កម្ពុជា នឹង​មាន​ជម្រើស​ថ្មី​ ជើង​ហោះ​ហើរ​ពី​ភ្នំពេញ​ទៅ​បាងកក

  • 2019-03-15 02:24:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​អាកាសចរណ៍​អេមីរ៉ាត់ (Emirates) នៃ​ប្រទេស​អារ៉ាប់រួម គ្រោង​នឹង​បើក​ជើង​ហោះហើរ​ថ្មី ដើម្បី​តភ្ជាប់​រាជធានី​ភ្នំពេញ ទៅ​កាន់​រាជធានី​បាងកក​ ប្រទេសថៃ ដោយ​ចាប់ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៩ ខាងមុខ ជាមួយ​ជម្រើស​ជើង​ហោះហើរ​ប្រចាំ​ថ្ងៃ​កាន់តែ​ច្រើន បន្ថែម​លើ​ការ​ហោះហើរ​ទៅ​កាន់​គោលដៅ​ជាង ១៥០​កន្លែង នៅ​ក្នុង​ប្រទេស​ចំនួន ​៨៣​។

នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នា​ទីស្តីការ​ក្រសួង កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩​នេះ លោក អាប់ឌុលឡា អេតណាន់ (Abdulla Adnan) នាយក​ក្រុមហ៊ុន​អេមីរ៉ាត់ ប្រចាំ​ប្រទស​កម្ពុជា បាន​គូស​បញ្ជាក់​ថា៖ «អេមីរ៉ាត់» ចង់​ធ្វើ​ឲ្យ​ទីក្រុង​ឌុយបៃ ក្លាយជា​វេទិកា​តភ្ជាប់​ប៉ែក​ខាងកើត ទៅ​កាន់​ខាងលិច ហើយ​តាម​រយៈ​ជើង​ហោះហើរ​ថ្មី​នេះ ក្រុមហ៊ុន​នឹង​ប្រើប្រាស់​យន្តហោះ​ធុន​បូអីង ៧៧៧ និង​អ៊ែបើស A៣៨០ ដើម្បី​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា ទៅ​កាន់​ពិព័រណ៍​ពិភពលោក​ឌុយបៃ​ឆ្នាំ​២០២០ ជាមួយ​បច្ចេកវិទ្យា​ទំនើប គ្មាន​ទំនាញ​ផែនដី។

ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បាន​សម្តែង​ការ​ស្វាគមន៍ ចំពោះ​ការ​បើក​ឲ្យ​មាន​ជើង​ហោះ​ហើរ​ថ្មី របស់​ក្រុមហ៊ុន​អេមីរ៉ាត់ ដែល​នឹង​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរ និង​វិនិយោគិន ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។ លោក​រដ្ឋមន្ត្រី បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​អារ៉ាប់រួម ដែល​បាន​គាំទ្រ និង​ជួយ​សម្របសម្រួល​ការ​ចូលរួម​របស់​កម្ពុជា នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​ឌុយបៃ​ឆ្នាំ​២០២០ នា​ពេល​ខាងមុខ​។

លោក​រដ្ឋមន្ត្រី​ ប៉ាន សូរស័ក្តិ បាន​បង្ហាញ​ជំនឿ​ថា តាម​រយៈ​ពិព័រណ៍​ពិភពលោក​ឌុយបៃ​ឆ្នាំ​២០២០ ប្រទេស​ទាំងពីរ​នឹង​អាច​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​លើ​វិស័យ​សំខាន់​ៗ​ដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម បច្ចេកវិទ្យា និង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ហើយ​ក្រសួង​ពាណិជ្ជកម្ម នឹង​រង់ចាំ​សម្របសម្រួល​រាល់​គម្រោង​វិនិយោគ ស្នើ​ដោយ​រដ្ឋាភិបាល ឬ​វិនិយោគិន នៃ​ប្រទេស​អារ៉ាប់រួម។

សូម​ជម្រាប​ថា ក្រុមហ៊ុន​អាកាសចរណ៍​អេមីរ៉ាត់ បាន​ធ្វើ​ប្រតិបត្តិការ​ហោះហើរ មក​កាន់​រាជធានី​ភ្នំពេញ​ដំបូង នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៧ ដែល​គិត​មក​ទល់​បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ បាន​ដឹក​អ្នក​ដំណើរ​ប្រមាណ ១០​ម៉ឺន​នាក់ និង​បាន​ឈ្នះ​ពានរង្វាន់​ជាប់​គ្នា​យ៉ាង​ច្រើន​។ ជាក់​ស្តែង​កាលពី​ឆ្នាំមុន ក្រុមហ៊ុន​អេមីរ៉ាត់ បាន​ទទួល​ពាន​រង្វាន់​ឆ្នើម​ចំនួន​ ៣ នៅ​ក្នុង​ពិព័រណ៍​អន្តរជាតិ APEX Asia និង​បាន​ជាប់​ឈ្មោះ​ជា ក្រុមហ៊ុន​អាកាសចរណ៍​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៨ សម្រាប់​ពានរង្វាន់​ការ​ដឹក​ជញ្ជូន​តាម​យន្តហោះ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;