ផ្លូវជាតិ​លេខ៣ ដែល​ពង្រីក​ដល់ ៤គន្លង​សម្រេច​បាន ៩%ហើយ ក្រោយ​បើកការដ្ឋាន​ជិត ១ឆ្នាំ

  • 2019-03-21 01:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងកាលពី​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៩ ថា គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវ​ជាតិលេខ៣ សម្រេចបាន ៩% នៃ​ផែនការ​គម្រោង ​ក្រោយ​បើកការដ្ឋាន​ជាផ្លូវការ​កាលពីខែ​ឧសភា ឆ្នាំ​២០១៨។

កាលពី​ម្សិលមិញនេះ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុម​ការងារ​គ្រប់គ្រង​គម្រោង​អនុវត្ត​ដោយCRBC ចុះ​ពិនិត្យ វឌ្ឍនភាព​គម្រោង​ផ្លូវជាតិលេខ​៣។

ក្រុម​ការងារ​បាន​ចុះ​ពិនិត្យ​ការ​រៀបចំ​ប្រព័ន្ធ​លូ ការ​រៀប​សាងសង់​ស្ពាន​ស្របទ្វារ​ទឹក​កំពង់​ទួល ស្ពាន​រំលង​ថ្មើរជើង​នៅផ្សារ​ត្រាំខ្នារ និង​អង្គ​តាសោម ពិនិត្យ​សម្រប​សម្រួល​ដោះស្រាយ​សំណង់​ផ្ទះ។ ក្រុម​ការងារ​ ក៏បាន​ណែនាំ​ក្រុមហ៊ុន​ឱ្យ​បន្ថែម​បង្គោល​សុវត្ថិភាព និង​ជំរុញ​ការងារ​ដើម្បី​ធ្វើ​យ៉ាងណា​ អាច​ឱ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​បាន​ នាបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខាងមុខ។

សូម​ជម្រាប​ថា ការដ្ឋាន​ពង្រីក​ផ្លូវជាតិ​លេខ៣ ពី​ភ្នំពេញ (ចោមចៅ) ទៅក្រុង​កំពត ប្រវែង១៣៤​គីឡូម៉ែត្រ នឹង​ត្រូវ​ប្រើប្រាស់​រយៈពេល​សាងសង់​ប្រមាណ ៤៨​ខែ។ គម្រោង​នេះ នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង ២១៩​លាន​ដុល្លារ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពីរដ្ឋាភិបាល​ចិន រួម​ជាមួយ​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​បោស​សម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់ផ្ទុះ។

គម្រោង​ពង្រីក និង​លើក​កម្រិត​កំណាត់ផ្លូវ​ជាតិ​លេខ៣ គឺ​ចាប់ពី​រាជធានី​ភ្នំពេញ (ចោមចៅ) ដល់ក្រុង​កំពត ដោយ​ឆ្លងកាត់​រាជធានី​ភ្នំពេញ ប្រវែង ១២​គីឡូម៉ែត្រ ខេត្ត​កណ្តាល ប្រវែង ១១​គីឡូម៉ែត្រ ខេត្ត​កំពង់ស្ពឺ ប្រវែង ៣០​គីឡូម៉ែត្រ ខេត្ត​តាកែវ ប្រវែង ៣០​គីឡូម៉ែត្រ និង​ខេត្តកំពត ប្រវែង ៥១គីឡូម៉ែត្រ។

ការ​ពង្រីក​ផ្លូវនេះ​គឺ​ត្រូវបាន​បែងចែក​ជា ២កំណាត់ គឺពី​ចោមចៅ-បែកគូស និង​បែកគូស-ក្រុង​កំពត។ ផ្លូវពី​ចោមចៅ ទៅ​បែកគូស ​ក្នុង​ខេត្តតាកែវ ប្រវែង​ ៦៤,៩០គីឡូម៉ែត្រ នឹងត្រូវ​ពង្រីក ២គន្លង​ទៅ ៤គន្លង (២ទៅ ២មក) និង​មាន​សួន​កណ្តាល។ ចំណែក​កំណាត់​ផ្លូវពី​បែកគូស ទៅក្រុង​កំពត ប្រវែង​ជាង ៦៤គីឡូម៉ែត្រ​ នឹង​ត្រូវ​ពង្រីក​តួផ្លូវ​ដល់ ១២​ម៉ែត្រ ដោយមាន ២គន្លង​ផ្លូវ​ដដែល (១ទៅ ១មក)៕

រូបថត៖ ក្រសួងសាធារណការ និង​ដឹកជញ្ជូន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;