វ៉ា សុថន៖ «ការប្រកួត​ដំបូង​របស់​យើង គឺ​ដូចជា​ការប្រកួត​ដណ្ដើមយក​៦ពិន្ទុ»

  • 2019-03-15 08:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការប្រកួត​រវាង​ក្រុម​ភ្នំពេញ​ក្រោន និង​ក្រុម​បឹងកេត​ នឹង​ធ្វើឡើង​នៅ​កីឡដ្ឋាន RSN នា​ថ្ងៃ​សៅរ៍​ស្អែក​នេះ សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​មួយ​នៃ​លីគ​កំពូល​ម្ពុជា​។ ខ្សែបម្រើ​កណ្តាល វ៉ា សុថន ចាត់​ទុកថា​ការ​ប្រកួត​នេះ គឺ​​ជា​ការ​ប្រកួត​ដណ្ដើម​យក​៦​ពិន្ទុ មិនមែន​យក​ត្រឹម​តែ​ ៣ពិន្ទុ​នោះ​ទេ ព្រោះ​វា​ជា​ការ​ប្រកួត​មួយ​ដែល​មាន​ភាព​តានតឹង​ខ្លាំង ហើយ​វា​ក៏​ជា​ការ​ប្រកួត​ដំបូង​ផងដែរ។ នេះ​បើ​យោង​តាម​វេបសាយ​ផ្លូវការ​​របស់​ភ្នំពេញ​ក្រោន ចុះផ្សាយ​។

សុថន​បាន​និយាយ​ដូច្នេះ​ថា៖ «វា​ជា​រឿង​ល្អ និង​លំបាក​របស់​ក្រុម​យើង​ផង​ដែរ ព្រោះ​វា​គឺ​ជា​ការ​ប្រកួត​ដំបូង​របស់​យើង យើង​ទាំងអស់​គ្នា ទាំង​កីឡាករ ក្រុម​បុគ្គលិក និង​អ្នកគាំទ្រ​ពិតជា​ចង់​ឃើញ​ការ​ប្រកួត​នេះ​ណាស់ ប៉ុន្តែ​ពួកយើង​ក៏​មាន​សម្ពាធ​បន្តិចបន្តួច​ដែរ»​។

កីឡាករ​ខ្មែរ​បារាំង​បាន​បន្ត​ទៀត​ថា៖ «​ការ​ប្រកួត​ជាមួយ​ក្រុម​បឹងកេត ​គឺ​វា​មិន​ងាយស្រួល​ប៉ុន្មាន​ទេ ព្រោះ​ពួកគេ​ជា​ក្រុម​ដែល​ខ្លាំង​មួយ​នៅ​ក្នុង​លីគ​។ នៅ​លើ​ទីលាន​ គឺ​វា​ដូចជា​សង្គ្រាម​មួយ ដែល​យើង​ត្រូវតែ​ប្រកួតប្រជែង​ឲ្យ​បាន​ខ្លាំងក្លា ដើម្បី​បង្ហាញ​ថា​ពួកយើង​ជា​ក្រុម​មួយ​ដែល​ខ្លាំង ហើយ​គឺ​ដើម្បី​ឈ្នះ។ ក្រុម​របស់​ពួកយើង​ គឺ​រួចរាល់​ហើយ យើង​បាន​រៀបចំ​ពីរ បី​សប្តាហ៍​ហើយ​ដើម្បី​ធ្វើការ​ជា​ក្រុម​ឲ្យ​បាន​ប្រសើរ​ឡើង ខ្ញុំ​មិន​អាច​ទាយ​បាន​ទេ​ថា ក្រុម​មួយ​ណា​ដែល​អាច​ឈ្នះ​ការ​ប្រកួត​នេះ»​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;