លំហាត់​នាគមាស​រវាង​កងទ័ព​កម្ពុជា-ចិន ផ្តោតលើ​វិញ្ញាសា​អ្វីខ្លះ?

  • 2019-03-21 08:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លំហាត់​នាគមាស​ឆ្នាំ​២០១៩ រវាងកង​យោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​កំពុង​ធ្វើឡើង​នៅ​ស្រុក​ជុំគិរី ខេត្ត​កំពត​ផ្តោត​លើវិញ្ញាសា​ដូចជា៖ ការ​បាញ់​គ្រាប់​ពិត​ជាក់ស្តែង ការ​វាយលុក​ចូល​តាម​ខ្សែ​រីផ្លីង​តាម​ជណ្តើរ ការ​ចល័ត​វាយ​ប្រហារ​ក្នុង​បន្ទប់ ការ​បាញ់​សាកល្បង អាវុធ ធុនធំ ការ​ហ្វឹកហ្វឺន​បោស​សម្អាត​មីន ការ​បញ្ជា​រថ​ពាសដែក ការលាង​សម្អាត​ជាតិ​គីមី ការ​ប្រឆាំង​ភេរវកម្ម ការ​រំដោះ​ចំណាប់ខ្មាំង​ចេញពី​ជំរំភេរវករ​តាមរយៈ​ការ​សម្រូតខ្លួន​ពី​ឧទ្ធម្ភាគចក្រ ការបាញ់​កាំភ្លើង​ត្បាល់ និង​រត់ចូល​លេណដ្ឋាន (ទីតាំង​ប្រយុទ្ធ) ការ​បាញ់​ប្រភេទ​កាំភ្លើង​ត្បាល់​៦០​មីលីម៉ែត្រ ៨២​មីលីម៉ែត្រ និង​១០០មីលីម៉ែត្រ​ជាដើម។ នេះបើតាម​ការ​បញ្ជាក់​របស់នាយ​ឧត្តមសេនីយ៍​ ឈុំ សុជាត ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ នៅថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩​នេះ។

ជាមួយគ្នានេះ កង​កម្លាំង​នៃ​ភាគី​ទាំងពីរ ក៏បាន​ហ្វឹកហាត់​ជំនាញ​ប្រឆាំង​ភេរវករ ដោយ​សកម្មភាព​ហ្វឹកហាត់​នោះ​លើ​ជំនាញ​កម្លាំង​ប្រយុទ្ធ កម្លាំង​បម្រើ​ប្រយុទ្ធ ហ្វឹកហាត់​បច្ចេកទេស​សម្រូតខ្លួន​តាមខ្សែ​ពួធំ​ចុះពី​ឧទ្ធម្ភាគចក្រ ដើម្បី​ជួយ​រំដោះ​ចំណាប់ខ្មាំង​ពី​ជំរំ​ភេរវករ​ចេញពី​អគារ​ខ្ពស់ៗ និង​ច្រើន​ផងដែរ។ នៅមាន​របៀប​វារៈ​ជាច្រើន​ទៀត ដែល​ភាគី​នៃ​ប្រទេស​ទាំងពីរ បាន​យក​មក​ហ្វឹកហាត់​រួមគ្នា ក្នុងឆ្នាំ​នេះ ក្នុងនោះ​មាន​ដូចជា​ការ៖ ស៊ើបការណ៍​រក​ភូមិសាស្រ្ត​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក(Drone), ការ​ដោះមីន​ និង​យុទ្ធភ័ណ្ឌ​មិន​ទាន់ផ្ទុះ, ការ​ដោះគ្រាប់​បែក​គីមី​និង​បន្សាប​ជាតិ​គីមី, ប្រតិបត្តិការ​រំដោះ​ចំណាប់ខ្មាំង​ដោយ​ឧត្ថម្ភគចក្រ, ឧទ្ធម្ភាគចក្រ​កម្ទេច​ជំរំ​ភេរវករ និង​កិច្ចការ​មនុស្សធម៌​ជាដើម។

លំហាត់​នាគមាស​លើកទី៣​នេះ ត្រូវ​បាន​ចាប់ផ្តើម​បើក​ជាផ្លូវការ នាព្រឹក​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ទីលាន​បាញ់​គ្រាប់​ពិត​សាលា​ហ្វឹកហ្វឺន​តេជោ សែន ជុំគីរី របស់​កងពលតូចលេខ​៧០ នៅស្រុក​ជុំគីរី ខេត្ត​កំពត ហើយ​ត្រូវបាន​រំពឹង​ថា នឹង​បិទ​បញ្ចប់​ដោយ​ជោគជ័យ នៅថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ។

បើតាម​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លំហាត់​ហ្វឹកហ្វឺន​នេះ មិនមាន​ការ​គំរាមគំហែង​អ្នកណា​ទាំងអស់ ផ្ទុយ​ទៅវិញ សមយុទ្ធនេះ​គឺជា​ការ​បង្ហាញ​នូវការ​ចូលរួម​ថែរក្សា សន្តិសុខ​ក្នុង​តំបន់ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​គ្នាតែ​ប៉ុណ្ណោះ ជាពិសេស​បទពិសោធ ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ជួយ​សង្គ្រោះ​ប្រជាពលរដ្ន ពេលមាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជាដើម៕

រូបថត៖ ហ្វេសប៊ុក​អ្នកនាំពាក្យ​ក្រសួងការពារជាតិ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;