ធនាគារ​អេស៊ីលីដា រំពឹង​រកប្រាក់​ចំណេញ​ប្រមាណ​១០០លាន​ដុល្លារ​ នៅ​ឆ្នាំ​២០១៩​នេះ

  • 2019-04-09 02:01:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ​អេស៊ីលីដា បាន​រំពឹងថា​នឹង​រកប្រាក់​ចំណេញ​ប្រមាណ​១០០​លាន​ដុល្លារ​​នៅ​ឆ្នាំ​២០១៩​នេះ​ ដែល​នឹង​កើនឡើង​លើស​ឆ្នាំ​២០១៨ ​ដែលមាន​ប្រមាណ​៨៤​លាន​ដុល្លារ​អាមេរិក​។​ ការ​រំពឹង​ប្រាក់​ចំណេញ​កើនឡើង​ខ្ពស់​ជាង​មុននេះ ដោយសារតែ​នៅ​ដើមឆ្នាំ​២០១៩​នេះ ធនាគារ​អេស៊ីលីដា កត់​សម្គាល់ឃើញ​ពី​កំណើន​ល្អ​ខ្លាំង​ជាង​ឆ្នាំ​២០១៨​កន្លងទៅ​។ នេះបើតាមការ​បញ្ជាក់​របស់​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ​នៅក្នុង​ពិធី​ពិធីជប់លៀង​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ជូន​បុគ្គលិក​និង​អតិថិជន​របស់ខ្លួន​កាលពី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​។​

​ លោក​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​ឱ្យដឹង​ទៀតថា​ នៅ​ឆ្នាំ២០១៨ កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន​កើន​ខ្ពស់​ខ្លាំង៧,៥​ភាគរយ ហើយ​ឆ្នាំ​២០១៩​នេះ រំពឹង​ថា នឹង​នៅតែ​មាន​កំណើន​ជាង​៧​ភាគរយ​ដដែល​។​ ក្នុងនោះ វិស័យ​ធនាគារ ក៏មាន​សន្ទុះ​លូតលាស់​ខ្លាំង​ដែរ ជាក់ស្ដែង នៅ​៣ ខែ​ដើម​ឆ្នាំនេះ ធនាគារ​អេស៊ីលីដា មាន​កំណើន​ប្រាក់ចំណូល និង​ទ្រព្យសកម្ម​ខ្ពស់ជាង​បី​ខែ​ដើមឆ្នាំ​២០១៨ ខ្លាំង​គួរ​ឲ្យ​ចាប់អារម្មណ៍​។ តាម​ការឆ្លុះបញ្ចាំង​ពី​កំណើន​នៅ​ដើមឆ្នាំ​នេះ ធនាគារ​អេស៊ីលីដា រំពឹង​ថា ប្រាក់​ចំណេញ​របស់​ខ្លួន ពេញ​១​ឆ្នាំ​២០១៩​នេះ នឹង​កើន​ឡើងដល់ ១០០​លាន​ដុល្លារ​អាមេរិក ខណៈ​ឆ្នាំ​២០១៨ មាន​ត្រឹម​៨៤​លាន​ដុល្លារ​អាមេរិក​។

​ បើតាម​លោក​បណ្ឌិត អ៊ិន ចាន់នី បាន​គូសបញ្ជាក់ថា​៖​ ចំណូល​ធំៗ ដែល​អេស៊ីលីដា​ទទួល​បាន​សម្រាប់​គាំទ្រ​ដល់​កំណើន​នៅ​រយៈពេល​១​ត្រីមាស​ឆ្នាំ​២០១៩ គឺ​បាន​មកពី​សេវា​ទូទៅ ពិសេស គឺ​សេវា​អេស៊ីលីដា យូ​នី​ធី​ទាន់​ចិត្ត ដែល​បច្ចុប្បន្ន​មាន​អ្នកប្រើប្រាស់​ប្រមាណ ១​លាន​នាក់ និង​ចំណូល​ស្នូល​ដ៏​សំខាន់​មួយទៀត​នោះ គឺ​បានមកពី​សេវា​ឥណទាន​។​ ក្នុងនោះ ប្រាក់​បញ្ញើ​អតិថិជន​បាន​កើនឡើង​ជាង១៥​ភាគរយ ដែល​កើន​ឡើង​ទឹកប្រាក់​សរុប​ដល់​ប្រមាណ ជាង​២២​ពាន់លាន​ដុល្លារ​អាមេរិក និង​ឥណទាន​​បាន​កើនឡើង​ជិត​១៩​ភាគរយ ដែលមាន​ទឹកប្រាក់​សរុប​ដល់​២៤,៥ពាន់​លាន​ដុល្លារ​។ រីឯ​អ្នក​ផ្ញើ​ប្រា​ក់នៅ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​វិញ មាន​រហូតដល់​៦​លាន​២​សែន​គណនី​ខណៈដែល​អ្នក​ខ្ចីប្រាក់ មាន​២​លាន​៦​សែន​គណនី​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;