អាមេរិក ដក​មន្ត្រី​ទាំងអស់​ចេញ​ពី ​ស្ថាន​ទូត​នៅវេណេហ្ស៊ុយអេឡា

  • 2019-03-15 01:56:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុង​វ៉ាស៊ីនតោន បាន​ដក​មន្ត្រី​ការ​ទូត​ទាំងអស់ ចេញ​ពី​ស្ថាន​ឯក​អគ្គរដ្ឋទូត​អាមេរិក​នៅ​ក្រុង Caracas ក្រោយពី​វិបត្តិ​នៅ​ប្រទេស​វេណេហ្ស៊ុយអេឡា កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​។

លោក Mike Pompeo រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា​ ឆ្នាំ​២០១៩​ថា៖ «ថ្ងៃ​នេះ មន្ត្រី​ទូត​អាមេរិក​ទាំង​អស់​ដែល​នៅ​សេស​សល់​នៅ​វេណេហ្ស៊ុយអេឡា បាន​ចាក​ចេញ​ពី​ប្រទេស​នេះ​អស់​ហើយ។ ខ្ញុំ​ដឹង​ថា នេះ​ជា​ពេល​វេលា​មួយ​ដ៏​លំបាក​សម្រាប់​ពួកគេ»។

លោក Mike Pompeo រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក

បន្ថែម​ពី​នេះ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​គាំទ្រ​មេ​បក្ស​ប្រឆាំង​នៅ​វេណេហ្ស៊ុយអេឡា លោក Juan Guaido ដែល​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក Nicolas Maduro និង​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ​។

សហរដ្ឋ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​វេណេហ្ស៊ុយអេឡា ចំពោះ​ការ​លក់​ប្រេង​ដែល​ជា​ចរន្ត​សរសៃ​ឈាម​របស់​រដ្ឋាភិបាល​លោក Maduro ។

កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា បញ្ហា​អគ្គិសនី​ដែល​បាន​ដាច់​ជា​ច្រើន​ថ្ងៃ បាន​ដំណើរការ​ត្រឡប់​មក​វិញ​ជា​ធម្មតា ខណៈ​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា បាន​បន្ទោស​ថា បញ្ហា​បណ្ដាល​មក​ពី​សហរដ្ឋ​អាមេរិក។

លោក Nicolas Maduro

ចាប់តាំង​ពី​ខែ​មករា​មក អាមេរិក កាណាដា និង​ប្រទេស​មួយ​ចំនួន​នៅអឺរ៉ុប បាន​ទាមទារ​ឲ្យ​លោក Maduro ចុះចេញ​ពី​តំណែង និង​បាន​ប្រកាស​ទទួល​ស្គាល់​មេ​បក្ស​ប្រឆាំង​លោក Guaido ជា​ប្រធានាធិបតី​ស្របច្បាប់។ យ៉ាង​ណា​មិញ រដ្ឋបាល​លោក Maduro ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​ជា​សមាជិក​ អង្គការ​សហ​ប្រជាជាតិ​ប្រមាណ ៥០​ប្រទេស ក្នុង​នោះ មាន​ រុស្ស៊ី ចិន និង តួកគី ផង​ដែរ​៕

អត្ថបទទាក់ទង


ប្រភព៖ Aljazeera ប្រែ​សម្រួល៖ លាភ.