មេគយ​កម្ពុជា ដាក់ចេញ​វិធានការ​ទប់ស្កាត់​ការ​នាំចេញ-នាំចូល ភ្លុកដំរី​ និង​កុយរមាស

  • 2019-03-21 03:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា បានដាក់​ចេញនូវ​វិធានការ ដើម្បី​រឹតបន្តឹង​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​ការ​នាំចូល​ការ​នាំចេញ ​និង​ការ​ឆ្លងកាត់​នូវ​ភ្លុក​ដំរី​កុយ​រមាស​គ្រឿង​ចម្លាក់​កែច្នៃ​ពីភ្លុក​ដំរី​ និង​កុយរមាស​ខុសច្បាប់។

យោងតាម​លិខិត​របស់​លោក គុណ ញឹម ជម្រាប​ទៅ​ប្រធាន​នាយកដ្ឋាន​សាខា និង​ការិយាល័យ​គយ និងរដ្ឋាករ​ទាំងអស់ កាលពី​ថ្ងៃទី១៨ ខែ​មីនា បាន​ឲ្យដឹង​ថា ការ​នាំចូល​ការនាំចេញ និង​ការ​ឆ្លងកាត់​នូវ​ភ្លុកដំរី​កុយរមាស​គ្រឿង​ចម្លាក់​កែច្នៃ​ពីភ្លុកដំរី និង​កុយរមាស​ជា​អំពើ​ខុសច្បាប់។

លោក​បន្តថា ការ​កើតមាន​នូវ​សកម្មភាព​ទាំងនេះ​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងជះ​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុងនាម​ជា​រដ្ឋ​សមាជិក​នៃ​អនុ​សញ្ញា​ស្តីពី​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វព្រៃ និង​រុក្ខជាតិ​កំពុង​រងគ្រោះ ក៏ដូចជា​ធ្វើឲ្យ​ខូចកិត្តិយស​របស់​ព្រះរាជាណាចក្រ​កម្ពុជា លើ​ឆាក​អន្តរជាតិ។

ក្នុង​ន័យនេះ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ណែនាំ​ប្រធាន​នាយកដ្ឋាន​សាខា និង​ការិយាល័យគយ​ និង​រដ្ឋាករ​ ក្រោម​ឱវាទ​ទាំងអស់​ឲ្យ​រឹតបន្តឹង​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​ការ​នាំចូល ការ​នាំចេញ និង​ការ​ដឹក​ឆ្លងកាត់​នូវ​ភ្លុកដំរី​កុយ​រមាស គ្រឿង​ចម្លាក់​កែច្នៃ​ពីភ្លុក​ដំរី និង​កុយរមាស សត្វ​និង​រុក្ខជាតិ ងាយរងគ្រោះ​ និង​បំណែក​របស់វា​ដ៏ទៃ​ទៀត​​ដែល​ច្បាប់​ហាម​ឃាត់ ឲ្យកាន់តែ​មានប្រសិទ្ធភាព​ដូចខាងក្រោម៖

១- ពង្រឹង​ការ​សិក្សា​វិភាគ​តម្លៃ​ព័ត៌មាន​ដែលមាន​នៅលើ​និវេទន៍បណ្ណ អញ្ញត្តិកម្ម វិក្ក័យបត្រ និង/ឬបញ្ជី​វេចខ្ចប់ ដើម្បី​កំណត់​មុខសញ្ញា​នៃការ​នាំចូល​ ការនាំចេញ​ និងការ​ឆ្លងកាត់​ខុសច្បាប់ និង​ទំនិញ​ហាមឃាត់​ដូច​រៀបរាប់​ខាងលើ ឲ្យបាន​ច្បាស់លាស់​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់។

២-ចាត់តាំង និង​កសាង​បណ្តាញ​សម្ងាត់​គយ ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​ការរត់ពន្ធ​​នូវទំនិញហាមឃាត់ ដូច​រៀបរាប់ខាងលើ ដើម្បីចាត់វិធានការ​បង្ក្រាប​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និងទទួល​បាន​លទ្ធផល។

៣-ក្នុង​ករណី​ការ​នាំចូល​ការ​នាំចេញ នឹង​ការ​ឆ្លងកាត់​នូវ​ទំនិញ​ហាមឃាត់​ទាំង​នោះ ត្រូវបាន​កំណត់​មុខ​សញ្ញា អង្គភាព​គយ និង​រដ្ឋាករ​ពាក់ព័ន្ធ​ផ្ទាល់ ត្រូវ​ចាត់ចែង​ត្រួត​ពិនិត្យ​រូបវន្ត​លម្អិត រួមទាំង​ការ​ប្រើប្រាស់​ឧបករណ៍​ចាំបាច់ នានា​ជា​ជំនួយ​ដូចជា X-RAY , SCANNER ជាដើម។ ក្នុង​ករណី​រកឃើញ​ទំនិញ​ល្មើស​ត្រូវចាត់​វិធានការ បង្ក្រាប​ដោយ​ឃាត់ទុក និង​កសាង​កំណត់​ហេតុ​ល្មើសច្បាប់ គយ​ ជាបន្ទាន់​​ដោយ​គ្មាន​ការ​បង្អែរ​បង្អង់ ឲ្យ​ស្រប​ទៅនឹង​ច្បាប់​ស្តីពីគយ និង​ច្បាប់​ពាក់ព័ន្ធ​នានា​ជាធរមាន។

៤-ក្នុង​ករណី​រកឃើញ​ដោយ​ចៃដន្យ​នូវ​ទំនិញ​ល្មើសច្បាប់​ទាំងនេះ នៅផ្ទៃក្នុង​ប្រទេស ដែល​មិនមែន​នៅមាត់​ច្រក​ព្រំដែន​គោក កំពង់ផែ និង​អាកាសយាដ្ឋាន​អន្តរជាតិ ត្រូវ​អនុវត្ត​កិច្ចសហប្រតិបត្តិការ ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​ដែនដី និង​អង្គភាព​សមត្ថកិច្ច​ជំនាញ​ដើម្បី​ចាត់វិធាន​ការ​តាមច្បាប់ និង​ចូលរួម​អនុវត្ត​ការងារ​ត្រួតពិនិត្យ និង​បង្ក្រាប​តាម​ការ​ចាំបាច់។

៥-បទល្មើស​ប្រភេទនេះ​ត្រូវ​ជា​កម្មវត្ថុ​នៃ​ចំណាត់ការ​តាមផ្លូវ​តុលាការ។ ក្នុងន័យនេះ​អង្គភាព គយ​និងរដ្ឋាករ​ជាម្ចាស់​ករណី​ផ្ទាល់ ត្រូវចាត់ការ​ដាក់ពាក្យ​បណ្ដឹង​ទៅតុលាការ​មាន​សមត្ថកិច្ច​ស្របតាម​នីតិវិធី និង​បទប្បញ្ញត្តិ​ជាធរមាន។

៦-អង្គភាព​គយ​និង​រដ្ឋាករ​ ដែលជាម្ចាស់​ករណី​ផ្ទាល់​ត្រូវធ្វើ​របាយការណ៍​លាយលក្ខណ៍​អក្សរ​លម្អិត តាម​ឋានានុក្រម​បែបបទ​រដ្ឋបាល និង​ស្របតាម​ខ្លឹមសារ​នៃ​លិខិត​លេខ ១៦៧៦/១៦ អគរ ចុះ​ថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ​២០១៦។

យោងតាម​តួលេខ​ដែល​ទទួល​បាន ចាប់ពី​ឆ្នាំ២០១៦ រហូតមក​ទល់នឹង​ចុងឆ្នាំ​២០១៨ ភ្លុកដំរី​ជាច្រើន​ពាន់ដុំ​មាន​ទម្ងន់​សរុប​ប្រមាណ ៥​តោន ត្រូវបាន​អាជ្ញាធរ​កម្ពុជា​បង្ក្រាប និង​រឹបអូស​ភ្លុក​ដំរី​ទម្ងន់ ១៣០០ គីឡូក្រាម នៅ​កំពង់ផែ​ស្វយ័ត​ខេត្តព្រះសីហនុ​ នៅអំឡុង​ឆ្នាំ ២០១៦។ ហើយការ​បង្ក្រាប​ទ្រង់ទ្រាយធំ​ចុងក្រោយ​ដោយ​អាជ្ញាធរ​កម្ពុជា​នៅខែធ្នូ ឆ្នាំ​២០១៨ ដោយ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​រកឃើញ ភ្លុកដំរី​ជាង ១​ពាន់​ដុំ ទម្ងន់ ជិត ៣៥០០​គីឡូក្រាម ទុកចោល ក្នុង​ទូកុងតឺន័រ នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;