ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ ដាក់​គោលដៅ​យក​មេដាយ​មាស​ស៊ីហ្គេម​២០២៣

  • 2019-03-14 08:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ថ្លែង បញ្ជាក់​ក្រោយ​បញ្ចប់​មហាសន្និបាត នៅ​ដើម​សប្តាហ៍​នេះ​ថា សហព័ន្ធ​បាល់ទាត់​កំពុង​ដាក់​គោលដៅ​យក​ឈ្នះ​ពានរង្វាន់ មេដាយ​មាស ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ដោយ​កម្ពុជា​ត្រូវតែ​យក​ឲ្យ​បាន​។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AKP កាលពី​ថ្ងៃទី​១៣ មីនា។

លោក​ប្រធាន​សហព័ន្ធ​បាន​បង្ហាញ​នូវ​ជំនឿ​ចិត្ត​ខ្ពស់ ក្នុង​ការ​ដណ្ដើម​មេដាយ​មាស​​លើ​ប្រភេទ​កីឡា​បាល់ទាត់ នៃ​ព្រឹត្តិការណ៍ កីឡា​អាស៊ីអាគ្នេយ៍​នេះ។ ការ​ដាក់​ក្ដី​រំពឹង​ខ្ពស់​យ៉ាង​ដូច្នេះ គឺ​ដោយសារ​លោក​រំពឹង​ខ្ពស់​លើ​ផែន​ការ​យុទ្ធសាស្ត្រ​របស់​ខ្លួន ដែល​ត្រូវ​អភិវឌ្ឍ​ក្នុង​រយៈ​ពេល ៤ឆ្នាំ​ចុងក្រោយ​នេះ​។

ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​បន្ថែម​ថា៖ «មូលហេតុ​អ្វី ដែល​យើង​អាច​ថា លើក​ពាន​ស៊ីហ្គេម ឆ្នាំ​២០២៣​នេះ​បាន គឺ​ដោយសារ​មហា​សន្និបាត​បាន​ពិភាក្សា និង​ឯកភាព​គ្នា​ហើយ គឺ​កីឡាករ ត្រូវ​ប្រកួត ស៊ី​ហ្គេម ឆ្នាំ​២០២៣ សម្រាប់​បាល់ទាត់ គឺ​អាយុ​ក្រោម ២២​ឆ្នាំ ចឹង​មាន​ន័យ​ថា កីឡាករ​គ្រប់គ្នា ត្រូវ​យក​អាយុ​ដែល​កើត​ក្នុង​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៣ ចុះក្រោម ដោយ​ត្រូវ​តែ ចាប់ផ្ដើម​អភិវឌ្ឍ​ពី​ថ្ងៃ​នេះ ហើយ​គេ​ក៏​ចាប់ផ្ដើម ដូច​យើង​ដែរ មនុស្ស​ដូច​តែ​គ្នា គឺ​គ្មាន​បញ្ហា​ទេ ពានរង្វាន់​នោះ គឺ​ម្ចាស់ផ្ទះ​កម្ពុជា​ត្រូវ​តែ​យក»។

ជាមួយ​នឹង​គោលដៅ​ឈ្នះ​ពានរង្វាន់​ថ្នាក់​តំបន់​មួយ​នេះ គឺ​លោក​ប្រធាន​កំពុង​ជំរុញ​ផែនការ​អភិវឌ្ឍន៍ និង​សាងសង់​សាលា​តម្រង់​ទិស​ទូទាំង ២៥​រាជធានី-ខេត្ត ដើម្បី​សម្រិតសម្រាំង​ឲ្យ​បាន​នូវ​បាន​ធនធាន​ប្រកប​ដោយ​គុណភាព ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ដែល​ខ្លួន​ចង់​បាន​។

សូម​បញ្ជាក់​ថា សហព័ន្ធ​បាល់ទាត់​កម្ពុជា ​បាន​ដាក់​ចេញ​នូវ​បេសកកម្ម​ធំ​ៗចំនួន​៤ គឺ​ទី១ បង្កើន​សមត្ថភាព​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ឲ្យ​មាន​គុណភាព និង​វិជ្ជាជីវៈ ក្នុង​ការ​ដឹកនាំ និង​គ្រប់គ្រង​ក្លឹប​បាល់ទាត់​អាជីព។ ទី២ រៀបចំ​មូលដ្ឋាន​សម្រាប់​បាល់ទាត់​កម្ពុជា​ ឈាន​ទៅ​រក​សមត្ថភាព និង​បច្ចេកទេស​កម្រិត​ខ្ពស់។ ទី៣ លើកកម្ពស់ និង​ប្រើប្រាស់​វិស័យ​កីឡា​បាល់ទាត់ ដើម្បី​ចូលរួម​កសាង និង​អភិវឌ្ឍ​សង្គម និង​ទី៤ ធានា​លទ្ធផល​ល្អ​ប្រសើរ ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;