ប្រធាន​គណៈ​ប្រតិភូ​អឺរ៉ុប​ថា ​មិនមែន​មក​ដក EBA ពី​​កម្ពុជា​ទេ តែ​មក​បង្កើន​កិច្ច​សហការ​គ្នា

  • 2019-03-20 06:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី Poala Pampaloni នាយករង​ផ្នែក​គ្រប់គ្រង​ប្រចាំ​ការ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិច និងជា​ប្រធាន​គណៈប្រតិភូ​សហគមន៍​អឺរ៉ុប បាន​ថ្លែង​បញ្ជាក់​ថា គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប មក​កម្ពុជា​នៅពេល​នេះ​គឺ​មិនមែន​មក​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នោះទេ។ ប៉ុន្តែ​មក​ធ្វើការ​ជាមួយគ្នា​ បើក​កិច្ចសន្ទនា​ជាមួយគ្នា​ស្វែងរក​ចំណុច​រួម​ដើម្បី​រក​ដំណោះស្រាយ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​សហភាពអឺរ៉ុប​ជាមួយនឹង​កម្ពុជា ហើយ​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​រួម​រវាង​ភាគី​ទាំងពីរ។ លោក​ស្រី​ថ្លែង​ដូច្នេះ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ នា​ព្រឹកថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង។

លោកស្រី​បន្ត​ថា សហគមន៍​អឺរ៉ុប​ ចង់​បង្កើន​ភាព​ជាដៃគូ​ឱ្យកាន់តែ​ខ្លាំងក្លា​ជាមួយ​កម្ពុជា និង​បន្ត​នូវ​អ្វី​ដែល​សហគមន៍​អឺរ៉ុប​ បាន​ជួយដល់​កម្ពុជា។

ក្នុង​ជំនួប​នេះ ប្រធាន​គណៈប្រតិភូ​សហគមន៍​អឺរ៉ុប បាន​លើកឡើង​អំពី​បញ្ហា​លំហូរ​នយោបាយ​នៅ​កម្ពុជា និង​ការ​ចូលរួម​នយោបាយ​នៅក្នុង​សង្គម​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អង្គការ​សង្គម​ស៊ីវិល។ ហើយ​គណៈ​ប្រតិភូ​មក​កម្ពុជា​នេះ គឺ​ដើម្បី​បង្កើន​នូវ​ការ​ជួប​សន្ទនា​រវាង​ដៃគូ​ទាំងពីរ​ដោយ​ត្រង់ ទៅត្រង់​មកលើ​បញ្ហា​ដែលបាន​លើកឡើង​ខាងលើ​នេះ។

ជាការ​ឆ្លើយតប​សម្ដេចក្រឡាហោម បាន​លើកឡើង​ថា ទាក់ទង​ចំណុច​ដែលខាង​គណៈ​ប្រតិភូ​សហគមន៍​អឺរ៉ុប ចង់ដឹង​អំពី​លំហូរ​នយោបាយ​នៅ​កម្ពុជា និង​ការ​ចូលរួម​របស់​អង្គការ​សង្គម​ស៊ីវិល គឺនៅក្នុង​ដំណើរការ​អភិវឌ្ឍ​របស់​កម្ពុជា រាជរដ្ឋាភិបាល​តែង​ចាត់ទុក​អង្គការ​សង្គម​ស៊ីវិល គឺជា​ដៃគូ​និង​ខិតខំ​លើក​កម្ពស់​ភាព​ជាដៃគូ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល។ ក្នុងនោះគឺ​បង្កើត​ជាវេទិកា​ចំនួន​ពីរលើក​រួចមកហើយ ដោយលើក​ទីមួយ​ រៀបចំ​ឡើង​ដោយ​ក្រសួង​មហាផ្ទៃ និង​លើកទី២ រៀបចំ​ដោយ​ក្រសួង​ការបរទេស និង​កសហប្រតិការ​អន្តរជាតិ។

សម្ដេច ស ខេង បាន​បន្តថា ចំពោះការប​ង្កើត​ច្បាប់​អង្គការ​សង្គមស៊ីវិល មុន​នឹង​ចេញជា​រូបរាង ក៏បាន​ឆ្លងកាត់​នូវ​យន្តការ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ទាក់ទង​ការចូលរួម​សកម្មភាព​នយោបាយ ក្នុង​ក្របខណ្ឌ​សង្គម​ប្រជាធិបតេយ្យ។

ជាមួយ​គ្នានេះ លោកស្រី​ប្រធាន​គណៈប្រតិភូ​បាន​បញ្ជាក់​ថា សម្រាប់​សហភាព​អឺរ៉ុប គឺ​មិនគាំទ្រ​បុគ្គល​ណាមួយ ឬ​គណបក្ស​នយោបាយ​ណាមួយទេ​ ប៉ុន្តែ​សហគមន៍​អឺរ៉ុប គាំទ្រ​នូវ​គោលការណ៍​រួម​ ដើម្បី​ឲ្យមាន​គ្រប់​សមាសភាព នៅក្នុង​សង្គម​បាន​ចូលរួម​ជាមួយគ្នា​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។

យ៉ាងណាមិញ​ រដ្ឋមន្រ្តី​មហាផ្ទៃ បា​ន​ជម្រាប​វិញថា ទោះបី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ពុំទាន់​មានភាព​ល្អឥតខ្ចោះ​យ៉ាងណាក៏ដោយ ប៉ុន្តែ​គោលការណ៍​គ្រឹះ​នៃលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា បាន​ចាក់គ្រឹះ​រួចទៅហើយ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;