លោក រៀល ខេមរិន្ទ្រ ទទួល​សិទ្ធិ​ធ្វើនយោបាយ​បាន​វិញហើយ

  • 2019-03-18 07:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក រៀល ខេមរិន្ទ្រ អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ប្រមុខរដ្ឋ​ស្តីទី​ត្រាស់​បង្គាប់​ផ្តល់​នីតិ​សម្បទា​ឡើងវិញ ដើម្បីមាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ ដែល​ចុះ​ហត្ថលេខា​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី។

រូបថត៖ វិបសាយ RFI Khmer
លោក រៀល ខេមរិន្ទ្រ គឺជា​មនុស្ស​ទី៤​ហើយ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។

សម្តេច​ក្រឡា​ហោម ស ខេង ឧប​នាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​១៦ ខែ​មីនា បានធ្វើ​លិខិត​ស្នើសុំ​ទៅ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដើម្បី​ធ្វើ​លិខិត​ទូលថ្វាយ​ព្រះមហាក្សត្រ​ ស្នើសុំ​ផ្ដល់​នីតិ​សម្បទា​ឡើងវិញ​ដល់​លោក រៀល ខេមរិន្ទ្រ អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

នាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មយាផ្ទៃ បាន​បញ្ជាក់​ថា លោក រៀល ខេមរិន្ទ្រ បានដាក់​ពាក្យ​មក​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ហើយ​សម្ដេច​ក្រឡាហោម បានស្នើ​សុំទៅ​សម្តេច​តេជោ តាម​លិខិត​របស់​ក្រសួង​មហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី១៦ ខែ​មីនា ឆ្នាំ​២០១៩។

សូម​ជម្រាប​ថា អតីត​មន្រ្តី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ចំនួន ៤រូប​ហើយ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្ដល់​នីតិសម្បទា​ឡើងវិញ ពោលគឺ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្នុងនោះ​រួមមាន លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ លោក គង់ បូរ៉ា អតីត​អ្នក​តំណាងរាស្ត្រ លោក ស៊ីម សុវណ្ណនី សមាជិក​គណៈ​កម្មការ​នាយក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក រៀល ខេមរិន្រ្ទ នេះ។ ក្រៅពីនេះ ក៏​មាន​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួន​ទៀត​ បាន​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ទៅ​ក្រសួង​មហាផ្ទៃ​បន្ត​បន្ទាប់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;