លោក ដូណាល់ ត្រាំ ប្រកាស​ពីការ​លាលែង​តំណែង​របស់​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​​មាតុភូមិ​អាមេរិក

  • 2019-04-08 07:37:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​នៅលើ​បណ្តាញ Twitter របស់​លោក កាលពី​ម្សិលមិញ​ អំពី​ចាកចេញ​ពី​តំណែង​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​របស់​លោកស្រី Kirstjen Nielsen។ ​លោកបាន​អរគុណ​​លោកស្រី ចំពោះ​ការបំពេញ​មុខងារ​នេះ​នាពេល​កន្លងមក។

រូបថត៖ AP
លោក ដូណាល់ ត្រាំ បន្ថែម​ថា លោក Kevin McAleenan ដែល​ជា​ប្រធាន​គណៈ កម្មការ​គយ និង​ព្រំដែន​អាមេរិក​នា​ពេល​បច្ចុប្បន្ន នឹងត្រូវ​តែង​តាំង​ជា​រដ្ឋមន្រ្តី​ស្តីទី​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង។

ចំពោះ​ការចុះចេញពី​តំណែង​របស់​លោកស្រី Kirstjen Nielsen មិនត្រូវបាន​គេដឹងច្បាស់ថា ជាការស្ម័គ្រចិត្តរបស់លោកស្រី ឬក៏ការ​រងសម្ពាធ​ណាមួយ​ឡើយ សូម្បី​តែលោកស្រីផ្ទាល់ក៏មិនបញ្ជាក់ពីមូលហេតុ​នេះដែរ ដោយ​គ្រាន់តែចេញសេចក្តីថ្លែងការណ៍​ថា សន្តិសុខ​ផ្ទៃក្នុងរបស់អាមេរិក នាពេលបច្ចុប្បន្ន​កាន់តែមាន​សុវត្ថិភាព​ជាង​ពេល​លោក បានចូល​កាន់តំណែង​នេះ កាល​ខែធ្នូ ឆ្នាំ​២០១៧។

លោកស្រី​បញ្ជាក់​យ៉ាងដូច្នេះ​ថា៖ «យើងបាន​អនុវត្ត​កិច្ចប្រឹងប្រែង​ជា​ប្រវត្តិសាស្រ្ត ក្នុងការការពារ​ព្រំដែន​របស់យើង ប្រយុទ្ធប្រឆាំងនឹង​អន្តោប្រវេសន៍​ខុសច្បាប់ ទប់ស្កាត់លំហូរ​គ្រឿងញៀន និង​ពង្រឹង​ច្បាប់​របស់​យើង»។

លោកស្រី​ Kirstjen Nielsenក៏បាន​កត់សម្គាល់​ដែរថា ក្រសួង​នេះ បាន​ទប់ស្កាត់​នូវការ​រំខាន​ក្នុងដំណើរការ​បោះឆ្នោត​របស់​អាមេរិក និងការពារ​ការជ្រៀតជ្រែក​របស់​បរទេស​ក្នុង​ប្រជាធិបតេយ្យ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;