នគរគោក​ធ្លក មាន​ដើម​កំណើត​នៅ​អង្គរ​ធំ

  • 2019-03-15 06:48:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​បុរាណវិទ្យា​បាន​អះអាង​ថា នគរ​គោកធ្លក​មាន​ដើម​កំណើត​នៅ​អង្គរធំ ដោយ​ផ្អែក​លើការ​ធ្វើ​វិភាគ​វិទ្យាសាស្រ្ត​ទៅលើ​សំណល់​បុរាណ​វត្ថុ​សំខាន់ៗ ដែលគេ​បាន​ប្រទះ​ឃើញ​ ក្នុងការ​ធ្វើ​កំណាយ​អស់​រយៈពេល​ជាង ២០ឆ្នាំ​កន្លង​មក​នេះ។ អ្វីដែល​ជា​ភស្តុតាង​មួយ​ដែល​អ្នក​ស្រាវជ្រាវ​ភ្ញាក់​ផ្អើល​ខ្លាំង ហើយមិន​ដែល​ជួបប្រទះ​នោះ គឺការ​ធ្វើកំណាយ​ថ្មីៗនេះ ដោយ​បាន​រកឃើញ​ដើមធ្លក​កប់​ពីក្រោម​នៃ​ប្រាសាទ​ភិមាន​អាកាស​ក្នុង​តំបន់​អង្គរ​ធំ។

ថ្លែងទៅកាន់ AKP កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០១៩ លោក អ៊ឹម សុខរិទ្ធី អ្នក​ស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឱ្យដឹង​ថា កាលពី​ប៉ុន្មានឆ្នាំមុន​នៃការ​រកឃើញ​ដើមធ្លក​នេះ លោក​សាស្រ្តាចារ្យ អាំង ជូលាន នរវិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និងជា​គ្រូ​បង្រៀន​នៅ​មហាវិទ្យា​ល័យ​បុរាណ​វិទ្យា បាន​សិក្សា​ស្រាវជ្រាវ​ផ្នែក​នរវិទ្យា និង​ប្រវត្តិសាស្រ្ត​ជាច្រើន​ឆ្នាំ​នៅ​អង្គរ បាន​ប្រទះឃើញ​ភស្តុតាង​ជាច្រើន ដែល​ទាក់ទង​នឹង​រឿង​នគរ​គោកធ្លក​នេះ។

បើតាមលោក អ៊ឹម សុខរិទ្ធី បន្ថែម​ថា លោក Jacques Gaucher (ហ្សាក់ ហ្គូសេ) ប្រធាន​គម្រោង​ស្រាវ​ជ្រាវ MoDaThom (ម៉ូដាធំ) ក៏បាន​បញ្ជាក់​ថា តាមរយៈ​នៃការ​ស្រាវជ្រាវ​ជិត​២០ឆ្នាំ​កន្លងមក​នេះ រឹតតែ​ធ្វើឱ្យ​ដឹង​កាន់តែ​ច្បាស់​ថា ក្នុង​អតីត​ព្រះ​បរមរាជវាំង​នេះ ប្រហែល​មាន​កំណើត​រៀបចំ​តាំងពី​សតវត្សរ៍ទី​៩ ហើយ​បន្ត​ប្រើប្រាស់​រហូត​ដល់​សតវត្សរ៍​ទី១៦។ ហើយ​លើសពី​នេះទៀត តាមរយៈ​ភស្តុតាង​រកឃើញ​ក្នុង​រណ្តៅ​កំណាយ គេក៏​អាច​ស្មានបាន​ថា អគារ​វាំង​ដំបូង​ទី សង់ពី​ឈើ​ប្រក់​ក្បឿង និងមាន​ការរៀបចំ​ជា​បន្តបន្ទាប់​ពី​អង្គក្សត្រ​មួយ​ទៅអង្គក្សត្រ​មួយទៀត។ ភស្ដុតាង​សំខាន់​គួរឱ្យ​ចាប់អារម្មណ៍ និងជា​ទិន្នន័យ​បញ្ជាក់​ពី​រឿង​ព្រេង​ទាក់ទង​នឹង​ព្រះថោង និង​នាងនាគ គឺការ​រកឃើញ​ដើមធ្លក និង​គ្រាប់​ធ្លក ដែលបាន​បញ្ចុះ​នៅបាត​ប្រាសាទ​ភិមាន​អាកាស។

បន្តបន្ទាប់​មក​ទៀត លោក Jacque Gaucher និង​លោក​សាស្រ្តាចារ្យ អាំង ជូលាន បាន​ប្រាស្រ័យ​ផ្លាស់ប្តូរ និង​ពិភាក្សាគ្នា​អំពី​ទិន្នន័យ​​ដែល​បាន​មកពី​ការ​ស្រាវជ្រាវ​នៃ​វិជ្ជា​ទាំងពីរ​ដែលទាក់ទង​នឹង​ដើមធ្លក​នៅបាត​ប្រាសាទ​ភិមានអាកាស។ ដូច្នេះ​ភស្តុតាង​នៃ​វិជ្ជាទាំង​នរវិទ្យា​និង​បុរាណវិទ្យា មាន​ទិន្នន័យ​ដូចគ្នា ដែលជា​មូលដ្ឋាន​ក្នុងការ​ពិចារណាថា រឿង​ព្រេង​ព្រះថោង និង​នាងនាគ ឬ​ក៏ថា រឿង​នគរគោកធ្លក ដែលជា​រឿង​កំណើត​នៃពង្ស​ខ្មែរ មាន​កំណើត​នៅ​អង្គរធំ។ នេះជាការ​បញ្ជាក់​បន្ថែម​របស់​អ្នក​ស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា៕

អត្ថបទ និង​រូបថត៖ AKP

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;