អារ៉ាប់រួម គ្រោងទិញយានរុស្ស៊ី ដើម្បីដឹកជនជាតិខ្លួនទៅកាន់ទីអវកាស
- 2019-04-11 03:48:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អារ៉ាប់រួម គ្រោងទិញយានរុស្ស៊ី ដើម្បីដឹកជនជាតិខ្លួនទៅកាន់ទីអវកាស
ចន្លោះមិនឃើញ
ប្រទេសអារ៉ាប់រួម គ្រោងទិញយានអវកាសរុស្ស៊ី Soyuz មួយគ្រឿង ដើម្បីបញ្ជូនអ្នកអវកាសរបស់ខ្លួនទៅកាន់គន្លងផែនដី។ ការបាញ់បង្ហោះនេះ នឹងធ្វើឡើងក្នុងរយៈពេល២ឆ្នាំខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក Sergey Krikalev នាយកផ្នែកអវកាសដែលគ្រប់គ្រងដោយមនុស្ស នៃសាជីវកម្មអវកាសរុស្ស៊ី ROSCOSMOS ថ្លែងទៅកាន់ Sputnik News ក្នុងកិច្ចសម្ភាសមួយ ដោយត្រូវបានចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ។
លោក Sergey Krikalev បន្ថែមថា ប្រសិនបើអារ៉ាប់រួមចុះកុងត្រាជាមួយ ROSCOSMOS នោះយានអវកាស Soyuz នឹងត្រូវផលិតឡើងថែមមួយគ្រឿងទៀត ហើយវាមិនមែនជាផ្នែកនៃកម្មវិធីអវកាសរបស់រុស្ស៊ី ក្នុងការបញ្ជូនអវកាសយានិករុស្ស៊ីទៅកាន់ស្ថានីយអវកាសអន្តរជាតិនោះទេ។
បើតាមលោក Vladimir Ustimenko អ្នកនាំពាក្យ ROSCOSMOS បានលើកឡើងកាលពីខែមុនថា អ្នកអវកាសអារ៉ាប់រួមទី១ អាចធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិនៅលើយាន Soyuz នាចុងខែកញ្ញាខាងមុខ។
គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៨ បេក្ខជនអវកាសអារ៉ាប់រួម២រូប គឺលោក Hazza Mansouri និង លោក Sultan Niyadi បានចាប់ផ្តើមហ្វឹកហាត់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកអវកាសរុស្ស៊ី Yuri Gagarinក្នុងក្រុងមូស្គូ ដើម្បីត្រៀមធ្វើដំណើរជាប្រវត្តិសាស្រ្តទៅកាន់ស្ថានីយអវកាសអន្តរជាតិ៕