រោងចក្រ​ទឹកស្អាត តម្លៃ​ជិត ៣០​លាន​ដុល្លារ នៅ​ខេត្ត​កំពត នឹង​ត្រូវ​បើក​សម្ពោធ​នាដើម​ខែ​ក្រោយ

  • 2019-03-29 02:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រោងចក្រ​ទឹកស្អាត​ថ្មី ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន តម្លៃ​ជាង​២៦​លាន​ដុល្លារ​ និង​មាន​សមត្ថភាព​ផលិត​ទឹកបាន​៧៥០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​​ នឹងត្រូវ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០១៩​ក្រោម​អធិបតីភាព​សម្តេច​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។​ រោងចក្រ​នេះ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​តូច សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។ នេះ​បើតាម​លោក ទី គាន ប្រធាន​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​កំពត បាន​ថ្លែង​ប្រាប់​អ្នកកាសែត​ក្នុង​កម្មវិធី​ទស្សនកិច្ច​អ្នកសារព័ត៌មាន​លើ​គម្រោង​ហិរញ្ញប្បទាន​អភិវឌ្ឍ​ផ្លូវការ​(ODA)​កាលពី​រសៀល​ថ្ងៃទី​២៨​ខែ មីនា ឆ្នាំ​២០១៩។

ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​ឆ្នាំ​២០១៤​ ដល់​ ២០១៨​ បាន​កំណត់​ថា​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់​១០០%​នៅ​ឆ្នាំ​២០២៥​។ ​រដ្ឋាករទឹក​ស្វយ័ត​ខេត្តកំពត​បាន​ជួប​បញ្ហា​ប្រឈម​ជាច្រើន​រួមមាន​សមត្ថភាព​ផលិត​ទឹកស្អាត​អត្រា​បាត់បង់​ទឹក​ខ្ពស់​គុណភាព​ទឹក​មិនល្អ​ដែល​បណ្តាលមកពី​បណ្តាញ​ចែកចាយ​ចាស់​ខ្លាំងពេក​ដែល​តម្រូវ​ឲ្យ​មានការ​កែលម្អ​ការផ្គត់ផ្គង់​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ខេត្ត​ជាបន្ទាន់​។​ជាមួយ​គម្រោង​ពង្រីក​ប្រព័ន្ធ​ទឹកស្អាត​នេះ​រោងចក្រ​ផលិត​ទឹក​ថ្មី​នឹង​ផលិត​ទឹកស្អាត​បានល្អ​និង​ធ្វើ​ឲ្យ​បរិស្ថាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពត​បាន​ប្រសើរ​ជាង​មុន​។​

​លោក ​ទី​ គាន​ បានឱ្យដឹងថា​ គម្រោង​ពង្រីក​ប្រព័ន្ធ​ទឹកស្អាត​នេះ​ជា​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន​ចៃ​កា​(JICA)​។​ គម្រោង​នេះ​ត្រូវបាន​សិក្សា​តាំងពី​ឆ្នាំ​២០១២ ​ហើយ​ចូល​ផ្លូវការ​នា​ឆ្នាំ​២០១៥​។​ ដំណើរការ​សាងសង់​នៅ​ឆ្នាំ​២០១៥ និង​ស្ថាបនា​រួច​នៅ​ខែសីហា ឆ្នាំ​២០១៦​។

​លោក​បន្តថា ​គម្រោង​ពង្រីក​ប្រព័ន្ធ​ទឹកស្អាត​នេះ ​រួមមាន​៖​ ការសាងសង់​រោង​ចក្រ​ផលិត​ទឹកស្អាត​ដែលមាន​សមត្ថភាព​ផលិត​ ៧៥០០​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ​,​ រោងចក្រ​បូមទឹក​ឆៅ​ដែល​មាន​សមត្ថភាព​ផលិត​៨២៥០​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ​,​ពង្រីក​បណ្តាញ​ចែកចាយ​ទុយោ​ ៨៨,៩​គីឡូម៉ែត្រ​ក្នុង​តំបន់​សេវា​ផ្គត់ផ្គង់​ទឹក​ខេត្តកំពត​ដែលមាន​ប្រជាជន​១៣១៣៥​គ្រួសារ​មកពី​៥​សង្កាត់​៦​ឃុំ​,​សាងសង់​បណ្តាញ​បញ្ជូន​ទឹក​ឆៅ​ទៅកាន់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក ៥,២​គីឡូម៉ែត្រ​សាងសង់​អគារ​រដ្ឋបាល​និង​អគារ​ចាំបាច់ និង ផ្សេងៗ​គម្រោង​នេះ ក៏​បាន​ជួយ​កា​រត​បណ្តាញទឹក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៩០០​គ្រួសារ​។

លោក​ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្តកំពត​ បាន​គូសបញ្ជាក់ថា​៖​ ក្រោយ​គម្រោង​បាន​បញ្ចប់​មាន​ពលរដ្ឋ​៨៨១៤​គ្រួសារ​ស្មើនឹង​៦៧​ភាគរយ បាន​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​ហើយ​នៅ​ឆ្នាំ​២០២៣ យើង​សង្ឃឹមថានឹង​អាច​ផ្គត់ផ្គង់​យ៉ាងហោចណាស់​៩០​ភាគរយ​នៃ​តំបន់​សេវា​ផ្គត់ផ្គង់​ទឹក​។ ​ក្រោយ​គម្រោង​នេះ​ដាក់ឱ្យ​ដំណើរការបាន​ជួយ​ប្រជាជន​ដែល​អត់​បណ្តាញ​ប្រើប្រាស់​បានមក​សម្រុក​ដា​ក់​ពាក្យ​ត​បណ្តាញ ដែល​រហូតមក​ដល់ពេលនេះ​មាន​ប្រជាជន​ជាង​២០០០​គ្រួសារ​មក​ត​បណ្តាញ​។

​លោក ទី គាន បាន​បន្តថា​៖​ មុន​គម្រោង​ដំណើរការ​ឬ​មុនពេល​រោងចក្រ​ថ្មី​ចាប់ដំណើរការ ខេត្តកំពត​ជួបប្រទះ​បញ្ហា​ខ្វះ​ទឹក​ខ្លាំង​សម្ពាធ​ទឹក​ចុង​ប​ខ្សោយ​ឬ​អត់​ចេញ​ហើយ​ផ្គត់ផ្គង់​ទឹក​បានតែ​៦​ពាន់​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។​តែ​ឥឡូវ​អាច​ផលិត​៧៥០០​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ​។​សព្វថ្ងៃ​ផ្គត់ផ្គង់​បាន​១០០០​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ​ហើយ​សរុប​ទាំង​រោងចក្រ​ថ្មី​និង​រោងចក្រ​ចាស់​អាច​ផលិត​បាន​១៣០០០​គូប​ក្នុង​១​ថ្ងៃ​និង​ផ្គត់ផ្គង់​១​ម៉ឺន​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ​។

​យោងតាម​ចៃ​កា​បានឱ្យដឹងថា​៖​ លទ្ធផល​នៃ​គម្រោង​នេះ​នឹង​បង្កើន​ការទទួលបាន​ទឹកស្អាត​ប្រើប្រាស់​និង​កែលម្អ​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​,​ អត្រា​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​តំបន់​នឹង​កើន​ពី​ ៤៧​ភាគរយ​ក្នុង​ឆ្នាំ​២០១៣(​មុន​ចាប់ផ្តើម​គម្រោង​)​ ដល់​៩២​ភាគរយ​ក្នុង​ឆ្នាំ​២០២១​។

គិត​ត្រឹម​ឆ្នាំ​២០២១​ ចំនួន​ប្រជាជន​ដែល​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​ក្នុង​ក្រុង​កំពត​នឹង​កើនឡើង​ពី​ចំនួន​២៣ ៦៥៧​នាក់​(​មុន​ចាប់ផ្តើម​គម្រោង​)​ដល់​៥៥ ៨៧៤​នាក់​។​ សុខភាព​សាធារណៈ​និង​អនាម័យ​ផ្ទាល់ខ្លួន​នឹងត្រូវ​បាន​កែលម្អ​តាមរយៈ​ការផ្លាស់ប្តូរ​ទំលាប់​ពី​ការប្រើប្រាស់​ទឹកភ្លៀង​និង​ទឹក​អណ្តូង​មកប្រើប្រាស់​ទឹកស្អាត​ដែល​ផ្គត់ផ្គង់​ដោយ​រដ្ឋាករទឹក៕

រូបថត៖ រស្មីកម្ពុជា

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;