កូរ៉េខាងត្បូង កំពុង​តស៊ូ​នឹង​គ្រោះធម្មជាតិ​ភ្លើង​ឆេះព្រៃ​ដ៏​អាក្រក់​បំផុត

  • 2019-04-05 08:21:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​កូរ៉េ​ខាងត្បូង នាថ្ងៃទី៥ ខែ​មេសា​នេះ បាននឹង​កំពុង​ជួប​ហេតុការណ៍​គ្រោះធម្មជាតិ​ដ៏​អាក្រក់​បំផុត គឺ​ភ្លើង​ឆេះព្រៃ ដែល​បាន​រាលដាល​ដល់ទីក្រុង​នៅតាម​បណ្តោយឆ្នេរ​សមុទ្រ​ភាគខាងកើត ហើយប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រោះមាន​អាសន្ន​ទៀតផង។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់ Yonhap News។

មន្រ្តី​សង្គ្រោះប្រមាណ ១៣០០០នាក់ នៅទូទាំង​ប្រទេស បាន​ព្យាយាម​ពន្លត់​ភ្លើងឆេះព្រៃ​នេះ ដែលវា​ចាប់ផ្តើម​កើតឡើង​នៅស្រុក Goseong ជាតំបន់​ភ្នំ ស្ថិត​នៅប៉ែក​ឦសាន​ចម្ងាយ ១៦០គីឡូម៉ែត្រ​ពីក្រុងសេអ៊ូល ហើយ​បាន​រាលដាលទៅកាន់​ក្រុងដទៃ​ទៀត​ជាបន្តបន្ទាប់។

បុរស​ម្នាក់​បាន​ស្លាប់ និង​៣៥នាក់​រងរបួស​ នៅក្នុង​ហេតុការណ៍​នេះ ខណៈ​ដែល​មនុស្ស​រាប់ពាន់​នាក់​ បាន​ចាកចេញពីទីលំនៅ​របស់​ខ្លួន។

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៉ូន ចេអ៊ីន បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​របស់​លោក បង្កើត​នូវ​កិច្ច​ប្រឹង​ប្រែង​ទាំងអស់ ដើម្បី​ពន្លត់​អគ្គិភ័យនេះ ហើយជួយ​ជនរងគ្រោះ។ ជាមួយគ្នានោះ លោក​បាន​ប្រាប់​មន្រ្តី​ឱ្យបង្កើត​តំបន់​ដែលទទួល​រង​គ្រោះ​នេះ ជា​តំបន់​គ្រោះ​មហន្តរាយ​ពិសេស ដែល​នឹងជួយ​ដល់​ការ​ផ្តល់​ជំនួយនានា​ទៅកាន់​ប្រជាជន​។

ខណៈ​ដែល​ភ្លើងឆេះព្រៃ បាន​កើតឡើង​នៅជិត​ព្រំដែន​កូរ៉េខាងជើង រដ្ឋាភិបាល​កូរ៉េខាងត្បូង បញ្ជាក់​ថា ខ្លួន​នឹង​ចែក​រំលែកព័ត៌មាន​នេះ ជាមួយ​កូរ៉េខាងជើង អំពីស្ថាន​ភាព​ភ្លើងឆេះព្រៃ និង​ការសង្គ្រោះ ហើយថែមទាំងរកកិច្ចសហការ​ទ្វេភាគី​ផងដែរ ប្រសិន​បើ​ចាំបាច់។

គិត​ត្រឹម​ព្រឹក​ម៉ោង ១១ព្រឹក​ថ្ងៃទី៥មេសា អគ្គិភ័យនេះ បាន​បំផ្លាញ​ព្រៃឈើ​លើ​ផ្ទៃដី​ប្រមាណ ៥២៥​ហិកតា និង​បំផ្លាញ​ផ្ទះប្រមាណ និង​អគារ​ប្រមាណ ២០០៕

រូបថត៖ ផ្តល់សិទ្ធិដោយ Reuters

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;