អាមេរិក គំរាម​ដំឡើង​ពន្ធ​​លើ​ទំនិញ​របស់​អឺរ៉ុប​ដែល​មាន​តម្លៃ ១១ពាន់​លាន​ដុល្លារ

  • 2019-04-10 08:53:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​គំរាម​​ថា នឹង​ដំឡើង​ពន្ធ​លើ​ទំនិញ​របស់​សហភាពអឺរ៉ុប​ដែលមាន​តម្លៃ​សរុប ១១ពាន់​លាន​ដុល្លារ ខណៈ​ដែល​ភាគី​ទាំង២ កំពុង​មាន​ភាព​តានតឹង​នឹង​គ្នា​រឿង​ឧបត្ថម្ភធន​ដល់​ក្រុមហ៊ុន Airbus។

តាម​រយៈ​ការ​បង្ហោះ​នៅលើ​បណ្តាញ Twitter កាលពី​ថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០១៩ លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ថា ការ​ផ្តល់ប្រាក់​ឧបត្ថម្ភ​របស់​សហភាពអឺរ៉ុប ទៅឱ្យក្រុមហ៊ុន Airbus ដែល​ជាគូ​ប្រជែង​ដ៏ធំ​បំផុត​របស់​ក្រុមហ៊ុន Boeing គឺបាន​ប៉ះពាល់​ដល់​សហរដ្ឋអាមេរិក។ «សហភាពអឺរ៉ុប បានកេងចំណេញលើ​ពាណិជ្ជកម្ម​ជាមួយអាមេរិក អស់រយៈពេល​ជាច្រើនឆ្នាំមកហើយ។ វានឹងត្រូវបញ្ចប់​ក្នុងពេលឆាប់ៗ»។

ការ​គំរាម​របស់​លោក​ដូណាល់ ត្រាំ ខាងលើនេះ ធ្វើឡើង​បន្ទាប់ពី​តំណាងពាណិជ្ជកម្មអាមេរិក បាន​ស្នើដាក់​បញ្ជីទំនិញរបស់​សហភាព​អឺរ៉ុប ក្នុងការ​យកពន្ធ គិតចាប់ពី​យន្តហោះពាណិជ្ជកម្មធុនធ្ងន់ រហូត​ដល់ផលិតផល​ធ្វើពី​ទឹកដោះគោ និង​ស្រា ដោយ​ការដាក់មុខទំនិញនេះ គ្រោងនឹង​បញ្ចប់​នារដូវក្តៅខាងមុខ។

ការ​វាយប្រហារ​ជា​សាធារណៈ​របស់​ប្រធានាធិបតី​អាមេរិក ទៅលើ​សហភាព​អឺរ៉ុប​បែបនេះ ខណៈ​ដែល​រដ្ឋបាល​របស់​លោក មិនទាន់​បាន​ដោះស្រាយ​ចប់នៅឡើយ​លើ​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ ចិន ម៉ិចស៊ីកូ និង​កាណាដា៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;