កម្ពុជា ទទួល​បាន​អគ្គិសនី​ជាង ៩,៦ពាន់​លាន​គីឡូវ៉ាត់ម៉ោង ​ពី​វារី​អគ្គិសនី និង​រោងចក្រ​ដុត​ធ្យូងថ្ម

  • 2019-04-09 08:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុង​ឆ្នាំ​២០១៨​កន្លងទៅ បរិមាណ​ផ្គត់ផ្គង់​ដោយវារី​អគ្គិសនី និង​រោងចក្រ​អគ្គិសនី​ដុត​ធ្យូង​ថ្ម ដែល​ជា​ប្រភព​ថាមពល​ផ្ទាល់​របស់​កម្ពុជា សម្រេច​បាន​ជាង ៩,៦ពាន់លាន​គីឡូវ៉ាត់ម៉ោង កើនឡើង​ប្រមាណ ២៤,៨៩% បើប្រៀបធៀបនឹង​ឆ្នាំ​២០១៧។ នេះបើតាម​ខ្លឹមសារ​ក្នុងសារលិខិត​របស់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើរទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំខ្មែរ ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ​២០១៩។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
ក្នុងសារ​លិខិតនេះ​បញ្ជាក់​ថា ការ​តភ្ជាប់​ខ្សែបណ្តាញ​ចរន្ត​ឱ្យ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ថាមពល​អគ្គិសនី​រហូតមកដល់​ឆ្នាំ​២០១៨​នេះ ចំពោះ​គេហដ្ឋាន​ប្រជាពលរដ្ឋ​សុទ្ធសាធ បាន​កើនដល់​ប្រមាណ ២,៥៥លានខ្នងផ្ទះ ត្រូវជា​ប្រមាណ ៧២,១៦% នៃ​ចំនួន​ផ្ទះ​សរុប​ប្រមាណ ៣,៣៨លាន​ខ្នង និង​គ្រប​ដណ្តប់​ដល់ភូមិ​ប្រមាណ ៨៧% នៃ​ចំនួន​ភូមិសរុប ១៤ ៣៨៣​ភូមិ នៅទូទាំង​ប្រទេស។

កាលពីឆ្នាំមុននេះ​ដែរ រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យដំណើរការ​វារីអគ្គិសនី​សេសាន​ក្រោម២ មាន​អានុភាព ៤០០មេហ្គាវ៉ាត់ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង។

កាលពីថ្ងៃទី​៤ ខែមេសា ឆ្នាំ២០១៩​កន្លងទៅ កម្ពុជា បាន​ទទួល​ថាមពល​អគ្គិសនី​ចំនួន ២០មេហ្គាវ៉ាត់​ជាលើក​ដំបូង ចេញពី​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ។ ស្ថានីយ​នេះ មាន​អនុភាព ៦០​មេហ្គាវ៉ាត់ មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ ក្បែរ​សាលា​នាយ​ទាហាន​សកម្មត្មាតពង ក្នុងស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ។

ដោយឡែក​នៅថ្ងៃទី៥ ខែមេសា ឆ្នាំ​២០១៩ គណៈរដ្ឋមន្រ្តី បាន​សម្រេច​លើ​គម្រោង​សាងសង់​ស្ថានីយ​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់១ នៅស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ មាន​អនុភាព៨០មេហ្គាវ៉ាត់ និង​គម្រោងវិនិយោគ​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ ២កន្លែង ដោយ​១កន្លែងនៅស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​អនុភាព ៦០មេហ្គាវ៉ាត​ និង​១កន្លែងទៀត​នៅស្រុកទឹកផុស ខេត្ត​កំពង់ឆ្នាំង​ មាន​អនុភាព ៦០​មេហ្គាវ៉ាត់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;