រាជរដ្ឋាភិបាល​ យល់ព្រម​​ឱ្យ​សាងសង់​ស្ថានីយ​វារី​អគ្គិសនី និង​ស្ថានីយ​សូឡា នៅ​ពោធិ៍សាត់-កំពង់ឆ្នាំង

  • 2019-04-05 04:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កិច្ចប្រជុំ​គណៈ​រដ្ឋមន្រ្តី​ក្រោម​អធិបតី​សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ​២០១៩នេះ បាន​សម្រេច​អនុម័ត​ទាំងស្រុង​​លើ «​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ (ស្រុក​វាលវែង) និង​គម្រោង​វិនិយោគ​ស្ថានីយ​អគ្គិសនី​ដើរដោយ​ពន្លឺ​ព្រះ​អាទិត្យ ០២ កន្លែង​ (នៅ​ពោធិ៍សាត់ ០១​កន្លែង ៦០MW និង​នៅ​កំពង់​ឆ្នាំង ០១ កន្លែង ៦០MW) ដើម្បី​ផលិត​អគ្គិសនី​ លក់ឲ្យ​អគ្គិសនី​កម្ពុជា»។

រូបថត៖ រស្មីកម្ពុជា
យោងតាម​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ឱ្យដឹង​យ៉ាង​ដូច្នេះ​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាត​ជា​គោលការណ៍​ឲ្យ​ក្រុមហ៊ុន KTC Cable Co.,Ltd និង​ដៃគូ ធ្វើការ​វិនិយោគ និង​សាងសង់​គម្រោង​វារី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់១ តាម​រូបភាព សាងសង់-ដំណើរការ-ផ្ទេរ(BOT) និង​អនុញ្ញាត​ឲ្យ​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​ ដើម្បី​ធ្វើការ​ចរចា​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន KTC Cable Co.,Ltd។ នៅ​ខែ​មិថុនា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​យល់ព្រម​ឲ្យ​ក្រុមហ៊ុន KTC Cable Co.,Ltd ប្តូរ​ឈ្មោះ​ទៅជា​ក្រុមហ៊ុន SPHP(Cambodia)Co.,Ltd។ ដើម្បី​សម្រួល​ដល់ការ​អនុវត្ត​តាម​នីតិវិធី​នៃ​ការវិនិយោគ។
រូបតំណាង

ការ​វិនិយោគ​នេះ ក្រោម​ទុន​សរុប ២៣១,១០​លានដុល្លារ​អាមេរិក។ ទំហំ​ការងារ​ដែល​ក្រុមហ៊ុន​ត្រូវសាងសង់​រួមមាន៖ ទំនប់ទឹក បំពង់​បង្ហូរ​ទឹក​ ផ្លូវថ្នល់ សា្ថនីយ​វារី​អគ្គិសនី​អានុភាព ៨០ MW ខែ្ស​បញ្ជូន​តង់ស្យុង​ខ្ពស់ ២៣០​គីឡូវ៉ុល ប្រវែង ៥​គីឡូម៉ែត្រ ពី​ស្ថានីយ​វារី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់១ ទៅភ្ជាប់​ជាមួយ​ខែ្ស​បញ្ជូន​តង់ស្យុង​ខ្ពស់ ២៣០ គីឡូវ៉ុល ដែលមាន​ស្រាប់​ ពី​អនុស្ថានីយ​អូរសោម ទៅ​អនុស្ថានីយ​ពោធិ៍សាត់ និង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ទាប់​បន្សំ​ដ៏ទៃ​ទៀត។ រយៈពេល​សម្ប​ទាន ៣៩​ឆ្នាំ ក្នុង​នោះ ៤​ឆ្នាំ សម្រាប់​ការ​សាងសង់ និង​ ៣៥​ឆ្នាំ សម្រាប់​ការ​ធ្វើអាជីវកម្ម។

ចំពោះ​គម្រោង​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ០២​កន្លែង នៅស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ និង​នៅស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង គឺ​រាជរដ្ឋាភិបាល​ អនុញ្ញាត​ឲ្យ​គណៈកម្មការ​អន្តរក្រសួង ធ្វើការ​ចរចា​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន ក្នុង​លក្ខខណ្ឌ​ដាក់​ឲ្យដំណើរការ​បន្ទាន់​នៅឆ្នាំ២០២១៕

រូបតំណាង

អត្ថបទ៖ សំភី

អត្ថបទថ្មី
;