កុំភ្លេច​លេខ​នេះ ពេល​កើត​មាន​គ្រោះអគ្គីភ័យ​ ខណៈ​អាកាសធាតុ​នៅ​កម្ពុជា​ក្តៅខ្លាំង

  • 2019-03-19 07:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ទៅ​ប្រជាពលរដ្ឋ​ថា នៅពេល​មាន​គ្រោះ​អគ្គីភ័យ​កើតឡើង ត្រូវផ្តល់​ព័ត៌មាន​ជា​បន្ទាន់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅជិត​បំផុត ឬទាក់​ទង​មន្រ្តី​នគរបាល​បង្ការ​ពន្លត់​អគ្គីភ័យ តាមរយៈ​ទូរសព្ទ​លេខ៖ ១១៧ ឬលេខ ៦៦៦ (សម្រាប់​រាជធានី​ភ្នំពេញ)។ នេះ​បើតាម​សេចក្តី​អំពាវនាវ​របស់​ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០១៩​នេះ។

ការ​ចេញ​សេចក្តី​អំពាវនាវ​នេះ ធ្វើឡើង​ខណៈ​ដែល​អាកាស​ធាតុ​នៅ​កម្ពុជា នឹង​ឡើង​កម្តៅ​រហូតដល់​លើស ៤០អង្សារសេ ចាប់ពីពេល​នេះតទៅ រហូតដល់​រយៈពេល​ប្រមាណ​ពីរខែ​ទៅមុខ​ទៀត។ ការណ៍​នេះ នឹង​ធ្វើឱ្យ​អាកាស​ធាតុ​ក្តៅ ស្ងួត ហួតហែង ងាយនឹង​បណ្តាល​ឱ្យ​កើត​គ្រោះ​អគ្គីភ័យ ជាយថាហេតុ។

ជាមួយ​គ្នានេះ ក្រសួង​មហាផ្ទៃ បាន​អំពាវនាវ និង​ដាក់ចេញ​វិធានការ​មួយ​ចំនួន​រួមមាន៖

-ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល​ចំពោះ​ដើមចម ​ដែល​អាច​បង្កើតឱ្យ​មាន​គ្រោះអគ្គីភ័យ ដូចជា ភ្លើង​ចង្ក្រាន ភ្លើង​ចង្កៀង ភ្លើង​ធូប-ទៀន ការ​ដុត​សំរាម ដុតព្រៃ-ចម្ការ-វាលស្រែ ការ​បោះចោល​កន្ទុយបារី​ផ្តេស​ផ្តាស ការ​តភ្ជាប់ ឬ​ប្រើ​ចរន្ត​អគ្គិសនី​មិនត្រឹមត្រូវ​តាម​បច្ចេកទេស ការ​ទុកដាក់​ប្រេងឥន្ធនៈ ឧស្ម័ន​ចំហេះ វត្ថុ​ងាយឆេះ ឬ​ងាយផ្ទុះឆេះ។ល។ ដោយ​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់ បង្ការ​កុំឱ្យ​មានការ​ឆេះ​រាលដាល​បង្កើត​ជាគ្រោះ​អគ្គីភ័យ។

-អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្ត​ទុកដាក់​រៀបចំ​សណ្តាប់​ធ្នាប់​បណ្តាញ​អគ្គិសនី និង​ផ្លូវ​សាធារណៈ​នៅ​តំបន់​ងាយ​រងគ្រោះ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់ការ​ចុះ​អន្តរាគមន៍​សង្គ្រោះ​ បាន​ទាន់​ពេលវេលា។

-អង្គភាព​នគរបាល​បង្ការ​ពន្លត់​អគ្គីភ័យ​នៅតាម​បណ្តា​រាជធានី-ខេត្ត និងនៅតាម​បណ្តា​ស្ថានីយ​រថយន្ត​អគ្គីភ័យ​ក្រុង-ស្រុក ត្រូវ​បន្ត​យកចិត្តទុកដាក់​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ អំពី​វិធានការ​បង្ការ​អគ្គីភ័យ ព្រមទាំង​ត្រូវ​ពង្រឹង​ការងារ​ប្រចាំ​ការ​ ២៤/២៤ម៉ោង និង​ត្រូវ​ត្រៀម​ជាស្រេច​នូវ​រថយន្ត​ពន្លត់​អគ្គីភ័យ ឧបករណ៍​សម្ភារៈ ប្រេង​ឥន្ធនៈ ទឹកស្តុក និង​ប្រភព​យកទឹក​ឱ្យ​គ្រប់គ្រាន់​ បម្រើ​ឱ្យ​ការងារ​ពន្លត់ ​និង​សង្គ្រោះ ដើម្បី​ធានា​ដល់​កិច្ច​អន្តរាគមន៍​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;