កម្ពុជា ស្នើ​ឱ្យ​កេនយ៉ា មក​បណ្តាក់​ទុន​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម​ ទេសចរណ៍ និង​ដឹកជញ្ជូន

  • 2019-04-12 06:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តី​ជាន់ខ្ពស់​កម្ពុជា បាន​ស្នើឱ្យ​ប្រតិភូកេនយ៉ា ជួយ​កៀងគរ​ធុរជន​របស់​ខ្លួន ចូល​មក​បណ្តាក់​ទុន​លើ​វិស័យ​សំខាន់ៗ​មាន​ដូចជា៖ កសិកម្ម និង​កសិ-ឧស្សាហកម្ម, ឧស្សាហកម្ម​កែច្នៃ​ផលិតផល​ម្ហូបអាហារ, ទេសចរណ៍ និង​បដិសណ្ឋារកិច្ច, ការដឹក​ជញ្ជូន និង​ឡូជីស្ទិក, បច្ចេក​វិទ្យា​ព័ត៌មាន, រ៉ែ និង​ថាមពល, ការ​អប់រំ និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ជាដើម។

សំណើ​ខាងលើ​នេះ ធ្វើឡើង​ដោយ​លោក ថៅ សុខមុនី អនុ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​លោក សួន វិជ្ជា ប្រធាន​ TTRI ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ប្រតិភូ​មកពី​មហា​វិទ្យាល័យ​ការពារ​ជាតិ​កេនយ៉ា ដែល​ជា​ប្រទេស​ធំមួយ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ A.K Ikenye កាលពី​រសៀល​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៩។

មន្រ្តី​ទាំង​២រូប បាន​ជម្រាប​គណៈ​ប្រតិភូ​អំពី​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា (CTIS) ព្រមទាំង​កិច្ចប្រឹងប្រែង​របស់​ក្រសួង ក្នុងការ​លើក​កម្ពស់​បរិយាកាស​ធុរកិច្ច និង​កិច្ចសម្រួលពាណិជ្ជកម្ម​នៅ​កម្ពុជា។

ក្រៅពីនេះ មន្រ្តី​កម្ពុជា ក៏បាន​លើកឡើង​អំពី​កំណើន​សេដ្ឋកិច្ច និង​សក្តានុពល​នៃ​ទីតាំង​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា, កាលានុវត្តភាព​ធុរកិច្ច, គោលនយោបាយ​វិនិយោគ និង​គោលការណ៍​លើក​ទឹកចិត្ត​ផ្សេងៗ ផ្តល់ជូន​ដោយ​រាជរដ្ឋាភិបាល, តំបន់​សេដ្ឋកិច្ច​ពិសេស និង​គម្រោង Plus One, ស្ថិរភាព​រូបិយបណ្ណជាតិ ព្រមទាំង​ភាព​អនុគ្រោះពន្ធ (EBA និងMFN/GSP) លើនាំ​ការចូល​ទំនិញ ដែលកម្ពុជា​ទទួល​បាន​ពីប្រទេស​ជាដៃគូ​ចំនួន ៣២ នៅក្នុង​ពិភពលោក។

ជាការ​ឆ្លើយតប លោក​ឧត្តមសេនីយ៍ A.K Ikenye និង​ប្រតិភូ បាន​ថ្លែង​អំណរ​គុណ​មន្ត្រី​កម្ពុជា ដែលបាន​ចែករំលែក​នូវព័ត៌មាន​សំខាន់ៗ ស្តីពី​បទ​ពិសោធន៍​របស់​កម្ពុជា លើការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ព្រមទាំង​កាលានុវត្តភាព​ធុរកិច្ច និង​វិនិយោគ​នៅក្នុង​ប្រទេសកម្ពុជា។ ប្រតិភូ​កេនយ៉ា បាន​បង្ហាញជំនឿ​ថា តាមរយៈ​ដំណើរទស្សនកិច្ច​មកកម្ពុជា​លើកនេះ នឹងជួយ​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំងពីរ ឱ្យកាន់​ស្អិតរមួត​ថែមទៀត៕

អត្ថបទ និង​រូបថត៖ ក្រសួងពាណិជ្ជកម្ម

អត្ថបទ៖ សំភី

អត្ថបទថ្មី
;