ប្រព័ន្ធ​ដែល​អាច​ផ្គត់ផ្គង់ទឹកស្អាត ដល់ជាង ១ម៉ឺនម៉ែត្រ​គូបក្នុង១ថ្ងៃ ត្រូវបាន​សម្ពោធ​ជាផ្លូវការ

  • 2019-04-02 04:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្ត​កំពត ស្ថិតក្នុង​សង្កាត់​កំពង់បាយ ក្រុង​កំពត ដែល​សាងសង់ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន តម្លៃ​ជាង ២៦លានដុល្លារ ត្រូវបាន​សម្ពោធដាក់​ឱ្យប្រើប្រាស់​ហើយ ក្រោម​អធិបតីភាព​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹក​ថ្ងៃទី២ ខែ​មេសា ឆ្នាំ​២០១៩។

ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តកំពត​នេះ បានចាប់​ផ្តើម​សាងសង់​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៦ ហើយ​បញ្ចប់​ការ​សាងសង់​ជាស្ថាពរ​កាលពី​ខែ​សីហា ឆ្នាំ​២០១៨។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ឲ្យដឹង​ថា តាម​រយៈ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ នឹង​ជួយឱ្យ​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​កំពត មាន​សមត្ថភាព​ផលិត​ទឹកស្អាត​សរុប ប្រមាណ ១៣,២៦០ម៉ែត្រគូប​ក្នុងមួយ​ថ្ងៃ គឺ​ស្មើនឹង​ជាង​២ដង​នៃ​សមត្ថភាព​ផលិត​ពីមុន។

វត្តមាន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ថ្មីនេះ រួម​ជាមួយ​បណ្តាញ​ចែកចាយ​សរុប​ប្រវែង ១៧៦,៩​គីឡូម៉ែត្រ ធ្វើឱ្យ​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​កំពត អាចមាន​លទ្ធភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​ដែលមាន​គុណភាព សុវត្ថិភាព និរន្តរភាព និង​តម្លៃ​សមរម្យ ដោយ​គិតជា​ថ្លៃ​មធ្យម ១៤០០រៀល​ក្នុង១​ម៉ែត្រ​គូប ជូន​ប្រជាពលរដ្ឋ​នៅក្រុង​កំពត និង​ស្រុក​ទឹកឈូ សរុប​ប្រមាណ ១៣ ០០០​គ្រួសារ។

ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ ក៏ជា​ការ​រួមចំណែក​ធ្វើឱ្យ​អង្គភាព​រដ្ឋាករ​ទឹក​ខេត្តកំពត សម្រេច​បាននូវ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែលបាន​កំណត់​ថា «ត្រូវ​ពង្រីក​វិសាលភាព​នៃការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ទីក្រុង ទីប្រជុំជន​ឱ្យបាន​៩០% ត្រឹមឆ្នាំ​២០២៣ និង ១០០% ត្រឹមឆ្នាំ​២០២៥ សម្រាប់​បម្រើ​តម្រូវការ​ចាំបាច់​របស់​ប្រជាជន ក៏​ដូចជា​សម្រាប់​ផលិតកម្ម និង​សេវាកម្ម​នានា»៕

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;