កម្ពុជា-កូរ៉េ​ខាងត្បូង ចុះ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​នឹង​ឥណទាន ថាមពល សុខាភិបាល វិនិយោគ និង​ស្ថាប័ន​ស្រាវជ្រាវ

  • 2019-03-15 07:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​ប្រធានា​ធិបតីកូរ៉េ​ខាងត្បូង លោក ម៉ូន ចេអ៊ីន ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​ទ្វេភាគី នាថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​៥ រួមមាន​ដូច​ខាងក្រោម៖

១. កិច្ច​សម្រប​សម្រួល​ក្របខណ្ឌ ស្ដីពី​ការផ្ដល់​ឥណទាន​សម្បទាន នៃមូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០១៩-២០២៣ ចុះហត្ថលេខា​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ​កម្ពុជា និង​លោកស្រី កាង ឃ្យូងវ៉ា រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង ។

២. អនុស្សារណៈ​នៃការ​យោគយល់គ្នា​រវាង​ក្រសួង​រ៉ែ និង​ថាមពល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល នៃ​សាធារណរដ្ឋកូរ៉េ ស្ដីពី​គម្រោង​ផ្គត់ផ្គង់​ថាមពល សម្រាប់​ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី​ខ្នាតតូច​បំផុត និង​ស្ថានីយ​សាក​អាគុយ​នៅ​កម្ពុជា ចុះហត្ថលេខា​ដោយ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួងរ៉ែ និង​ថាមពល​កម្ពុជា និង​លោក សង់ យូនម៉ូ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឧស្សាហកម្ម និង​ថាមពលកូរ៉េ។

៣. កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​បង្កើត​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក អ៉ឺន សង់ស៊ូ ប្រធាន​ធនាគារ​នីហរ័ណ-អហរ័ណកូរ៉េ ។

៤. អនុស្សារណៈ​នៃការ​យោគយល់​គ្នា ស្តីពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ទីភ្នាក់ងារ​ជំរុញ​វិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ និងក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​កិច្ចសហប្រតិបត្តិការ​សម្រួល​ការវិនិយោគ​ពីកូរ៉េ ចុះ​ហត្ថលេខា​ដោយ​លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី និងជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក ក្វន់ ភ្យង់អូ ប្រធាន និងជា​នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម-វិនិយោគ​កូរ៉េ ។

៥. អនុស្សារណៈ​នៃការ​យោគយល់​គ្នា​រវាង​រាជបណ្ឌិត្យសភា​កម្ពុជា និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ សម្រាប់​សេដ្ឋកិច្ច មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ នៃ​សាធារណរដ្ឋ​កូរ៉េ ចុះ​ហត្ថលេខា​ដោយ លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង លោក សង់ ឃ្យុងរ៉្យុង ប្រធាន​ក្រុមប្រឹក្សា​ស្រាវជ្រាវជាតិ សម្រាប់​សេដ្ឋកិច្ច មនុស្សសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​កូរ៉េ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;