ថៃ៖ បក្ស​៥ ប្រកាស​ប្រឆាំង​នឹងការ​បន្ត​ធ្វើ​នាយក​រដ្ឋមន្រ្តី​របស់​ ប្រាយុទ្ធ ក្រោយ​ការ​បោះ​ឆ្នោត

  • 2019-03-22 08:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​​ចំនួន​៥ នៅក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃទី២១ ខែ​មីនា ឆ្នាំ​២០១៩ បាន​ប្រកាស​គោលជំហរ​ប្រឆាំង​នឹង​ការបន្ត​ធ្វើជា​នាយក​រដ្ឋមន្រ្តី​របស់​លោក ប្រាយុទ្ធ ចាន់អូចា ក្រោយ​ការបោះឆ្នោត​នាថ្ងៃទី២៤ ខែមីនា​ខាងមុខនេះ។ គណបក្ស​ទាំងនោះ​រួមមាន៖ គណបក្ស Grin, គណបក្ស Moderate, គណបក្ស Green, គណបក្ស Commoners' Party និង​គណបក្ស Commoner Party of Thailand។

រូបថត៖ The Nation
ជាមួយគ្នា​នេះ គណបក្ស​ទាំង៥ ក៏បាន​សន្យា​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញរបស់​រដ្ឋាភិបាលយោធាថៃផងដែរ និង​បាន​ទាមទារ​ឱ្យ​សមាជិក​ព្រឹទ្ធសភា​ចំនួន​២៥០រូប ដែល​ជ្រើស​រើសដោយ​ក្រុមប្រឹក្សា​ជាតិ​សម្រាប់​សន្តិភាព និង​សណ្តាប់​ធ្នាប់ (NCPO) របស់​លោក​ប្រាយុទ្ធ ត្រូវគោរពឆន្ទៈ​ប្រជាជន ដោយ​អនុញ្ញាតឱ្យ​គណបក្ស​ដែលឈ្នះ​អាសនៈច្រើនបំផុត​ បង្កើត​រដ្ឋាភិបាល​បាន។

លោក Lertsak Kamkongsak មេដឹកនាំ​គណបក្ស Commoner's Party បាននិយាយ​ថា ការ​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ គឺ​ពាក់ព័ន្ធទៅនឹង​អំណាច​របស់​ព្រឹទ្ធសភា ដោយ​លើកឡើង​ថា ច្បាប់​បច្ចុប្បន្ន​គឺ​អយុត្តិធម៌ និង​មិន​ប្រជាធិបតេយ្យ។ «យើង​មិន​ចូលដៃ​ជាមួយ​លោក​ប្រាយុទ្ធ នៅពេល​សភា​បោះឆ្នោត​រើស​នាយករដ្ឋមន្រ្តី​ថ្មីមួយ ពីព្រោះ​គាត់​បាន​លួច​អំណាច​ពី​ប្រជាជន​ថៃ និង​រក្សា​អំណាច​បាន​៥ឆ្នាំ​មកហើយ។ ឥឡូវ វាជាពេល​ដែល​ត្រូវបញ្ចប់របបរបស់​គាត់​ហើយ»។

រូបថត៖ Twitter លោកប្រាយុទ្ធ

ចំណែក​លោក Tanaporn Sriyakool មេដឹកនាំ​គណបក្ស Commoner Party of Thailand បាន​អំពាវនាវ​ឱ្យ​គណបក្ស​ទាំងអស់​គោរព​គោលការណ៍​នូវការ​រៀបចំ​ជារដ្ឋាភិបាល​ចម្រុះ​ណាមួយ​ដែលនឹង​អាច​កើតឡើង នៅពេល​ទទួលបាន​ការគាំទ្រ​ច្រើន​ជាងពាក់​កណ្តាល​នៃអាសនៈ​ក្នុង​សភា។

លោក​អះអាងថា ការ​បន្ត​អំណាច​​របស់​លោក​ប្រាយុទ្ធ គឺ​មានតែ​ការ​បង្កើត​ជម្លោះ​តែ​ប៉ុណ្ណោះ។ «យើងត្រូវ​តែបញ្ឈប់​គាត់»។ លោក​ក៏បាន​ថ្កោលទោស​ដល់គណបក្ស​ដែលមាន​និន្នាការទៅខាងរដ្ឋាភិបាលយោធា ចំពោះ​ការព្រមានធ្វើរដ្ឋប្រហារយោធាជាថ្មី ឬ​បាតុកម្មតាមផ្លូវ នៅពេល​ដែល​ក្រុមគណបក្ស​ប្រជាធិបតេយ្យ​ឈ្នះឆ្នោត​ផងដែរ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;