ស្ថាន​ទូត​អាមេរិក លើក​​សរសើរ​​សិល្បករ​ខ្មែរ ៣​រូប​

  • 2019-03-26 07:31:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មិន​មែន​ជា​រឿង​ធម្មតា​ពេក​ឡើយ ដែល​សិល្បករ សិល្ប​ការិនី​ខ្មែរ​ចំនួន ៣ រូប​ទទួល​បាន​ការ​កោត​សរសើរ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ជា​ចំហ​ថា ពួក​គេ មាន​សមត្ថភាព ក៏​ទេពកោសល្យ​កម្រ​រក​បាន​រៀង​ៗ​ខ្លួន។ ពួក​គេ​ទាំង​នោះ​មាន អ្នក​ស្រី សុង សេងហ៊ន កញ្ញា ឱក សុគន្ធ​កញ្ញា និង​ លោក យឹង យន។

១.អ្នក​ស្រី សុង សេងហ៊ន ៖ លោក​ស្រី សុង សេង​ហ៊ន ជា​អ្នក​ចម្រៀង ដ៏​មាន​ប្រជាប្រិយ​ម្នាក់ ក្នុង​ប្រទេស​នា​ទសវត្សរ៍​ទី​៩០។ លោកស្រី គឺ​ជា​បុគ្គល​ចុង​ក្រោយ​គេ​ដែល​ទទួល​បាន​ការ​សរសើរ​ពី​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា គិត​ត្រឹម​ចុង​ខែ​មីនា​នេះ។ អ្នក​ស្រី សុង សេងហ៊ន មាន​ដើម​កំណើត នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ក្នុង​សម័យ​ខ្មែរ​ក្រហម គាត់​ត្រូវ​បាន​ជម្លៀស ទៅ​ខេត្ត​បាត់ដំបង ជាមួយ​ក្រុម​គ្រួសារ ហើយ​ក្រោយ​មក ក៏​បាន​បន្ត​ទៅ​រស់​នៅ​អាមេរិក ក្រោយ​ការ​ដួល​រលំ នៃ​របប​មួយ​នេះ​នា​ឆ្នាំ​១៩៧៩។ ចំពោះ​តារា​ចម្រៀង​ទសវត្សរ៍ ៩០ រូប​នេះ ទូត​បញ្ជាក់​ថា “សំឡេង​ដ៏​ពីរោះ និង​ក្រអួន​ក្រអៅ​របស់​អ្នក​ស្រី នៅ​តែ​ដក់​ជាប់​ក្នុង​ដួង​ចិត្ត អ្នក​ស្ដាប់​វ័យ​កណ្ដាល”៕

២.ឱក សុគន្ធ​កញ្ញា៖ តារា​ចម្រៀង​ស្រី​ជួរ​មុខ​របស់ ហង្សមាស ជា​មនុស្ស​ទី១ ដែល​ទទួល​ការ​សរសើរ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​គិត​ត្រឹម​ដើម​ឆ្នាំ ២០១៩ នេះ។ ចំណុច​លេច​ធ្លោ​​របស់​តារា​ស្រី គឺ​ពាក់​ព័ន្ធ​នឹង​ការ​ស្លៀកពាក់ ពោល​គឺ​ការ​តុប​តែង​ខ្លួន។ ទូត​អាមេរិក បាន​សរសើរ​ពី​ទឹក​ដម និង​ការ​ស្លៀកពាក់ ជា​ពិសេស​លើ​អត្តចរិត ថ្លៃថ្នូរ​របស់​នាង។ ការ​ពោល​សរសើរ​នេះ គឺ​កើត​១សប្តាហ៍​មុន​ប៉ុណ្ណោះ ធៀប​នឹង​អ្នក​ស្រី សុង សេង​ហ៊ន៕

៣.លោក យឹង យន៖ ធៀប​នឹង​តារា​ចម្រៀង​ទាំង​២​ខាង​លើ លោក យឹង យន ទទួល​បាន​ការ​លើក​សរសើរ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​មុន​គេ ពោល​គឺ​តាំង​ពី​ឆ្នាំ ២០១៧ ឯណោះ។ ការ​កោត​សរសើរ​នោះ បន្ទាប់​ពី​តារា​ចម្រៀង​និយម​បទ​មរតក​ដើម និង​និយម​ស្នាដៃ​បង្កើត​ថ្មី បាន​បញ្ចេញ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​មួយ​អាល់ប៊ុម​និយាយ​ពី​សក្ដានុពល​របស់​ទី​កន្លែង​នានា​ក្នុង​ទឹក​ដី​អាមេរិក។

អាល់ប៊ុម​ចម្រៀង​នោះ​ទទួលស្គាល់ គឺ​កម្មវិធី One Beat ឬ​កម្មវិធី​បំឡាស់​ប្ដូរ​វប្បធម៌​អន្តរជាតិ​របស់​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា។

តារា​ចម្រៀង​ដែល​មាន​រហ័ស​នាម កែវ សារ៉ាត់ ទី២ បាន​ចំណាយ​ពេល​ច្រើន​ខែ ក្នុង​ការ​ចង​ក្រង និពន្ធ​បទ​ចម្រៀង​ដែល​មាន​ក្នុង​អាល់ប៊ុម​ខាង​លើ ក្រោយ​ពី​លោក​បាន​ទស្សនកិច្ច និង​សម្ដែង​នៅ​លើ​ទឹក​ដី​មហាអំណាច​មួយ​នេះ​បន្ត​បន្ទាប់។ ជា​លទ្ធផល​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​គាំទ្រ​អាល់ប៊ុម​នោះ និង​បាន​កោត​សរសើរ​ទៅ​លើ​ទេពកោសល្យ​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ធំ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា William Heit ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ បាន​ច្រៀង​តាម​បទ​លោក យឹង យន ទៀត ក្នុង​វេលា​សម្ពោធ​អាល់ប៊ុម​ចម្រៀង​ខាង​លើ​កាល​ពី​ចុង​ឆ្នាំ ២០១៧។ ជាង​នេះ​ទៅ​ទៀត លោក បាន​ថ្លៃ​កោត​សរសើរ​លោក យឹង យន ថា​ជា​សិល្បករ ពោរពេញ​ទៅ​ដោយ​ទេព​កោសល្យ និង​មាន​ស្នាដៃ​លើ​ការ​តែង​និពន្ធ​ពិត​ៗ។ មិន​ត្រឹម​ប៉ុណ្ណឹង លោក យឹង យន ក៏​នៅ​ឆ្លៀត​តែង​និពន្ធ ចម្រៀង​ឱ្យ​មិត្ត​រួម​ក្រុម​ជា​បេក្ខនារី ដើម្បី​បាន​ចូល​រួម​ច្រៀង​ក្នុង​អាល់ប៊ុម​ដ៏​កម្រ​មួយ​នេះ៕

ប្រភព៖ Sabay News អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;