ដំរី​ព្រៃ​ជាច្រើនក្បាល បង្ហាញ​ខ្លួន​នៅក្រោយ​អគារ​សាលាស្រុក​មួយ នៅ​ខេត្ត​មណ្ឌលគិរី

  • 2019-03-27 08:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សត្វដំរី​ព្រៃ​ជាច្រើន​ក្បាល បាន​បង្ហាញ​ខ្លួន​ចាប់តាំងពី​សប្តាហ៍​កន្លងទៅ​រហូតមក​ដល់ថ្ងៃ​នេះ​នៅតាម​គុម្ពោត​ព្រៃ ចម្ងាយ​ប្រមាណ ១០០​ម៉ែត្រ​ខាង​ក្រោយ​អគារ​សាលាស្រុក​កែវសីមា នៅក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ក្នុង​ខេត្ត​មណ្ឌល​គីរី។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​អង្គការ WCS នៅថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩។

យោង​តាម​សេចក្តី​រាយការណ៍​របស់​លោក ឌិន ប៊ុនធឿន អនុ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ទទួល​បន្ទុក​ដែន​ជម្រក​សត្វព្រៃ​កែវសីមា បាន​ឲ្យដឹង​ថា មាន​ដំរី​ព្រៃ​ចំនួន ៧​ក្បាល(ក្នុងនោះ​មាន ២​ក្បាល មាន​វ័យ​ស្ទើរ​ជំទង់) កំពុង​ដើរ​ស្វែងរក​ស៊ី​ចំណី និង​ផឹក​ទឹក នៅ​ក្បែរភូមិ អូរ​អាម ក្នុង​ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា ស្ទើរ​រៀងរាល់​ល្ងាច ចន្លោះ​ពី​ម៉ោង ៥ ទៅ ម៉ោង ៦ ចាប់តាំង​ពីថ្ងៃ​ទី​១៨ ខែ​មីនា​មក។ ហ្វូង​ដំរីនោះ បានមក​ស៊ីចេក ឫស្សី និង​រុក្ខជាតិ​តូចៗ​ ដែល​ដុះ​នៅលើ​ដីឡូត៍​របស់​អ្នកភូមិ​ទុកចោល​នៅក្បែរ​សាលា​ស្រុក ហើយក៏​វិល​ត្រឡប់​ទៅកាន់​ជម្រក​របស់​វា​នៅក្នុង​ព្រៃវិញ បន្ទាប់ពី​បាន​ផឹក​ទឹករួច។

លោក ប៊ុនធឿន បាន​បញ្ជាក់​ថា ហ្វូងដំរី​នោះ​ តែង​បង្ហាញខ្លួន​នៅ​ក្បែរៗ​ភូមិ​របស់​អ្នកស្រុក​បីឆ្នាំ​កន្លងមក​ហើយ ក៏​ប៉ុន្តែ នេះ​ជាលើក​ទីមួយ ដែល​ដំរី​ទាំងនោះ​ចូល​មក​ជិត​ភូមិ​របស់​អ្នក​ស្រុក​ជាង​សព្វដង។ លោក ប៊ុនធឿន បាន​ធ្វើការ​សន្និដ្ឋាន​ថា គោលបំណង​សំខាន់​របស់ដំរី​ទាំងនោះ​គឺមករក​ទឹក​ផឹក ព្រោះ​ប្រភព​ទឹក​ភាគច្រើន​នៅតាម​ទី​ជម្រក​របស់​ពួកវា អាច​រីង​ហួតអស់​ ក្នុង​អំឡុង​រដូវ​ប្រាំង​នេះ។

លោក​បន្ថែម​ថា កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ៥ និង ៤៥ នាទី ដំរី ៣​ក្បាល ក្នុង​ចំណោម​ដំរី​ទាំង ៧​ក្បាល បាន​ដើរ​ចូល​មក​រកស៊ី​ចំណី​កាន់តែ​ជិត គឺ​ចម្ងាយ​ប្រហែល​តែ ៣០​ម៉ែត្រ​ប៉ុណ្ណោះ ពីក្រោយ​អគារ​សាលា​ស្រុក។

បុគ្គលិក​ប្រចាំ​តំបន់​របស់​អង្គការ WCS និង​មន្ត្រី​បរិស្ថាន​ខេត្ត បាន​តាម​ឃ្លាំមើល​ដំណើរ​ផ្លាស់ទី​របស់​ហ្វូងដំរី​នោះ យ៉ាង​យកចិត្ត​ទុកដាក់ និងបាន​ត្រៀម​លក្ខណៈ​ជាស្រេច​ដើម្បី​ចាត់វិធានការ ប្រសិន​បើ​ដំរី​ទាំងនោះ​វាយប្រហារ​អ្នក​ភូមិ។ រហូតមក​ដល់​ពេលនេះ ហ្វូងដំរី​នោះ​ មិនទាន់​បង្ក​ឲ្យមាន​ការ​ខូចខាត​អ្វីទេ។

លោក អន អាត មន្ត្រី​របស់​អង្គការ WCS ទទួល​បន្ទុក​ផ្នែក​វិវាទ​រវាង​មនុស្ស និង​សត្វព្រៃ បាន​ថ្លែង​ថា ដោយសារតែ​ប្រជាជន​នៅក្នុង និង​ជុំវិញ​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវសីមា មាន​ចំនួន​ច្រើន និង​ចំនួន​សត្វដំរី​ច្រើន​បំផុត ដែល​នៅ​សេសសល់​រស់​នៅក្បែរ​គ្នា ដូច្នេះ វិវាទ​រវាង​មនុស្ស និង​សត្វដំរី អាចនឹង​កើត​មាន​ឡើង។ នៅពេល​ដែល​មនុស្ស​កាប់ឆ្ការ​រានដី​ខុសច្បាប់​បំផ្លាញ​ជម្រក​របស់​ដំរី និង​ពង្រីក​ការ​សាងសង់​លំនៅឋាន​បិទផ្លូវ​ដែលវា​ធ្លាប់​ធ្វើ​ដំណើរ​ឆ្លងកាត់ ដំរី​តែង​បង្ហាញ​ខ្លួន​ញឹកញាប់​នៅជិត​ផ្ទះ​របស់​មនុស្ស។ កាលពី​ឆ្នាំ​២០១៨ មាន​វិវាទ​រវាង​មនុស្ស និង​សត្វដំរី​មួយចំនួន​កើតមាន​នៅក្នុង​ភូមិ​ចំនួន ១១ ដោយ​បង្ក​ឲ្យមាន​ការ​ខូចខាត​ដល់​ផល​ដំណាំ​ជាច្រើន​ដូច ស្រូវ ស្វាយចន្ទី និង​ចេក។

ការ​បង្ហាញ​ខ្លួន​ជារៀងរាល់ឆ្នាំ​របស់​សត្វដំរី​ព្រៃ​ទាំងនោះ បាន​បង្ហាញ​ថា ចំនួន​សត្វដំរី​ព្រៃ​ទាំងអស់​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​នោះ ទទួល​បាន​ការ​ការពារ​យ៉ាងល្អ ក្រោម​គម្រោង​គាំទ្រ​ព្រៃឈើ​ និង​ជីវចម្រុះ ដែល​ឧបត្ថម្ភ​មូលនិធិ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក (USAID) ពីឆ្នាំ ២០១២ ដល់ ២០១៦។

USAID បាន​បន្ត​គាំទ្រ​លើ​ការងារ​អភិរក្ស​សត្វព្រៃ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ថ្មីៗ​នេះ បាន​គាំទ្រ​បង្កើត​គម្រោង​ថ្មីមួយ​ឈ្មោះ​ថា គម្រោង​អភិរក្ស​កែវសីមា​យូអេសអេអាយឌី (ឆ្នាំ ២០១៨ ២០២១) ដែល​គម្រោង​នេះ មាន​គោលបំណង​ធ្វើឲ្យ​ប្រសើរឡើង​ដល់​ការងារ​អភិរក្ស និង​អភិបាលកិច្ច​នៅក្នុង​ដែនជម្រក​សត្វ​ ដែល​ទទួល​រង​ការគំរាម​កំហែង​ជា​សកល នៅក្នុង​ និង​ជុំវិញ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា នៅ​តំបន់​ភាគខាងកើត​ខេត្ត​មណ្ឌលគីរី កាត់បន្ថយ​អត្រា​នៃការ​កាប់​បំផ្លាញ​ព្រៃឈើ កាត់បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ កាត់​បន្ថយ​វិវាទ​រវាង​មនុស្ស និង​សត្វដំរី និង​អភិរក្ស​ជីវ​ចម្រុះ តាមរយៈ​ការ​កសាង​សមត្ថភាព​ដល់​សមាជិក​សហគមន៍​ព្រៃឈើ ដើម្បី​កែលម្អ​ការ​សម្រេច​ចិត្ត​ទាក់ទិន​នឹង​ការ​គ្រប់គ្រង​ព្រៃឈើ និងតាម​រយៈ​ការ​កសាង​សមត្ថភាព​ ដល់​មន្ត្រី​របស់​រដ្ឋាភិបាល​ ដើម្បី​ចូលរួម​ចំណែក​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​ទាំងនេះ។

បច្ចុប្បន្ន​នេះ តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា បាន​ក្លាយជា​ទីជម្រក​របស់​សត្វដំរី​ព្រៃអាស៊ី​ចំនួន​ប្រហែល ១១៥ក្បាល៕

អត្ថបទ និង​រូបថត៖ ហ្វេសប៊ុកអង្គការ WCS

អត្ថបទ៖ សំភី

អត្ថបទថ្មី
;