សម្តេច ហ៊ុន សែន ជា​មេដឹកនាំ​បរទេសទី១ ដែល​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យ Krirk

  • 2019-03-19 07:49:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹក​ថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០១៩ បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី​សាកលវិទ្យាល័យគ្រើក (Kirik University) ប្រទេស​ថៃ។ ការណ៍​នេះ បាន​ធ្វើឱ្យ​សម្តេច​ក្លាយជា​មេដឹក​នាំ​បរទេស​ទី១ ដែលបាន​ទទួល​សញ្ញាបត្រ​នេះ ពី​សាកលវិទ្យាល័យ​គ្រើក។ ពិធី​នេះ ធ្វើឡើង​នៅវិមាន​សន្តិភាព។

​សាកលវិទ្យាល័យ​ដ៏ល្បី​ក្នុងប្រទេស​មួយនេះ ​មាន​អាយុកាល ៦៧ឆ្នាំ​មកហើយ។

លោក​សាស្រ្ដាចារ្យ ក្រាស៊ែ ឆាណាវង្ស (Krasae Chanawongse) ប្រធាន​សាកលវិទ្យាល័យ​គ្រើក បាន​លើកឡើង​ថា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី គឺជា​មេដឹក​នាំ​ដែល​ពោរពេញ​ទៅដោយ​ចំណេះ​ដឹង បទ​ពិសោធ និង​សមត្ថភាព ដែលបាន​ប្រើប្រាស់​ជំនាញ​ផ្នែក​ទំនាក់ទំនង​នយោបាយ ធ្វើឱ្យ​កម្ពុជា បាន​បង្រួប​បង្រួម មាន​សុខ​សន្តិភាព និង​រីក​ចម្រើន​ជាមួយ​កំណើន​សេដ្ឋកិច្ច​រឹងមាំ​មកទល់​សព្វថ្ងៃ។

លោក​សាស្រ្តាចារ្យ Krasae Chanawongse បាន​បញ្ជាក់​ឡើងវិញ​ថែមទៀត​ផងដែរ​ថា គឺ​នៅឆ្នាំ​១៩៧០ ដែល​ពេលនោះ សម្តេច​តេជោ មាន​អាយុ​ទើបតែ​១៨​ឆ្នាំ ដែលបាន​ស្ម័គ្រ​ចិត្តចូល​ធ្វើ​ទាហាន រំលត់​ភ្លើង​សង្រ្គាម និង​រំដោះ​ប្រទេស​ពី​របប​ប៉ុលពត​ប្រល័យ​ពូជសាសន៍ ដែល​ទទួលបាន​នូវការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ពល​ទាហាន ក៏ដូចជា​ពលរដ្ឋ​ទូទៅ រហូតដល់​ប្រទេសកម្ពុជា ត្រូវបាន​រំដោះ​រួចផុត​ពីរបបប្រល័យ​ពូជសាសន៍​នៅឆ្នាំ​១៩៧៩។ ដោយសារ​ភាព​វៃឆ្លាត​នៃការ​ទំនាក់​ទំនង​ទាំង​ក្នុងជួរ​រដ្ឋាភិបាល និងក្នុង​ចំណោម​សាធារណ​ជន គឺ​សម្តេច ហ៊ុន សែន ដែល​ពេលនោះ​អាយុ​ទើបតែ ៣២ ឆ្នាំ (១៩៨៥) បានក្លាយ​ជា​នាយករដ្ឋមន្រ្តី​ដែលមាន​វ័យក្មេង​ជាងគេ​បំផុត​នៅលើ​ពិភពលោក។

លោក​បន្តថា តាមរយៈ​ការ​ប្រើប្រាស់​នូវ​ទំនាក់ទំនង​នយោបាយ គឺ​សម្តេច​តេជោ បាន​កសាង​នូវ​ទំនុក​ចិត្ត​ជាមួយ សមាជិក​គណបក្ស សមាជិក​រដ្ឋាភិបាល និង​ជាមួយ​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើឱ្យ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត ភ្លូកទឹ​កភ្លូកដី​នៅក្នុង​ថ្ងៃបោះឆ្នោត ថ្ងៃទី ២៩ កក្កដា ឆ្នាំ​២០១៨ ដែលបាន​ធ្វើឱ្យ​ សម្តេច​បន្ត​កាន់​តំណែង​នាយក​រដ្ឋមន្រ្តី មាន​រយៈពេល៣៤ឆ្នាំ​ហើយ មកទល់​ឆ្នាំ ២០១៩​នេះ។

សូមជម្រាប​ថា សម្តេច​នាយករដ្ឋមន្រ្តី ក៏​ធ្លាប់បាន​ទទួល​មេដាយ និង​សញ្ញាបត្រ​បណ្ឌិត​កិត្តិយ​ជាច្រើន​មកហើយ ពី​បណ្តា​ប្រទេស​មួយ​ចំនួ​នដូចជា ប្រទេសចិន, កូរ៉េ, វៀតណាម, រុស្សី, អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក​ជាដើម។

ប្រមុខ​រាជរដ្ឋាភិបាល បាន​ថ្លែង​បញ្ជាក់​ថា សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ដែល​សម្តេច​ទទួលបាន​ថ្ងៃនេះ គឺជា​មោទនភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល ដែល​បាន​ចូលរួម​នៅក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ហើយដែល​តែងតែ​គំាំទ្រ និង​ជឿជាក់​លើការ​ដឹកនាំ​របស់​សម្តេច និង​គណបក្ស​ប្រជាជន​កម្ពុជា។ ទន្ទឹម​នេះ កិត្តិយស​ដែល​សម្តេច​តេជោ ទទួលបាន​ថ្ងៃនេះ គឺបាន​ឆ្លុះបញ្ចាំង​អំពី​ចំណង​មិត្តភាព​កាន់តែ​រឹងមាំ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់វិស័យ ដែល​កំពុង​រីក​ធំធាត់​ទៅមុខ​ជា​លំដាប់ ទាំងផ្នែក​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការ​អភិវឌ្ឍ​ធនធាន​មនុស្ស៕

អត្ថបទ និង​រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;