ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-សីហនុ ជា​គម្រោង​ដ៏ធំ​បំផុត​​មួយរបស់​ក្រុមហ៊ុន​ចិន​ ដែល​វិនិយោគ​នៅក្រៅ​ប្រទេស

  • 2019-03-21 08:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​ផ្លូវ​ល្បឿនលឿន ពី​រាជធានីភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ប្រវែង​ជាង ១៩០គីឡូម៉ែត្រ គឺ​ជា​គម្រោង​ដ៏​ធំបំផុត​មួយ​ក្នុងចំណោម​គម្រោង ១៥៥ ដែល​ក្រុមហ៊ុន​សាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) វិនិយោគ​នៅក្រៅប្រទេស។ នេះបើតាម​ការបង្ហោះ​នៅលើទំព័រហ្វេសប៊ុក​សម្តេច ហ៊ុន សែន ស្តីពីជំនួប​រវាង​សម្តេច ហ៊ុន សែន និង​លោក Weng Gang អនុប្រធាន​ក្រុមហ៊ុន CRBC នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ​២០១៩​ នៅ​វិមាន​សន្តិភាព។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
គម្រោង​ផ្លូវ​ល្បឿនលឿនធំជាងគេ​ទី១​នៅកម្ពុជា​នេះ នឹងត្រូវ​ចំណាយ​ទឹកប្រាក់ ២ពាន់លាន​ដុល្លារ​ក្រោម​រូបភាព​វិនិយោគ​សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) និង​​ប្រើ​រយៈពេល​សាងសង់​ប្រមាណ ៤៨​ខែ។

លោក Weng Gang បាន​​ជម្រាប​ជូន​សម្តេច ហ៊ុន សែន ថា​ក្រុមហ៊ុន​លោក បាន​ចូលរួម​ចំណែក​ក្នុងការ​កសាង​ស្ពាន-ថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗទៀត​នៅកម្ពុជា ដែល​រហូតមកដល់​ពេលនេះ គឺ​បាន​សម្រេច​កសាង​ថ្នល់​ប្រវែង​ ១ពាន់​គីឡូម៉ែត្រ​រួចហើយ។

សូម​ជម្រាប​ថា នៅថ្ងៃទី២២ ខែមីនា​ស្អែកនេះ សម្តេចនាយករដ្ឋមន្រ្តី នឹង​អញ្ជើញ​ជាអធិបតី​ភាព​ក្នុងពិធីបើកការដ្ឋាន​សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុ ជាផ្លូវការ ដែល​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ក្នុងស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ ក្នុង​ថ្ងៃសម្ពោធនេះ ក្រុម​ហ៊ុន CRBC នឹង​ប្រគល់​សម្ភារៈ​ថែទាំ និង​ជួសជុល​ថ្នល់​មួយចំនួន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ។

រូបថត៖ ហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន

សម្តេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍​កោត​សរសើរ និង​គាំទ្រ​នូវ​គម្រោង​វិនិយោគ​ទាំងឡាយ​របស់​ក្រុមហ៊ុន CRBCដែល​ភាគច្រើន​ គឺបាន​សាងសង់​ស្ពានថ្នល់​ធំៗ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា។ គម្រោង​សាងសង់​ផ្លូវល្បឿនលឿន​ពី​ភ្នំពេញទៅ​ព្រះសីហនុ គឺនឹង​កាន់តែ​ផ្តល់ផល​ប្រយោជន៍​ជាច្រើនថែម​ទៀតដល់​កម្ពុជា៕

អត្ថបទ​ទាក់ទង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;