សម្ដេច ហ៊ុន សែន ណែនាំ​ក្រសួង​កសិកម្ម និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ៩​ចំណុច​

  • 2019-03-14 04:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ឲ្យ​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រម​ទាំង​ក្រសួង-ស្ថាប័ន​ញក់ព័ន្ធ​ទាំងអស់ ចូលរួម​អនុវត្ត​បន្ត​ទៀត​នូវ​កាតព្វកិច្ច​ជា​មូលដ្ឋាន ដូច​ខាង​ក្រោម៖

១- ត្រូវ​ធ្វើ​ទំនើបកម្ម​កសិកម្ម​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង តាម​រយៈ​ការ​លើក​កម្ពស់ ការ​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា និង​បច្ចេកទេស​កសិកម្ម​ទំនើប ក្នុង​ទិសដៅ​បង្កើន​បរិមាណ គុណភាព និង​អាហារូបត្ថម្ភ ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កសិកម្ម​ថ្មីៗ ជា​លក្ខណៈ ឌីជីថល ពង្រឹង​ការ​គ្រប់គ្រង​ដំណាំ​កសិកម្ម និង​ធាតុ​ចូល​កសិកម្ម ឲ្យ​បាន​ល្អ​ប្រសើរ។

២- ត្រូវ​បន្ត​លើក​កម្ពស់​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម តាម​អភិក្រម​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ក្នុង​ការ​បង្កើត​តំបន់ កសិ-ឧស្សាហកម្ម​កែច្នៃ​សម្រាប់​នាំចេញ ដែល​នឹង​អាច​ជួយ​ដោះស្រាយ បញ្ហា​ទីផ្សារ​កសិករ និង​ការ​បើក​ច្រក​ពង្រីក​យន្តការ​អនុវត្ត «ផលិតកម្ម​កសិកម្ម តាម​កិច្ច​សន្យា » ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត ។ ជាមួយ​គ្នា​នេះ ​ត្រូវ​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ សាងសង់​ផ្សារ​បោះដុំ​កសិផល និង​ផ្សព្វផ្សាយ​ទីផ្សារ កសិផល​ជូន​ដល់​ប្រជាកសិករ​។

៣- ត្រូវ​បន្ត​លើក​កម្ពស់​គុណភាព​ផលិតកម្ម​ដំណាំ ការ​ចិញ្ចឹម សត្វ វារីវប្បកម្ម និង​សុវត្ថិភាព​ផលិតផល​កសិកម្ម​។ ត្រូវ​ប្រើប្រាស់ យន្តការ​ចរចា​ជាមួយ​បណ្តា​ប្រទេស ដែល​ទិញ ផលិតផល​កសិកម្ម​ពី​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។ ត្រូវ​ចូល​រួម​ពង្រឹង​សុវត្ថិភាព​ចំណី-ឤហារ ក្នុង​ទិសដៅ​ធានា និង​លើក​កម្ពស់​សុវត្ថិភាព​ចំពោះ​អ្នក​ប្រើប្រាស់​ឲ្យ​បាន​ល្អ​ប្រសើរ​។

៤- ត្រូវ​បន្ត​បណ្ដុះបណ្ដាល និង​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​ដំណាំ កៅស៊ូ​ដល់​កសិករ​ដាំ​កៅស៊ូ ឲ្យ​បាន​ច្រើន​ថែមទៀត ត្រូវ​បន្ត​ពង្រីក សហគមន៍​កៅស៊ូ​គ្រួសារ ដើម្បី​ទាញ​ផល​ប្រយោជន៍​កសិករ​នៅ​ពេល​លក់​ផលិតផល​កៅស៊ូ​ទាំង​នោះ។ បន្ត​ជំរុញ​ការ​វិនិយោគ​លើ ការកែច្នៃ ផលិតផល​កៅស៊ូ ដើម្បី​បង្កើន​តម្លៃ​បន្ថែម បង្កើត​ការងារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ។

៥- ត្រូវ​បន្ត​ជំរុញ​ការ​ចិញ្ចឹម​សត្វ​របស់​កសិករ​ឲ្យ​ទៅ​ជា​ការ​ចិញ្ចឹម​បែប​ពាណិជ្ជកម្ម ដើម្បី​បង្កើន​ប្រាក់​ចំណូល ​ធ្វើការ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ កែ​លម្អ​ពូជ​សត្វ​ឲ្យ​មាន​ទិន្នផល​ខ្ពស់ គ្រប់គ្រង​ការ​ធ្វើ​ឤជីវកម្ម​សត្វ​រស់ ផលិតផល​សត្វ ចំណ​សត្វ បសុឱសថ ហាម​មិន​ឲ្យ​មាន​ការ​ធ្វើ​ឤជីវកម្ម​ផ្តាច់​មុខ​ដែល​ប៉ះពាល់​ដល់​ថ្លៃ​ទីផ្សារ។ ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​នៅ ទូទាំង​ប្រទេស និង​អនាម័យ​សាច់​។ ជំរុញ​ការ​ផលិត​ចំណី​សត្វ ដោយ​ប្រើប្រាស់​វត្ថុ​ធាតុ​ដើម​ដែល​មាន​ស្រាប់​នៅ​ក្នុង​ស្រុក​ដើម្បី​កាត់បន្ថយ​ការ​នាំចូល​វត្ថុ​ធាតុ​ដើម​ពី​បរទេស​។

៦- ត្រូវ​រួមគ្នា​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ និង​ជល​ផល​តាម គ្រប់​រូបភាព​។ បន្ត​ជំរុញ​ការ​បោះ​បង្គោល​ព្រំដែន​ព្រៃឈើ និង​ព្រៃ​លិច​ទឹក​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ទប់ស្កាត់ ការ​រំលោភ​បំពាន​ដី​ព្រៃ​ឈើ និង​ដី​ព្រៃ​លិច​ទឹក​។ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ធនធាន​ធម្មជាតិ ដឹកនាំ​ដោយ​លោក សៅ សុខា សូម​បន្ត​ពង្រឹង​ការ​គ្រប់គ្រង ធនធាន​ធម្មជាតិ ជាពិសេស​ទប់ស្កាត់ និង​លុប​បំបាត់​ការ​នាំចេញ​ឈើ និង​ផលិតផល កែច្នៃ​ឈើ​គ្រប់​ប្រភេទ ទៅ​ក្រៅ​ប្រទេស តាម​ច្រក​ព្រំដែន និង​ច្រក​របៀង​ដែល​គ្មាន​ការ​អនុញ្ញាត ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព​។

៧- ត្រូវ​បន្ត​ពង្រឹង​សមត្ថភាព​សហគមន៍​នេសាទ​ឲ្យ​បាន​រឹងមាំ គ្មាន​បទល្មើស​ជលផល ទាំង​ទឹកសាប និង​សមុទ្រ។ ជំរុញ​ការ​អភិវឌ្ឍ វារីវប្បកម្ម​គ្រប់​ប្រភេទ រួម​ទាំង​ការ​ចិញ្ចឹម​ត្រី​តាម​ស្រែ ត្រូវ​ធ្វើ​ឲ្យ​កើន យ៉ាង​តិច ២០% ក្នុង​មួយ​ឆ្នាំ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ អភិវឌ្ឍ​វារីវប្បកម្ម ឆ្នាំ​២០១៦-២០៣០។ បន្ត​ពង្រឹង​ការ​គ្រប់គ្រង ការពារ​កន្លែង​អភិរក្ស​ជលផល ព្រៃ​លិចទឹក ព្រៃ​កោងកាង ដែល​ជា ជម្រក​ដ៏​សំខាន់​របស់​មច្ឆជាតិ​។ ត្រូវ​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ និង​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការ​នេសាទ ល្មើស​ច្បាប់​តាម​រយៈ​យន្តការ​ថ្នាក់​ជាតិ និង​អន្តរ​ស្ថាប័ន ស្រប​តាម​នីតិវិធី​ជា​ធរមាន​។

៨- ត្រូវ​បន្ត​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ព្រៃឈើ និង ច្បាប់​ស្តីពី​ជលផល តាម​បរិការណ៍ កែ​ទម្រង់​បច្ចុប្បន្ន ពង្រីក​សហគមន៍ ព្រៃ​ឈើ​តាម​រយៈ​ប្រព័ន្ធ​កសិ-រុក្ខកម្ម និង​ការ​ចិញ្ចឹម​សត្វ។ ជំរុញ​ការ​ដាំដុះ​ព្រៃឈើ​ឡើងវិញ នៅ​លើ​ដី​ព្រៃ​រេចរឹល ដី​ព្រៃ​រង​ការ​ធ្វើ​ឤជីវកម្ម និង​ដី​ទំនេរ របស់​រដ្ឋ ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍ ព្រមទាំង​បង្កើន​ការ​បណ្តុះ​កូនឈើ គ្រប់​ប្រភេទ​នៅ តាម​ស្ថានីយ​សម្រាប់​ចែកចាយ​ជូន​ប្រជាជន​។

៩- ត្រូវ​រួមគ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​ប្រទេស​ជិតខាង និង​បណ្តា​ប្រទេស ដៃគូ​អភិវឌ្ឍ​នានា ទាំង​ក្នុង ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី និង​ថ្នាក់​តំបន់ និង​អនុ​តំបន់ ដើម្បី កៀរគរ​ជំនួយ​ហិរញ្ញវត្ថុ និង​ជំនួយ​បច្ចេកទេស​ថ្មី​ៗ​ទៀត ដើម្បី​ធ្វើ​ទំនើបភាវូបនីយកម្ម កសិកម្ម​កម្ពុជា ឲ្យ​រួមចំណែក​កាន់តែ​ច្រើន​ក្នុង​សេដ្ឋកិច្ច​ជាតិ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;