ឧទ្យាន​ជាតិ​រាម​ ជា​ដី​​ដែល​គ្មាន​ជន​ណាម្នាក់​មាន​សិទ្ធិ​កាន់កាប់​ឡើយ​ ទោះ​មាន​ការ​ទទួល​ស្គាល់ពី​អាជ្ញាធរ

  • 2019-03-14 08:07:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​បញ្ជាក់​ថា ឧទ្យានជាតិ​រាម​ជាដី​សាធារណៈ​របស់​រដ្ឋ គ្មាន​ជនណាម្នាក់​មាន​សិទ្ធិ​រុករាន​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​រដ្ឋ និង​ទិញ​លក់ដី​រដ្ឋ​ឡើយ ទោះបី​ជា​មាន​ការ​បញ្ជាក់​ពី​មេឃុំ ឬ​ចៅហ្វាយស្រុក​ក៏ដោយ។ ការ​បញ្ជាក់​នេះ បន្ទាប់ពី​មាន​ចលនា​នៃការ​កាន់កាប់ ​រុករាន​ ទន្ទ្រាន​ដីរដ្ឋ​ដោយ​ខុសច្បាប់​ពី​សំណាក់​ក្រុមជន​ខិលខូច នៅតែ​បន្ត​កើតមាន ទោះបីជា​អាជ្ញាធរ​គ្រប់ជាន់​ថ្នាក់ខិត​ខំប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​បង្ក្រាប​ក៏ដោយ។

លោក នេត្រ ភក្រ្តា ថ្លែងនាពេលកន្លងមក
ជាក់ស្តែង​កាលពី​រសៀលថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ មន្ត្រី​ឧទ្យានុរក្ស​នៃ​ឧទ្យានជាតិ​ព្រះ​សីហនុ​រាម នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ បាន​ចុះ​ទប់ស្កាត់​ការនាំក្រុម​កម្មករ​ចំនួន ១០​នាក់ ដែល​ដឹកនាំ​ដោយ​ឈ្មោះ ហេង ស៊ីថា ភេទប្រុស រស់នៅភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចូលក្នុង​តំបន់​ហាម​ឃាត់ ស្ថិតនៅ​ចំណុច​តាបិន ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្នុង​តំបន់​អភិរក្ស​នៃ​ឧទ្យាន​ជាតិ​ព្រះ​សីហនុ​រាម បំណង​ដើម្បី​កាប់រាន​ទន្រ្ទាន​ដីព្រៃ​របស់​រដ្ឋ យកធ្វើ​ជា​កម្មសិទ្ធិ។

លោក នេត្រ ភក្ត្រា បន្ត​ថា ក្រុម​ការងារ​បាន​ណែនាំ​អ្នក​ទាំងនោះ ឱ្យ​ចាកចេញ​ពី​តំបន់​ហាមឃាត់ និង​មិន​អនុញ្ញាត​ឱ្យចូល​ក្នុង​តំបន់​ហាមឃាត់​នេះ​ទៀតឡើយ ហើយ​ប្រសិន​បើ​បំពាន​នឹង​បំរាម​នេះ នោះ​មន្ត្រី​មាន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ក្រោយ​ពីការ​អប់រំ​ណែនាំ​មិន​ស្តាប់។

លោក​បន្ត​ថា ក្រោយ​ពីស្តាប់​ការ​អប់រំ​ណែនាំ អ្នក​ដែល​ប៉ុនប៉ង​កាប់ឆ្ការ​រុករាន​កាន់កាប់ដី​រដ្ឋ​ដោយ​ខុសច្បាប់​នេះ បាន​ចាកចេញ​ពី​តំបន់​ហាមឃាត់​អស់​ហើយ​នៅល្ងាច​ថ្ងៃទី​១៣។

រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​រូបនេះ បានគូស​បញ្ជាក់​ពី​វិធានការ​ក្តៅមួយចំនួន​ចំពោះ​ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់​នៅ​តំបន់​ឧទ្យានជាតិ​រាម ក៏ដូចជា​នៅតាម​តំបន់​ការពារ​ធម្មជាតិ​នានា​ថា៖ «ការរុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ ក៏ដូចជា​ទិញលក់​ដីធ្លី​នៅ​ឧទ្យាន​ជាតិ ឬ​តំបន់​ការពារ​ធម្មជាតិ​ដែលជា​តំបន់​អភិរក្ស គឺជា​ទង្វើ​ខុសច្បាប់​ទាំង​ស្រុង។ ក្រសួង​បរិស្ថាន​ បាននឹង​កំពុង​តែ​ពិនិត្យ​នីតិវិធី​ច្បាប់​ប្រឆាំង​ជនល្មើស​ ដែលទិញ​លក់ដី​ខុសច្បាប់​ទៅកាន់​តុលាការ និង​ដកហូត​យកដី​ទាំងនោះ​មកធ្វើ​ជា​សម្បត្តិ​រដ្ឋ​វិញ»។

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​ទៀត​ថា ការ​ទន្ទ្រាន​រុករាន​កាន់កាប់ដី​ដោយ​ខុសច្បាប់ របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ ត្រូវបាន​ធ្វើឡើង​ក្រោម​ការ​បំផុស​ពី​ឈ្មួញ​រកស៊ី​ដីធ្លី ដែល​ពួកគេ​បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​នៅមូលដ្ឋាន​រំលោភ​បំពាន​ច្បាប់ និង​បំផ្លាញ​ធនធាន​ធម្មជាតិ​ក្រោម​ច្រើន​រូបភាព ដូចជា ការ​ដាំដំណាំ​ចេក ស្វាយ ខ្លុរ អាកាស្យា.. ជាដើម ដើម្បី​បន្លំ​ថា​ជាដី និង​ដំណាំ​ដែល​ខ្លួនបាន​កាន់កាប់ និង​អាស្រ័យ​ផលជា​កម្មសិទ្ធិ ឬខ្លួន​បាន​គ្រប់គ្រង​ជាយូរ​មកហើយ។

«ល្បិចកល​នៅក្នុង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ខ្លះ ដែល​ជន​ខិលខូច​ខ្លះ​បាន​ ធ្វើ​ក្នុងការ​ទន្រ្ទាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់​នោះ គឺ​ដូចជា​ការ​បោះ​ព្រំដី ការ​ត្រាយព្រៃ​តូចៗ​ឱ្យងាប់ រួច​ដុត​សម្អាត សម្រាប់​ដាំ​ដំណាំ​តាម​រដូវ ដូចជា ពោត ដំឡូង សណ្តែក បន្លែ ។ល។ ក្នុង​រូបភាព​អាស្រ័យ​ផល និង​ឈាន​ទៅ​ដាក់​ស្នើសុំ​ការ​វាស់វែង​ផ្តល់​កម្មសិទ្ធិ​ជូន​ពួក​គាត់​ទៅ​អាជ្ញាធរ​ដែនដី ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​ស្នើទៅ​រដ្ឋាភិបាល​ជា​បន្ត​បន្ទាប់»។ លោក​រដ្ឋលេខាធិការ​បន្ថែម៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;