សម្តេច ស ខេង សង្ឃឹម​ថា ទំនាក់ទំនង​កម្ពុជា-អឺរ៉ុប នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ

  • 2019-03-14 02:31:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​លើកឡើង​ថា បើទោះបី​ជា​នៅក្នុង​រយៈពេលចុង​ក្រោយ​នេះ ទំនាក់ទំនង​កម្ពុជា​និង​អឺរ៉ុប បានជួប​ប្រទះ​នឹង​បញ្ហា​ប្រឈមមួយ​ចំនួន​ក៏ដោយ ប៉ុន្តែ​សម្ដេច​សង្ឃឹ​មថា អ្វីៗ​អាចនឹង​ត្រូវ​ដោះស្រាយ និង​ធ្វើឲ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំងពីរ មានភាព​ល្អ​ប្រសើរ​ឡើង។ សម្តេច​ថ្លែង​ដូច្នេះ ក្នុង​ជំនួប​ជាមួយ​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ដែល​ជិត​ចប់​អាណត្តិ កាលពី​រសៀល​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការ​ក្រសួង​មហាផ្ទៃ។

លោក George Edgar បាន​ថ្លែង​អំណរគុណ​សម្ដេច ស ខេង ដែល​បាន​ជួយ​សម្រួល​ការងារ​របស់លោក​ក្នុង​អាណត្តិ​នាពេលកន្លង​មក ដោយលោក​បាន​លើកឡើង​ថា បើទោះបី​ជាគម្រោង​មួយចំនួន​របស់​សហភាពអឺរ៉ុប​ត្រូវបាន​ផ្អាក ប៉ុន្តែ​លោក​ក៏រីករាយ​ក្នុងការ​ដែល​សហភាព​អឺរ៉ុប បន្ត​ជួយ​គាំទ្រ​ដល់​កំណែ​ទម្រង់​វិមជ្ឍការ និង​សហវិមជ្ឍការ​កម្ពុជា។

ជាមួយគា្ននេះ លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​សម្ដែង​នូវការ​អបអរ​សាទរ​នូវ​លទ្ធផល​ដ៏ល្អ​ប្រសើរ​ និងការ​ដាក់ចេញ​នូវ​វិធានការ​រៀបចំ​វេទិកា​អង្គការ​សង្គម​ស៊ីវិល ជាមួយ​នឹង​រដ្ឋាភិបាល​នាពេលកន្លង​មក ដែល​ធ្វើឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល កាន់តែ​មាន​ការយល់គ្នា​កាន់​តែ​ច្រើន លើ​ការងារ​របស់ខ្លួន។

ជាការឆ្លើយតប​សម្ដេច​ ស ខេង ក៏បាន​អរគុណ​ចំពោះ​ការជួយ​របស់​សហភាព​អឺរ៉ុប មកលើ​កំណែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ​នៅ​កម្ពុជា ហើយ​សម្ដេច​ក៏សង្ឃឹម​ថា សហភាពអឺរ៉ុប នឹងនៅតែ​បន្តជួយ​ដល់​កិច្ចការងារ​នេះ​ជា​បន្តទៀត ជាពិសេស​នៅក្នុង​ដំណាក់កាល​ដែល​កម្ពុជា​ចាប់ផ្ដើម​ធ្វើការ​ផ្ទេរ​មុខងារ និង​វិស័យ​សំខាន់​ៗ​មួយចំនួន ទៅដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

សម្តេច​ក៏បាន​ឯកភាព​ចំពោះ​ការ​វាយតម្លៃ​របស់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ពាក់ព័ន្ធ​ទៅនឹង​ការរៀបចំ​វេទិកា​អង្គការ​សង្គម​ស៊ីវិល​ជាមួយ​រដ្ឋាភិបាល កន្លងមក​នេះ ទាំង​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស ដែលបាន​ធ្វើឡើង​ជាមួយ​អង្គការ​សង្គមស៊ីវិល គឺពិតជា​បានរួមចំណែក​ធ្វើឲ្យ​អង្គការ​សង្គម​ស៊ីវិល ជាមួយនឹង​រដ្ឋាភិបាល កាន់តែ​ស្វែងយល់​គ្នា​កាន់តែ​ជ្រៅជ្រះ​ជាងមុន​ និងការជជែកពិភាក្សា​គ្នា​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព៕

រូបថត៖ ហ្វេសប៊ុកសម្តេច ស ខេង

អត្ថបទ៖ សោភា

អត្ថបទថ្មី
;