វៀតណាម កាត់​បន្ថយ​ចំនួន ស្រុក-ខណ្ឌ ឃុំ-សង្កាត់​

  • 2019-03-14 03:32:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វៀតណាម បាន​ឯកភាព​លើ​សេចក្ដី​សម្រេច​មួយ កាល​​ពី​ថ្ងៃ​ពុធ ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ ដើម្បី​បង្កើត​មូលដ្ឋាន​ច្បាប់ សម្រាប់​កាត់​បន្ថយ​អង្គភាព​រដ្ឋបាល​កម្រិត​ស្រុក-ខណ្ឌ ឃុំ-សង្កាត់​។

គណៈកម្មាធិការ​កណ្ដាល​ទី​១២ នៃ​គណៈបក្ស​កុម្មុយនិស្ត វៀតណាម បាន​ចេញ​សេចក្ដី​សម្រេច​លេខ 18-NQ/TW ចុះ​ថ្ងៃ​ទី​២៥តុលា ឆ្នាំ​២០១៧ ព្រមទាំង​​ការិយាល័យ​នយោបាយ បាន​ចេញ​សេចក្ដី​សម្រេច​លេខ 37-NQ/TW ចុះ​ថ្ងៃ​ទី​២៤ ធ្នូ ឆ្នាំ​២០១៨ ហើយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វៀតណាម បាន​យល់ស្រប​លើ​សេចក្ដី​សម្រេច​មួយ ដើម្បី​រៀបចំ​ឡើង​វិញ​នូវ​អង្គភាព​រដ្ឋបាល​កម្រិត​ស្រុក-ខណ្ឌ ឃុំ-សង្កាត់ សម្រាប់​ឆ្នាំ​២០១៩-២០២១ ដើម្បី​កាត់បន្ថយ​ចំនួន​អង្គភាព​រដ្ឋបាល​កម្រិត​ស្រុក-ខណ្ឌ ឃុំ-សង្កាត់​។​

សេចក្ដី​សម្រេច​របស់ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វៀតណាម​ មាន​ ៣​ជំពូក ១៨​មាត្រា ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​រៀបចំ​ឡើង​វិញ​នូវ​គោល​ការណ៍ រចនាសម្ព័ន្ធ និង​ចំនួន​មន្ត្រី​។

អនុប្រធាន​រដ្ឋសភា​វៀតណាម លោក Uong Chu Luu បញ្ជាក់​ថា ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ដែល​មិន​អាច​ឆ្លើយតប​នឹង​លក្ខណៈ​វិនិច្ឆ័យ​ដែល​ត្រូវបាន​សម្រេច​ នឹង​ត្រូវ​រៀបចំ​ឡើង​វិញ ក្នុង​ឆ្នាំ​២០១៩​។ ចំណែក​នៅ​សេសសល់ នឹង​រៀប​ចំ​នៅ ២​ឆ្នាំ​បន្ទាប់។

យោង​តាម​ក្រសួង​កិច្ចការ​ផ្ទៃ​ក្នុង​វៀតណាម ​ការ​រៀបចំឡើងវិញ​អង្គភាព​រដ្ឋបាល អំឡុង​កំណែ​ទម្រង់​សេដ្ឋកិច្ចនេះ នឹង​បង្ក​ផល​វិជ្ជមាន​ ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ការ​វិនិយោគ​ហេដ្ឋារចនាសម្ពន្ធ​ក្នុង​ស្រុក និង​ធ្វើឲ្យ​សេវា​សាធារណៈ​កាន់តែ​ខិត​ជិត​ប្រជាជន​របស់​ខ្លួន​៕

ប្រភព៖ Vietnamnet ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;