ក្រសួង​មហាផ្ទៃ​ទទួលស្គាល់​សមាជ​គណបក្ស​អំណាច​ខ្មែរ ប្ដូរឈ្មោះ​ទៅ​ជា​ គណបក្ស​ខ្មែរ​ឈ្នះ

  • 2019-03-29 03:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​សមាជ​វិសាមញ្ញ​របស់​គណបក្ស​អំណាច​ខ្មែរ កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ ដោយ​អនុម័ត​ក្នុងការ​ប្ដូរឈ្មោះ​ទៅជា​គណបក្ស​ខ្មែរ​ឈ្នះ។ នេះ​បើ​យោងតាម​លិខិត​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ផ្ញើជូន​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​អំណាចខ្មែរ កាលពីថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០១៩។

នៅក្នុង​លិខិត​របស់​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់ នូវ​លទ្ធផល​សមាជ​វិសាមញ្ញ​របស់​គណបក្ស​អំណាច​ខ្មែរ ដែល​បាន ប្រារព្ធ​ធ្វើកាល​ពីថ្ងៃទី១៥ ខែ​មីនា ឆ្នាំ​២០១៩ ដែលបាន​សម្រេច​អនុម័ត​ក្នុងការ​ប្ដូរឈ្មោះ​គណបក្ស​អំណាច​ខ្មែរ មកជា​គណបក្ស​ខ្មែរឈ្នះ និងការ​ធ្វើវិសោធនកម្ម​របស់​គណបក្ស​នោះ​ហើយ។

សូម​ជម្រាប​ថា គណបក្ស​អំណាច​ខ្មែរ បានធ្វើ​សមាជ​កាល​ពីទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ ដើម្បី​ប្តូរ​ឈ្មោះ​គណបក្ស​។ ការប្តូរឈ្មោះ​គណបក្ស​នេះ គឺ​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​គណបក្ស​អំណាច​ខ្មែរ ប្តូរ​ឈ្មោះ ដោយសារតែ​មានការ​ប្តឹង​ជំទាស់​ពី​អតីត​សមាជិក​ស្ថាបនិក និង​អតីត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​អំណាច​ខ្មែរ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានធ្វើ​លិខិត​ជម្រាប​ទៅ​លោក​សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ ធ្វើការ​ពិនិត្យ និង​សម្រេច​ប្តូរ​ឈ្មោះ គណបក្ស​អំណាច​ខ្មែរ ឡើងវិញ ដោយសារតែ​ក្រសួងមហាផ្ទៃ​បានទទួល​នូវ​លិខិត​របស់​អតីត​សមាជិក​ស្ថាបនិក និង​អតីត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​អំណាច​ខ្មែរ ដែល​បាន​សំ​ណូ​លម​ពរ​មក​ក្រសួងមហាផ្ទៃ ធ្វើការ​ហាមឃាត់​បុគ្គល ឬ​ក្រុម​ផ្សេងៗ​ទៀត ដែល​មិនមែនជា​ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ បន្ត​ប្រើប្រាស់​ឈ្មោះ​គណបក្ស ដោយ​ផ្អែក​តាមច្បាប់​ស្តីពី​គណបក្សនយោបាយ និង​លក្ខន្តិកៈ របស់​គណបក្ស​អំណាច​ខ្មែរ ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​មា​ពេលកន្លងមក៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;