រដ្ឋសភា ទទួលស្គាល់​អ្នក​តំណាងរាស្រ្ត​ថ្មី​មណ្ឌល​ភ្នំពេញ ដែល​ជំនួស​លោក ប៉ា សុជាតិវង្ស

  • 2019-03-21 07:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា បាន​អនុម័ត​យល់​ព្រម​លើ​សំណើ​សុំ​ប្រកាស​ទទួល​ស្គាល់ លោកស្រី គឹម សុវណ្ណា ជា​តំណាងរាស្រ្តថ្មី​មណ្ឌល​រាជធានី​ភ្នំពេញ ជំនួស​លោក ប៉ា សុជាតិវង្ស ដែលបាន​សុំ​លាលែង។ ការ​ប្រកាស​សុពលភាព​នៃ​អាណត្តិ​របស់​លោកស្រី គឹម សុវណ្ណា ជា​សមាជិក រដ្ឋសភា​នីតិកាល​ទី៦ នឹង​ធ្វើឡើង​នៅក្នុង​សម័យ​ប្រជុំ​រដ្ឋសភា នាពេល​ខាងមុខ​នេះ។ ការ​យល់ព្រម​នេះ ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា នាព្រឹក​ថ្ងៃទី២១ ខែមីនា ឆ្នាំ​២០១៩។

រូបថត៖ រដ្ឋសភា
សូម​ជម្រាប​ថា ការ​លាលែង​ពីអ្នក​តំណាងរាស្ត្រ​របស់​លោក ប៉ា សុជាតិវង្ស គឺ​ដោយសារតែ​លោកត្រូវ​ទៅកាន់​តួនាទីថ្មី​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និងជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ។

លោក ប៉ា សុជាតិវង្ស គឺ​ជា​អតីត​អភិបាល​រាជធានី​ភ្នំពេញ ដែលត្រូវបាន​ព្រះមហាក្សត្រចេញ​ព្រះរាជក្រឹត្យ​តែងតាំង​កាលពី​ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៣។ ហើយ​ពាក់កណ្តាល​ឆ្នាំ​២០១៧ លោក ត្រូវបាន​ផ្លាស់ប្តូរ​ចេញពី​អភិបាល​រាជធានី​ភ្នំពេញ ដោយ​ដាក់​លោក ឃួង ស្រេង ជំនួស (លោក ឃួង ស្រេង ត្រូវបាន​តែងតាំង​ជាអភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៧)។

ចំណែក​លោកស្រី គឹម សុវណ្ណា ជា​អតីត​ប្រធាន​មន្ទីរទេចរណ៍​រាជធានី​ភ្នំពេញ និងជា​បេក្ខជន​តំណាង​បម្រុង​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;