ក្រសួង​បរិស្ថាន ថ្កោលទោស​អំពើ​ឃោរឃៅ​របស់​ក្រុម​ជនល្មើស ដែល​កាប់​មកលើ​ក្រុមអ្នក​អភិរក្ស

  • 2019-03-20 06:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​បរិស្ថាន បាន​បង្ហាញ​ការ​សោកស្តាយ និង​ថ្កោលទោស​ចំពោះ​អំពើ​អមនុស្សធម៌ សាហាវ​ឃោរឃៅ​របស់​ក្រុម​ជនល្មើស​ប្រឆាំង​នឹង​ក្រុម​អ្នក​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​អំឡុងពេល​ចុះ​បំពេញ​បេសកកម្ម​ក្នុង​បុព្វហេតុ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។

លោក នេត្រ ភក្ត្រា មន្ត្រី រដ្ឋលេខាធិការ និងជា​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​ឲ្យដឹង​ថា នៅថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំការ​នៅច្រក​របៀង​អភិរក្ស​ជីវចម្រុះ​ព្រៃ​អង់តែន​ចំនួន​០៥នាក់ ​បាន​ចុះល្បាត​នៅ​តំបន់​អូរដើមថ្កូវ ក្នុង​ភូមិសាស្ត្រ ឃុំក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បានជួប​ប្រទះ​ជនល្មើស​ចំនួន ២នាក់​ ដែល​កំពុង​ធ្វើសកម្មភាព​ប្រព្រឹត្ត​បទល្មើស​កាប់ឆា្ករ​ព្រៃ​ទន្ទ្រាន​យកដីព្រៃ​ធ្វើចម្ការ។ ពេលនោះ​មន្ត្រី​ឧទ្យានុរក្ស​បាន​ដេញចាប់​ជនល្មើស តែបាន​ទាក់ជើង​ដួលហើយ​ត្រូវ​ជនល្មើស​តដៃ ដោយបាន​កាប់​ត្រូវ​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​ម្នាក់​ឈ្មោះ ចក់ សុជាតិ ត្រូវ​ចំនួន ០៥​កាំបិត​ផ្គាក់ ត្រូវ​ចំក្បាល កញ្ចឹងក និង​កដៃ បណ្តាល​ឱ្យ​រងរបួស​ធ្ងន់។ ចំណែក​មន្ត្រី​ឧទ្យានុរក្ស ៤នាក់​ផ្សេងទៀត មិនមាន​រងរបួស​អ្វីឡើយ។ ចំណែក​ជនល្មើស​បាន​រត់គេច​ខ្លួន​បាត់។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​មន្ត្រី​ឧទ្យានុរក្ស​ដែលមាន​របួស​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ផែ្នក​លលាដ៏​ក្បាល ត្រូវបាន​ក្រុម​គ្រូពេទ្យ​ ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត្រ រាជធានី​ភ្នំពេញ។ លោក​រដ្ឋលេខាធិការ​ បាន​ឱ្យដឹង​ថា មន្ត្រី​សមត្ថកិច្ច​បាន​នឹង​កំពុង​ស៊ើប​អង្កេត ធ្វើ​កំណត់​ហេតុ និង​ដាក់​ពាក្យ​បញ្ជូន​រឿង​ទៅកាន់​តុលាការ​ដើម្បី​វែកមុខ​រក​ជន​ល្មើស​មក​ផ្តន្ទាទោស។

លោក ចក់ សុជាតិ គឺជា​មន្ត្រី​ឧទ្យានុរក្ស​ទី២ ដែលត្រូវ​បាន​រង​របួស​ដោយ​ការ​តដៃ​របស់​ជនល្មើស ក្នុង​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​រយៈពេល ២​ខែ​ចុងក្រោយ​នេះ។ កាលពីចុង​ខែ​មករា ឆ្នាំ​២០១៩ មន្ត្រី​ឧទ្យាន​ម្នាក់​ឈ្មោះ ចេង ចាន់ធី ត្រូវបាន​ក្រុម​ព្រាន​ព្រៃ​បំពាក់​ដោយ​កាំភ្លើង​បាញ់​ប្រហារ​មកលើ ធ្វើឱ្យ​របួស ចំភ្លៅ អំឡុងពេល​នៃការ​ចុះបង្ក្រាប​បទល្មើស​សត្វព្រៃ ក្នុង​ភូមសាស្ត្រ​នៃ​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​ ក្នុង​ខេត្ត​មណ្ឌលគិរី។

បច្ចុប្បន្ន​នេះ ក្រសួង​បរិស្ថាន​មាន​មន្ត្រី​ឧទ្យានុរក្ស​ចំនួន ១២២១នាក់​ ដែល​កំពុងតែ​ការពារ និងអភិរក្ស​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវ​ចម្រុះ​ចំនួ​នជិត ៦០ ដែល​មាន​ទំហំ​ប្រមាណ ៧,៥លាន​ហិកតា។

លោក​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ថ្លែង​ថា មន្ត្រី​ឧទ្យានុរក្ស​ដែលមាន​តួនាទី​ជា​មន្ត្រី​យុត្តិធម៌ មានតួនាទី​ការពារ និង​អភរិក្ស​ធនធាន​ធម្មជាតិ និង​អភិរក្ស ជីវ​ចម្រុះ​នៅតាម​តំបន់​ការពារ​ធម្មជាតិ​នានា​ក្នុង​ប្រទេស​កម្ពុជា បាន​លះបង់​សព្វបែប​យ៉ាង​រួមនឹង​អាយុ​ជីវិត ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់ជំនាន់​តទៅ​មុខទៀត។

លោក​ក៏បាន​អំពាវនាវ​ថា មិនត្រូវ​យកមន្ត្រី​ឧទ្យានុរក្ស​ធ្វើជា​សត្រូវ​ឡើយ ព្រោះ​ពួកគាត់​បាន​ឆ្លងកាត់​ការ​លំបាក ព្យុះភ្លៀង និង​ប្រឈម​ការ​គំរាមកំហែង​នានា​ពី​ជនល្មើសច្បាប់​ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;