ក្រុមហ៊ុន​នៅ​កូរ៉េខាងត្បូង​ នឹងផ្គត់ផ្គង់គ្រឿងបង្គុំ សម្រាប់រថយន្តអគ្គិសនីវៀតណាម

  • 2019-04-10 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​នៅ​កូរ៉េខាងត្បូង​ LG Chem បានព្រមព្រៀង​រួចរាល់ហើយ ក្នុង​ការ​ផ្គត់ផ្គង់​គ្រឿង​បង្គំ​អាគុយប្រភេទ lithium-ion សម្រាប់​រថយន្តអគ្កិសនីនាថ្ងៃអនាគតឲ្យ ក្រុមហ៊ុន VinFast ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ស្រុក​លើក​ដំបូង​របស់​ប្រទេស​វៀតណាម។ នេះ​បើ​យោង​តាម​វេបសាយ Vietnam express ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ៩ ខែ​មេសា ​ឆ្នាំ​២០១៩។

ប្រភពដដែលបានបន្ថែមថា ចំពោះបច្ចេកទេសនិងបច្ចេកវិទ្យាថ្មីៗ នឹងត្រូវបានបង្រៀនដោយអ្នកជំនាញមកពីក្រុមហ៊ុន LG ដោយផ្ទាល់។

រថយន្ត VinFast ជារថយន្តផលិតក្នុងស្រុកលើកដំបូងរបស់វៀតណាម (រូបថត៖ Vietnam News)
ក្រុមហ៊ុន Vingroup ដែល​ជា​មេ​របស់ VinFast បាន​ចាក់​បញ្ចូល​លុយ​ជាង ១៣​ ពាន់​លាន​ដុង (ប្រហែល ៥៨០ លាន​ដុល្លារ​អាមេរិក) ទៅ​ក្នុង​គម្រោង​យានយន្ត​របស់ VinFast ក្នុង​រយៈ​ពេល​៩ខែ ឆ្នាំ២០១៨​។ VinFast មាន​ទំហំ​នៃ​ការ​វិនិយោគ​សរុប​ចំនួន ៤,២​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​មាន​ប្រភព​ពី​ក្នុង និង​ក្រៅ​ស្រុក។
រថយន្ត VinFast ជារថយន្តផលិតក្នុងស្រុកលើកដំបូងរបស់វៀតណាម (រូបថត៖ Vietnam News)

VinFast បាន​បង្ហាញ ​រថយន្ត​លើក​ដំបូង​របស់​ខ្លួន ​ចំនួន ២​ម៉ូដែល គឺ LUX A2.0 (ប្រភេទ sedan ទ្វារ៤) និង​ LUX SA2.0 (ប្រភេទ SUV) នៅ​ក្នុង​ពិព័រណ៍​នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ដើម​ខែ​តុលា ឆ្នាំ​២០១៨។ VinFast បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​នៅ​អឺរ៉ុប និង​អាមេរិក ដែល​មាន​ជំនាញ​ខាង​វិស័យ​យានយន្ត​នេះ​ ដូចជា BMW, Bosch, Magna Steyr និង Pininfarina ដើម្បី​បង្កើត​ជា​រថយន្ត​ទាំងពីរ​ម៉ូដែល​របស់​ខ្លួន​ឡើង។

ទីតាំងរោងចក្រ VinFast នៅក្រុង Hai Phong

VinFast គ្រោង​ផលិត​រថយន្ត​ចំនួន ២៥​ម៉ឺន​គ្រឿង នៅ​ដំណាក់​កាល​ដំបូង និង​ផលិត ៥០​ម៉ឺន​គ្រឿង​ទៀត នៅ​ដំណាក់​កាល​បន្ទាប់ ដើម្បី​ក្លាយ​ជា​អ្នក​ផលិត​រថយន្ត​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន​ក៏​បាន​អះអាង​ថា រថយន្ត​នេះ​ នឹង​មាន​តម្លៃ​សមរម្យ ដើម្បី​លក់​ជូន​ប្រជាជន​វៀតណាម​។ ក្រុមហ៊ុន​ដដែល គ្រោង​បញ្ចេញ​លក់​រថយន្ត​ទាំងនេះ នៅ​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩​ខាងមុខ​៕

អត្ថបទទាក់ទង៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;