សម្តេច ហ៊ុន សែន ប្រកាស​ថា ចាប់ពីឆ្នាំ​២០២០​ទៅ ថ្ងៃ​ឈប់​សម្រាក​នឹង​ត្រូវ​កាត់បន្ថយ ៧ថ្ងៃវិញ

  • 2019-03-29 04:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា ចាប់ពីឆ្នាំ​២០២០ទៅ ថ្ងៃ​ឈប់សម្រាក​នឹង​ត្រូវ​កាត់​បន្ថយ​ចំនួន ៧​ថ្ងៃវិញ ដើម្បី​លើកទឹកចិត្ត​ដល់អ្នកវិនិយោគ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច។ ការ​ប្រកាស​នេះ ធ្វើឡើង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន​លើកទី១៨ នៅ​វិមាន​សន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច​បញ្ជាក់​ថា ការកាត់​បន្ថយ​ថ្ងៃ​ឈប់សម្រាក​នេះ មិនមែន​មានន័យ​ថា ពិធីបុណ្យ ឬការ​ប្រារព្ធទិវា ដែល​តែងតែ​ធ្វើឡើង​ជារៀងរាល់ឆ្នាំ​នោះ ត្រូវ​លុបចោល​វិញ​នោះ​ទេ។ សម្តេច​ក៏បាន​ឱ្យដឹង​បន្ថែម​ដែរ​ថា ពិធីបុណ្យ​ចូលឆ្នាំខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យអុំទូក គឺ​ត្រូវ​រក្សាទុក ថ្ងៃឈប់​សម្រាក​ចំនួន៣ថ្ងៃ​ដដែល។ ដោយឡែក​បុណ្យ​ចម្រើន​ព្រះជន្ម ដែល​តែងតែ​ឈប់​សម្រាក ៣​ថ្ងៃ គឺត្រូវកាត់​បន្ថយ ២ថ្ងៃ ដោយឈប់​តែ១ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅថ្ងៃទី​១៤ ខែឧសភា ដែល​ជាថ្ងៃ​ព្រះ​មហាក្សត្រ​ប្រសូត្រ។

សម្តេច​បាន​លើកឡើង​សារជាថ្មីដែរថា កម្ពុជា ជាប្រទេស​ក្រីក្រ ប៉ុន្តែមាន​ថ្ងៃឈប់សម្រាក​ច្រើនជាងប្រទេស​អ្នកមាន​ទៅទៀត។

ជាមួយគ្នានោះ ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​ស្នើសុំការយោគយល់​ពីមន្រ្តីរាជការ និងកម្មករ​ផងដែរ ចំពោះការកាត់​បន្ថយ​ថ្ងៃឈប់សម្រាក​នេះ​ផងដែរ។

ទន្ទឹមនឹង​ការ​ប្រកាស​ខាងលើ​នេះ​ដែរ សម្តេចតេជោ ក៏បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​កម្មករ-និយោជិត​ថា គួរកុំឈប់​នៅថ្ងៃបុណ្យ​ឈប់​សម្រាក​ដែលមាន​តែ១ថ្ងៃ ពោលគឺ​ត្រូវ​សន្សំ​ទុក​ឈប់​សរុប នៅថ្ងៃ​បុណ្យធំៗ​ដូចជា បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យភ្ជុំបិណ្ឌ​ជាដើម ដើម្បី​អាច​ទៅលេង​ស្រុក​កំណើត​បាន​យូរ​ថ្ងៃ។

យោងតាម​អនុក្រឹត្យ​ ស្តីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រី​រាជការ និយោជិត កម្មករ ប្រចាំ​ឆ្នាំ​២០១៩​ ចុះថ្ងៃទី​៤ខែតុលា ឆ្នាំ​២០១៨​ បានឲ្យដឹង​ថា ថ្ងៃ​ឈប់​សម្រាក​ការងារ ​ក្នុង​ឆ្នាំ​២០១៩នេះ មាន​ចំនួន ២៨​ថ្ងៃ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;