យន្តហោះ F-35 របស់​ជប៉ុន ធ្លាក់​ក្នុង​មហា​សមុទ្រ ខណៈ​ប្រទេស​នេះ ​គ្រោងទិញ​បន្ថែម​ ៨៧គ្រឿង​ទៀត

  • 2019-04-10 03:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ស្រាវជ្រាវ និង​សង្គ្រោះ បាន​រកឃើញ​បំណែក​យន្តហោះ​ចម្បាំង F-35 មួយ​គ្រឿង ដែល​បាន​បាត់ខ្លួន​កាលពីថ្ងៃ​អង្គារ​ម្សិលមិញ នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ជិត​ភាគ​ខាងជើង​ជប៉ុន។ នេះបើតាម​អ្នកនាំពាក្យ​កងទ័ព​ស្វ័យ​ការពារ​ជើងអាកាស​របស់​ជប៉ុន នៅថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៩​នេះ។

យ៉ាងណាមិញ អ្នក​នាំពាក្យ​រូបនោះ បន្ថែម​ថា អាកាសយានិក​នៃ​យន្តហោះ​នេះ នៅតែ​បន្ត​បាត់ខ្លួន​រក​មិនទាន់​ឃើញ​នៅឡើយ​ទេ។

យន្តហោះ​នេះ បានបាត់​ខ្លួនចេញ​ពីរ៉ាដា នៅ​ពេល​ហោះហើរ​បាន​ប្រមាណ​ជាង ១៣៥​គីឡូម៉ែត្រ ឆ្ពោះទៅ​ភាគខាងកើត​នៃ​មូលដ្ឋាន​ទ័ព​អាកាស Misawa ក្នុងខេត្ត Aomori កាលពី​យប់​ថ្ងៃទី៩ ខែ​មេសា។

រូបតំណាង (រូបថត៖ Reuters)
បើតាម​កងទ័ព​ស្វ័យការពារ​ជើងអាកាស​ជប៉ុន បានឱ្យដឹងថា យន្តហោះ F-35 ដែលធ្លាក់នេះ គឺ​ទើបតែ​ត្រូវ​បាន​ប្រើប្រាស់​មិនទាន់​បាន១ឆ្នាំផង ពោលគឺ​ត្រូវបាន​ដាក់​ចូលក្នុងជួរកងទ័ព​កាលពីខែ​ឧសភា ឆ្នាំ​២០១៨។ នេះជា​យន្តហោះ​ដំបូង ដែលត្រូវបាន​ដាក់ឱ្យប្រតិបត្តិការ​នៅក្នុង​មូលដ្ឋាន​ទ័ព Misawa ខណៈ​ដែល​រដ្ឋាភិបាល​ជប៉ុន គ្រោង​ទិញ​យន្តហោះ F-35 នេះ​ពី​អាមេរិក​ចំនួន៨៧គ្រឿង​ថែម​ទៀត ដើម្បី​ធ្វើទំនើបកម្ម​ក្នុងជួរកងទ័ព​អាកាស​របស់ខ្លួន ដើម្បីទប់ទល់​នឹង​អំណាច​យោធា​របស់​ចិន ដែល​កំពុង​កើនឡើង​ខ្លាំង។

ការធ្លាក់​យន្តហោះ F-35 នេះ គឺជា​ឧបទ្ទវហេតុ​លើកទី២ បន្ទាប់ពី​យន្តហោះ​ប្រភេទ​នេះ ចាប់ផ្តើម​ហោះហើរ​ជិត ២ទស្សវត្ស​កន្លងទៅ។ វា​ក៏ជា​ការធ្លាក់​លើកទី១​ផងដែរ របស់​យន្តហោះ F-35 ជំនាន់​ទី៥ ដែល​ត្រូវបាន​ផលិតឡើង​ក្នុងការ​វាយលុក​ប្រព័ន្ធ​ការពារ​របស់​សត្រូវ ពោលគឺ​វា​អាចគេច​ចេញពី​រ៉ាដា​របស់​សត្រូវ​បាន៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;