជាតិ​គ្រប់គ្រង​គម្រោង និង​ជា​ប្រធាន​គណៈកម្មការ​ជា​តិអភិវឌ្ឍន៍​ទេសចរណ៍ បាន​ដឹកនាំ​ក្រុម​ការងារ និង​មន្ត្រី​រាជការ ចុះ​ត្រួតពិនិត្យ​សកម្មភាព​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​នេះ។

លោក ថោង ខុន បាន​លើកឡើង​ថា កំពង់ផែ​ទេសចរណ៍​នេះ នឹង​ក្លាយជា​ច្រកទ្វារ​អន្តរជាតិ​ផ្លូវសមុទ្រ​ដ៏​សំខាន់​ក្នុងការ​ធានា​រ៉ាប់រង​ និង​សម្រួល​ដល់​ប្រព័ន្ធ​គមនាគមន៍​ជាតិ។

ជាមួយគ្នានេះ លោក​រដ្ឋមន្រ្តី​ក៏បាន​ធ្វើការ​ណែនាំ​ដល់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សា ត្រូវ​ខិតខំ​ពន្លឿន​ដំណើការ​សាងសង់​ដោយ​អនុវត្ត​ទៅតាម​ផែនការ​សកម្មភាព និង​ប្រកបដោយ​គុណភាព​ខ្ពស់។

កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី៨ ខែ​សីហា ឆ្នាំ​២០១៨។ គម្រោង​ដែលមាន​តម្លៃ​ជាង ៩លាន​ដុល្លារ​នេះ​ គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី គឺ​ជា​ផ្នែកមួយ​នៃគម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ សម្រាប់​កំណើន​ប្រកបដោយ​បរិយាប័ន្ន​ក្នុង​មហា​អនុ​តំបន់​មេគង្គ (GMS TIIG No. 3194)។

កំពង់ផែ​នេះ ត្រូវបាន​រំពឹងថា នឹងអាច​ផ្ទុក​អ្នក​ទេសចរ និងអ្នក​ដំណើរ​ប្រមាណ ១លាន​នាក់ ដោយ​មានរចនា​សម្ព័ន្ធ​តាមស្តង់ដារ​អន្តរជាតិ និង​ជា​កំពង់ផែ​សម្រាប់​អ្នក​ដំណើរ (មិនមែន​ជាកំពង់ផែ​ទំនិញ​ឡើយ)។

កំពង់ផែ​ដែល​ស្ថិតក្នុង​ស្រុក​ទឹកឈូ​នេះ នឹង​ក្លាយជា​ច្រកទ្វារ​អន្តរជាតិ​ផ្លូវសមុទ្រ​យ៉ាង​សំខាន់ តភ្ជាប់​​ការដឹក​ជញ្ជូន​ភ្ញៀវទេសចរ ទៅកាន់​បណ្តា​កោះ​នានា​នៅ​ភាគ​ខាងត្បូង និង​តភ្ជាប់​ខេត្ត​កំពត នៃប្រទេស​កម្ពុជា ទៅកាន់​ពិភពលោក។ តាមរយៈ​កំពង់ផែ​នេះ នឹង​ជួយ​ជំរុញ​បន្ថែម​ការអភិវឌ្ឍ​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​នានា​នៅខេត្ត​កំពត រមណីយដ្ឋាន​ភ្នំបូកគោ និងគោលដៅ​ទេសចរណ៍​តំបន់​ឆ្នេរសមុទ្រ​របស់​កម្ពុជា៕

អត្ថបទ និង​រូបថត៖ ក្រសួងទេសចរណ៍


អត្ថបទ៖ សំភី