ចិន ចង់​ទិញ​ដី​ថៃ១៦០០​ហិកតា​ ដើម្បី​បង្កើត​សហគមន៍ និង​ពង្រីក​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ នៅ​អាស៊ាន

  • 2019-03-15 07:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​គ្រប់គ្រង​តំបន់​ឧស្សាហកម្ម​នៃ​ប្រទេស​ថៃ បាន​ឲ្យដឹង​ថា រដ្ឋាភិបាល​ចិន គ្រោង​ចំណាយ​ថវិកា​ដ៏​ច្រើន​ ដើម្បី​ទិញ​ដី​ទំហំ ១៦០០ ហិកតា នៅ​ក្នុង​តំបន់​ឧស្សាហកម្ម ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាងកើត (EEC) សំដៅ​បង្កើត​សហគមន៍​អ្នក​វិនិយោគ​ចិន និង​ពង្រីក​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​ខ្លួន នៅ​ក្នុង​តំបន់​អាស៊ាន។

ប្រធាន​អាជ្ញាធរ​គ្រប់គ្រង​តំបន់​ឧស្សាហកម្ម​ថៃ លោក Somchint Pilouk បាន​ប្រាប់​ថ្មី​ៗ​នេះ​ថា រដ្ឋាភិបាល​ចិន ​និង​វិស័យ​ឯកជន បាន​ចរចា​ជា​មួយ​អាជ្ញាធរ អស់​ជា​ច្រើន​សប្ដាហ៍​មក​ហើយ ពាក់ព័ន្ធ​នឹង​ទិញដី​នេះ​។ លោក​បន្ត​ថា ​រដ្ឋាភិបាល​ថៃ កំពុង​ជួប​ការ​លំបាក ក្នុង​ការ​ស្វែងរក​ដី​ទំនេរ​ទំហំ ១៦០០ ហិកតា សម្រាប់​លក់​ឲ្យ​ចិន​។

ប្រធាន​អាជ្ញាធរ​គ្រប់គ្រង​តំបន់​ឧស្សាហកម្ម​ថៃ បាន​បន្ថែម​ថា ខេត្ត ៣ កំពុង​ទាក់ទាញ​ការ​វិនិយោគ​ពី​ចិន រួមមាន ខេត្ត Rayong, Chon Buri និងខេត្ត Chachoengsao ។ លោក​រំពឹង​ថា ក្រុមហ៊ុន​ជាង ៥០០ នឹង​បោះ​ទុន​វិនិយោគ​នៅ​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត​នេះ​។

សូម​ជម្រាប​ថា ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត ជា​តំបន់​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ ដែល​ដើរ​តួយ៉ាង​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ថៃ និង​ជា​ច្រក​​នាំចេញ​ដ៏​សំខាន់​។ តំបន់​នេះ មាន​ខេត្ត​៤ ដូចជា Rayong, Chon Buri, Chachoengsao និង Samut Prakan ។

ប្រធាន​អាជ្ញាធរ​គ្រប់គ្រង​តំបន់​ឧស្សាហកម្ម​ថៃ ឲ្យដឹង​ទៀត​ថា ​រដ្ឋាភិបាល​ថៃ បាន​បង្កើត​តំបន់​ឧស្សាហកម្ម​ចំនួន ១០ នៅ​ទូទាំង​ប្រទេស ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សហគមន៍​៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;