ថៃ៖ បក្ស​ប្រជាធិប​តេយ្យ ត្រូវ​បាន​ជំរុញ​ឱ្យ​ចូលរួម​ជាមួយ​បក្ស​ភឿថៃ បង្កើត​រដ្ឋាភិបាល​ចម្រុះ

  • 2019-04-02 07:08:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហភាព​និស្សិត​ថៃ បាន​អំពាវនាវ​ឱ្យគណ​បក្ស​ប្រជាធិបតេយ្យ ចូលរួម​ជាមួយ​គណបក្ស​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ ដែល​ជាវិធី​តែមួយគត់​ក្នុង​ការ​បញ្ចប់​អំណាច​​ក្រុមប្រឹក្សា​ជាតិ​សម្រាប់​សន្តិភាព និង​សណ្តាប់​ធ្នាប់ (NCPO) របស់​លោក​ប្រាយុទ្ធ​ ចាន់អូចា ជា​ជាង​ត្រឹម​ធ្វើជា​បក្ស​ប្រឆាំង។

លោក Parit Chiwarak ប្រធាន​សហភាព​និស្សិត​ថៃ បាន​ថ្លែងក្នុងសន្និសីទមួយ​​កាលពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៩ ​ថា ប្រសិន​បើគណបក្ស​ប្រជាធិបតេយ្យ សម្រេច​ចិត្ត​អង្គុយ​ក្នុង​សភា ត្រឹម​ធ្វើតែ​ជាបក្ស​ប្រឆាំង នោះ​របប​យោធា​ថៃ នឹង​នៅតែ​បន្ត​ក្តោប​ក្តាប់​អំណាច​កាន់តែ​យូរ។

រូបថត៖ Bangkok Post
លោក​ជំរុញ​គណបក្ស​ប្រជាធិបតេយ្យ​ គួរតែ​សម្រេច​ចិត្ត​ឱ្យបាន​កាន់តែឆាប់​តាម​ដែល​អាច​ធ្វើបាន។ ការ​ជំរុញ​នេះ ក្នុង​ពេល​ដែល​លោក​បាន​ទៅដល់​ការិយាល័យ​របស់​គណបក្ស​ ដើម្បី​បញ្ជូន​លិខិត​នេះ ទៅ​ឱ្យ​លោក Jurin Laksanavisit ដែល​ជា​ប្រធាន​បក្ស​ស្តីទី។

«បើទោះ​បីជាខ្ញុំ​មិនមែន​ជា​សមាជិក​បក្ស​នយោបាយ ហើយ​មិន​ស្ថិត​ក្នុង​ចំណោម​មនុស្ស ៣,៩លាន​នាក់ ដែល​បោះឆ្នោត​ឱ្យ​គណបក្សនេះ​ក៏​ដោយ ក៏​ខ្ញុំប្រើសិទ្ធិ​របស់ខ្ញុំ ក្នុងការ​ផ្តល់​គំនិត និង​ការ​អំពាវនាវ​របស់​ខ្ញុំ ទៅកាន់​គណបក្ស​នយោបាយ​ដែរ»។ នេះ​បើតាម​បញ្ជាក់បន្ថែម​របស់​លោក Parit Chiwarak។

សូម​រំលឹក​ថា កាលពី​ថ្ងៃទី ២៧ ខែមីនា​កន្លងទៅ គណបក្ស​ចំនួន ៧ រួមមាន៖ គណបក្ស Pheu Thai, គណបក្ស Future Forward, គណបក្ស Seri Ruam Thai, គណបក្ស Prachachart, គណបក្ស Puea Chart, គណបក្ស New Economics និង​គណបក្ស Thai People Power បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ គណបក្ស​ទាំងនេះ នឹងរួម​បញ្ចូលគ្នា ដើម្បី​ឈានដល់​ចំនួន​អាសនៈ​លើសពី ២៥០​អាសនៈ​ក្នុងសភា អាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយបាន។

រូបថត៖ Thai PBS

កាលពី​យប់ថ្ងៃទី​២៤ ខែ​មីនា លោក អាភីស៊ីត វីចចាជីវ៉ា បាន​លាលែង​ពី​តំណង​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ កាលពី​យប់ថ្ងៃ​ទី២៤ ខែ​មីនា ឆ្នាំ​២០១៩ ដើម្បី​បង្ហាញ​ពី​ទំនួល​ខុសត្រូវ​ដែល​បរាជ័យ​ក្នុងការ​បោះឆ្នោត (មិនទទួលបាន ១០០អាសនៈ​ ដូចតាមការសន្យា) ប៉ុន្តែ​លោក​ក៏បាន​បង្ហាញពី​បំណង​ចង់ឱ្យ​គណបក្សនេះ ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ផងដែរ៕

រូបថត៖ ផ្តល់សិទ្ធិ​ដោយ Reuters

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;