លោក ប្រាយុទ្ធ និង​លោកស្រី ស៊ូជី បើក​សម្ពោធ​ស្ពាន​ភ្ជាប់​ប្រទេស​ទាំង២ ប្រវែង​ជិត ៨០០ម៉ែត្រ

  • 2019-03-20 02:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយក​រដ្ឋមន្រ្តី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា និង​ទីប្រឹក្សា​រដ្ឋ​នៃ​ប្រទេស​មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បាន​អញ្ជើញ​បើក​សម្ពោធ​ស្ពាន​ភ្ជាប់ប្រទេស​ទាំង២ កាលពី​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩។

រូបថត៖ Bangkok Post
ស្ពាន​ភ្ជាប់ ថៃ-មីយ៉ាន់ម៉ា ទី២នេះ មាន​ប្រវែង ៧៦០​ម៉ែត្រ និង​មាន​៤គន្លង​ផ្លូវ (២ទៅ ២មក) ឆ្លងកាត់​ទន្លេ Moei ដែល​ភ្ជាប់ពី​ស្រុក​ Mae Sot នៃខេត្ត Tak ប្រទេស​ថៃ ទៅ​កាន់​ក្រុង Myawaddy នៃ​ប្រទេស​មីយ៉ាន់ម៉ា។

លោក ប្រាយុទ្ធ បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា ការ​បញ្ចប់​ការ​សាងសង់​ស្ពាន​ថ្មីនេះ គឺ​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏ល្អ​រវាង​ប្រទេស​ទាំង២។

លោក​បន្តថា ស្ពាន​នេះ គឺជាផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​ច្រករបៀង​សេដ្ឋកិច្ច​ខាងលិច-ខាងកើត ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងស្រុក Mae Sot និង​ក្រុង Myawaddy និង​តភ្ជាប់​គម្រោង​ដឹកជញ្ជូន​នានា​រវាង​ប្រទេស​ទាំង២។

សូម​ជម្រាប​ថា ស្ពាន​នេះ គឺ​ខាងភាគី​ថៃ ជាអ្នក​ចំណាយ​ក្នុងការ​សាងសង់ ប្រហែល ៣ពាន់​លានបាត (ជាង ៩៤លាន​ដុល្លារ)។ ស្ពាន​នេះ ត្រូវបាន​សាងសង់​ឡើង​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​នៅលើ​ស្ពាន​មិត្តភាព​ថៃ-មីយ៉ាន់ម៉ា ទី១ ដែល​ស្ថិតនៅ​ក្បែរ​គ្នា​នោះ។

រូបថត៖ Bangkok Post

មន្រ្តី​រំពឹង​ថា ស្ពាន​ថ្មីនេះ នឹង​ជំរុញ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ទ្វេភាគី ពីបច្ចុប្បន្ន ៧០ពាន់​លាន​បាត ទៅ ១០០ពាន់​លាន​បាត​ក្នុងមួយ​ឆ្នាំ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;